រដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេសលោក ចន ហៀលឡេ ( John Healey) បានប្រកាសកាលពីពេលថ្មីៗថា ចក្រភពអង់គ្លេសយល់ព្រមផ្គត់ផ្គង់កាំជ្រួច Torpedo សម្រាប់បំពាក់ជាមួយយន្តហោះប្រមាញ់នាវាមុជទឹកសម្រាប់ប្រទេសនៅក្នុងយន្តការ AUKUS។ ទន្ទឹមនឹងផ្តល់កាំជ្រួចបាញ់នាវាមុជទឹក ចក្រភពអង់គ្លេសនឹងបណ្តុះបណ្តាលមន្រ្តីជំនាញអូស្រ្តាលីមួយចំនួនទៀត ដើម្បីប្រតិបត្តិការ ថែទាំ និងគ្រប់គ្រងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ការប្រកាសរបស់ប្រមុខការពារជាតិអង់គ្លេសរូបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយសមភាគីអាម៉េរិក និងអូស្ត្រាលីនៅទីក្រុងឡុងដ៍កាលពីពេលថ្មីៗ។
ប្រមុខការពារជាតិអង់គ្លេសរូបនេះអះអាងថា ការសម្រេចរបស់ខ្លួនមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អង់គ្លេសចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានសុវត្ថិភាពស្របតាមច្បាប់អន្តរជាតិប៉ុណ្ណោះទេ តែវាក៏ជាការផ្ញើសារផងដែរថា សម្ព័ន្ធការពារនេះត្រៀមខ្លួនរួចរាល់នៅក្នុងការទប់ទល់ និងត្រៀមបម្រុងជាស្រេចសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខបន្តទៀត។
លោកបានបន្តទៀតថា កាំជ្រួច Sting Ray ដែលផលិតនៅចក្រភពអង់គ្លេស ក៏នឹងត្រូវបានផ្គត់ផ្គង់ទៅឱ្យដៃគូសម្រាប់បំពាក់លើយន្តហោះប្រមាញ់នាវាមុជទឹក P-8 Poseidon ដើម្បីទប់ទល់នឹងនាវាមុជទឹកដែលមុជទឹកជ្រៅ និងធម្មតាផងដែរ។
ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ អ្នកវិភាគកិច្ចការអន្តរជាតិបានលើកឡើងថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសតាមយន្តការ AUKUS ដែលគេដឹងថា ជាយន្តការភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិកនេះនឹងបង្កើនកម្តៅ និងភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបន្ថែមទៀត។ អ្នកវិភាគបានលើកឡើងថា មហាយក្សចិននឹងមិននៅស្ងៀមឡើយ ខណៈដែលចិននៅពេលនេះកំពុងតែពង្រឹងសមត្ថភាពកងនាវាចររបស់ខ្លួនយ៉ាងសម្បើម៕
ដោយៈ សរ សុជាតិ