វិស័យដឹកជញ្ជូនអាស៊ាន

តើវិស័យដឹកជញ្ជូន និងឡូជីស្ទិកអាស៊ានជួបបញ្ហារកាំរកូសអ្វីខ្លះ?


ប្រសិនបើ ឧបសគ្គនៃការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកអាស៊ាន ត្រូវបានដកចេញនោះ សេដ្ឋកិច្ចរបស់តំបន់អាស៊ាន អាចនឹងប្រសើរជាងនេះ ដោយចំណេញជាង ៤ពាន់ ៥រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ នេះបើយោងតាម របាយការណ៍របស់អង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ស្តីពីការវាយតម្លៃលើការប្រកួតប្រជែងនៃវិស័យភស្តុភារកម្មក្នុងតំបន់អាស៊ាន។
វិស័យដឹកជញ្ជូនអាស៊ាន

អង្គការ​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង ការ​អភិវឌ្ឍ បាន​បង្ហាញ​ថា វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​ផ្ទៃក្នុង​រួម​គ្នា​នៃ​តំបន់​អាស៊ាន ដែល​បច្ចុប្បន្ន​ស្នើ​នឹង ៥% នៃ ផលិតផល​ក្នុងស្រុក​សរុប​របស់​អាស៊ាន និង​ផ្តល់​ការងារ​ជាង ១៧​លាន​កន្លែង​។ ក៏​ប៉ុន្តែ នៅ​តាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន បាន​កើនឡើង​ខ្ពស់​ដល់​ទៅ ២០% នៃ តម្លៃ​ទំនិញ​សរុប ដែល​លើស​ពី​តម្លៃ​ជា​មធ្យម​នៅ​លើ​សកលលោក​ដល់​ទៅ ២​ដង​។

ការ​ពិចារណា​ឡើង​វិញ​ទៅ​លើ បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស នៅ​ក្នុង​វិស័យ​ឡូ​ជី​ស្ទិ​ក គឺជា​រឿង​សំខាន់ ដើម្បី​ជួយ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាច​រីក​ចម្រើន​ជាង​នេះ ព្រោះថា សមាជិក​អាស៊ាន​មួយ​ចំនួន នៅ​តែ​រឹត​បន្តឹង​លើ​ការ​វិនិយោគ​ពី​បរទេស និង ធ្វើ​ឲ្យ​មាន​ផល​លំបាក សម្រាប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស និង ក្នុងស្រុក​។

តាម​ការ​ព្យាករណ៍​របស់​អង្គការ​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ បាន​បង្ហាញ​ថា បើសិនជា ឧបសគ្គ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ត្រូវ​បាន​កាត់​បន្ថយ​ឲ្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ វា​នឹង​ជួយ​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៃ​តំបន់​អាស៊ាន ដល់​ទៅ ១៧% ក្នុង​រយៈពេល​មធ្យម និង វែង​។

អង្គការ​ស្រាវជ្រាវ​ខាងលើ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បើសិនជា ឧបសគ្គ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ឡូ​ជី​ស្ទិ​ក​អាស៊ាន ដែល​រក​ឃើញ​ដោយ​អង្គការ​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ ត្រូវ​បាន​ដក​ចេញ​នោះ សេដ្ឋកិច្ច​របស់​តំបន់​អាស៊ាន អាច​នឹង​ចំណេញ​ជាង ៤​ពាន់ ៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ ដោយ​មិន​ទាន់​រាប់​បញ្ចូល​នូវ លទ្ធផល​ផ្សេង​ៗ  រួម​មាន ការ​បង្កើន​ការងារ​, ឧបសគ្គ​កាន់តែ​ទាប​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការ​កើនឡើង​នូវ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ជាដើម​។

អគ្គលេខាធិការ​នៃ​អង្គការ​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ OECD បាន​និយាយ​ថា ការ​ស្រាវជ្រាវ​នេះ គឺ​ដើម្បី​បង្កើន​ភាព​រឹង​ម៉ាំ និង​គុណភាព​នៃ​ការ​ក្រោក​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​, ជំរុញ​ការ​បើកចំហ​សេដ្ឋកិច្ច និង​ការ​កែទម្រង់​នៃ​ការ​ប្រកួតប្រជែង​ទៅ​វិញ​ទៅ​មក ដែល​វា​នឹង​ក្លាយជា​កត្តា​សំខាន់ ក្នុង​ការ​ជំរុញ​អាជីវកម្ម​ថ្មី​ៗ និង​បង្កើន​ការងារ ជា​ពិសេស​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ស្មើនឹង ៩០% នៃ​សហគ្រាស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសមហាអំណាចធំៗទាំង ១០ ដែលមានការចំណាយលើវិស័យយោធាខ្ពស់បំផុតក្នុងពិភពលោក

ព័ត៌មាន
ការចំណាយលើវិស័យយោធា នៅទូទាំងពិភពលោកត្រូវបានគេសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់ និងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៨៨ មក។ ដោយឡ…

ធនាគារ HSBC ៖ ឧស្សហកម្មវាយនភ័ណ្ឌវៀតណាមមានការធ្លាក់ចុះ បានបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក

ព័ត៌មាន
ការស្រាវជ្រាវរបស់ធនាគារហុងកុង HSBC បានឱ្យដឹងថា ការធ្លាក់ចុះនៃការផលិតនៅក្នុងឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលស្បែក និងស្បែក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ