វិស័យទេសចរណ៍

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងពិធីបុណ្យចូលឆ្នាំខ្មែរ នឹងក្លាយជាការផ្លាស់ប្ដូរចរន្តសេដ្ឋកិច្ច


ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា ការផ្លាស់ប្ដូរចរន្តសេដ្ឋកិច្ចពីតំបន់មួយទៅតំបន់មួយតាមរយៈការចំណាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ វានឹងជួយធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍កាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ យ៉ាងណាមិញអ្នកជំរុញស្នើឱ្យខេត្តនីមួយៗត្រូវចេះមានការឆ្នៃប្រឌិត និងបង្កើតផលិតទេសចរណ៍ជាអត្តសញ្ញាណរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
វិស័យទេសចរណ៍
ដោយ

កំណើនចលនាដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុង ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ ចាត់ទុកជាសញ្ញាបង្ហាញពីការកម្រើកឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីវិស័យនេះបានរងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលមួយចំនួន។

លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ការធ្វើដំណើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឬមហាសង្រ្កាន្ត នឹងចូលរួមចំណែកដល់ការអភិវឌ្ឍចរន្តសេដ្ឋកិច្ចជាតិបានមួយរយៈពេលខ្លី តាមរយៈការផ្លាស់ប្ដូរភ្ញៀវទេសចរពីតំបន់មួយទៅតំបន់មួយ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាត្រូវតែធ្វើឱ្យវិស័យទេសចរណ៍មានសកម្មភាពជារៀងរាល់ថ្ងៃ តាមរយៈការត្រួតពិនិត្យឡើងវិញក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗបន្ថែមទៀត និងមិនត្រូវផ្ដោតតែលើតំបន់ទេសចរណ៍បែបសម្បត្តិវប្បធម៌​មួយមុខនោះទេ។ អ្នកជំនាញរូបនេះ យល់ឃើញថា នៅតាមបណ្ដាខេត្តនីមួយៗគួរតែបង្កើតអត្តសញ្ញាណរបស់ខ្លួន តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីប្រគួតប្រជែងទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងរង្វង់ខេត្តទៅវិញទៅមក។

​ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ទោះបីឆ្នាំនេះ កម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ក៏ដោយ តែនៅតាមបណ្ដាខេត្តនានា នឹងរៀបចំធ្វើរៀងៗខ្លួន ដែលវានឹងក្លាយជាមហាសង្រ្កាន្តខ្មែរ។ អ្នកជំនាញរូបនេះ ជឿជាក់ថា តាមរយៈមហាសង្រ្កាន្តខ្មែរនឹងជួយជំរុញឱ្យអ្នកទេសចរដើរកម្សាន្តនៅតាមតំបន់ខេត្តគោលដៅទេសចរណ៍នានា ដែលវានឹងក្លាយជាផ្នែកមួយក្នុងការជួយលើកកម្ពស់ និងធ្វើឱ្យចរន្តសេដ្ឋកិច្ចទាំងមូលមានដំណើរការល្អ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ អ្នកដើរកម្សាន្តម្នាក់អាចនឹងចំណាយថវិកាយ៉ាងតិចចំនួន៤០ដុល្លារ ដែលនេះ គឺជាផ្នែកមួយជួយដល់អាជីវកម្មទេសចរណ៍ រួមមាន អាជីវកម្មស្នាក់នៅ និងអាហារដ្ឋានជាដើម។

​កំណើនចលនាដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុង ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ចាត់ទុកជាសញ្ញាបង្ហាញពីការកម្រើកឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីវិស័យនេះ បានរងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលមួយចំនួន។ អ្នកជំនាញរំពឹងថា កំណើនចលនាដើរលេងកម្សាន្តរបស់ទេសចរផ្ទៃក្នុងនេះ វានឹងក្លាយជាជំហានមួយឈានទៅសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញនៅឆ្នាំ២០២៤ នេះ ផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានដាក់ចេញផែនការមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអះអាងថា នៅក្នុងឆ្នាំ២០២៤ នេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានកំណត់គោលដៅ និងផែនការសំខាន…

អំពើពុករលួយ និងជម្លោះដីធ្លីកំពុងក្លាយជាក្តីបារម្ភសម្រាប់ផលិតកម្មរ៉ែនីកែលនៅឥណ្ឌូនេស៊ី

អំពើពុករលួយ និងវិវាទដីធ្លីកំពុងក្លាយជាក្តីកង្វល់ដ៏ធំមួយសម្រាប់វិស័យរ៉ែនីកែលរបស់ឥណ្ឌូនេស៊ី ខណៈក្រុមហ៊ុនក្នុងស្រុកកំពុងបង្កើនគម្រោងជីករ៉ែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ