វិស័យទេសចរណ៍ចាប់ផ្ដើមកម្រើកឡើងវិញ

ផ្ទះសំណាក់ សណ្ឋាគារ នៅតាមខេត្តគោលដៅទេសចរ ត្រូវបានភ្ញៀវកក់ជិតអស់ហើយ ខណៈថ្ងៃឈប់សម្រាកបុណ្យអុំទូកជិតមកដល់


មន្ទីរទេសចរណ៍ខេត្តសក្ដានុពលទេសចរណ៍មួយចំនួនបានអះអាងថា មកទល់ពេលនេះ ផ្ទះសំណាក់សណ្ឋាគារ នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍ ត្រូវបានភ្ញៀវទេសចរបានកក់ទុកជិតអស់ហើយ សម្រាប់ការដើរកម្សាន្ដនៅអំឡុងពេលឈប់សម្រាកបុណ្យអុំទូកនៅក្នុងសប្ដាហ៍នេះ។
ទេសចរលេងកម្សាន្ត នៅឆ្នេរនេសាទ ខេត្តកោះកុង

ការ​កើនឡើង​នៃ​ការ​កក់​បន្ទប់​ផ្ទះសំណាក់ សណ្ឋាគារ​នេះ សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ស្ថានភាព​ទេសចរណ៍​ផ្ទៃក្នុង​របស់​កម្ពុជា​កាន់តែ​មាន​សន្ទុះ​កើនឡើង​កាន់តែ​ខ្លាំង ខណៈ​ដែល​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​បើក​ប្រទេស​ទទួល​ទេសចរ​ចាក់​វ៉ាក់សាំង​រួច​ពី​ក្រៅពី​ប្រទេស​អាច​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ឡើយ​។

ដ្បិតថា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នា​ឆ្នាំ​២០២១​នេះ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​ក៏​ដោយ​ចុះ ប៉ុន្ដែ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឱ្យ​បុគ្គលិក មន្ត្រីរាជការ និង​កម្មករ ទាំងអស់​អាច​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ និង​បន្ត​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យ​ដើរ​កម្សាន្ត​នៅ​តាម​រមណី​ដ្ឋា​ន​ទេសចរណ៍​នានា ទូ​ទាំង​ប្រទេស ដើម្បី​ចូលរួម​ស្ដារ​វិស័យ​ទេសចរណ៍ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ឱ្យ​ងើបឡើង​វិញ​។ ឆ្នាំ​២០២១​នេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​។

លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​គូសបញ្ជាក់​ថា ក្រោយ​មានការ​ប្រកាស​របស់​រាជរដ្ឋាភិបាល ឱ្យ​មានការ​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ ពិសេស​មានការ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ដើរ​កម្សាន្ត អំឡុង​ពិធីបុណ្យ​អុំទូក  ការ​កក់​ផ្ទះសំណាក់ និង​សណ្ឋាគារ នៅ​ក្នុង​ខេត្តសៀមរាប មាន​សកម្មភាព​យ៉ាង​ផុសផុល ដោយ​ប្រធាន​មន្ទីរ​រូប​នេះ បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ផ្ទះសំណាក់ និង​សណ្ឋាគារ ភាគច្រើន​សុទ្ធតែ​មានការ​កក់​ពី​ភ្ញៀវ​។ លោក ង៉ូ​វ សេង​កាក់ មាន​ក្ដី​រំពឹង​ខ្ពស់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​ឆ្នាំ​នេះ ខេត្តសៀមរាប នឹង​មាន​ភ្ញៀវ​ទេសចរ​ច្រើន​មក​កម្សាន្ត ព្រោះ​លោក​យល់​ថា សន្ទុះ​នៃ​ការ​ដើរ​កម្សាន្ត​របស់​ពលរដ្ឋ​កើនឡើង​ជាង​ឆ្នាំ​មុន​។

ជាមួយ​គ្នា​នេះ​ដែរ លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​អះអាង​ថា គិត​មក​ដល់​ពេល​នេះ ផ្ទះសំណាក់ និង​សណ្ឋាគារ ស្ទើរ​ទាំងអស់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ភ្ញៀវ​ទេសចរ​កក់​ទុក​មុន សម្រាប់​ថ្ងៃ​ឈប់​សម្រាក​នា​ពិធីបុណ្យ​អុំទូក​ខាង​មុខ​។ បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូប​នេះ បច្ចុប្បន្ន ខេត្ត​ព្រះ​សីហ​នុ មាន​អាជីវកម្ម​ទេសចរណ៍​ប្រមាណ ២៤០​ទីតាំង ដែល​ភាគច្រើន​ជា​អាជីវកម្ម សណ្ឋាគារ និង​ផ្ទះសំណាក់ ក្នុង​នោះ សណ្ឋាគារ និង​ផ្ទះសំណាក់ ស្ទើរ​១០០​ភាគរយ​ទៅ​ហើយ ដែល​ត្រូវ​បាន​ភ្ញៀវ​កក់​នា​ពិធីបុណ្យ​អុំទូក​។

ចំណែក​ខេត្ត​កែប ឯណោះ​វិញ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ខេត្ត​ព្រះ​សីហ​នុ ដែរ នា​រយៈពេល​ចុង​ក្រោយ​នេះ សកម្មភាព​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន បាន​ដើរ​កម្សាន្ត​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល​។ លោក សោម ចិ​ន្ថា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ខេត្ត​បាន​រៀបចំ និង​កែ​លម្អ​សោ​ភណ្ឌ​ភាព​មួយ​ចំនួន​រួចរាល់​ដើម្បី​ត្រៀម​ទទួល​ទេសចរ​នា​ពេល​ខាង​មុខ ដោយ​ខេត្ត​មាន​ក្ដី​រំពឹង​ខ្ពស់​ថា នា​ឱកាស​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នា​រយៈពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ទៅ​កម្សាន្ត​នៅ​ខេត្ត​កែប​។

សូម​បញ្ជាក់​ថា ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ កាលពី​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ការ​រៀបចំ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ម្ដង​រួច​មក​ហើយ​។ ដោយឡែក នៅ​ឆ្នាំ​២០២១​នេះ ដ្បិតថា ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ចាប់ផ្ដើម​ប្រសើរ​ឡើង​វិញ តែ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ជា​ថ្មី​ម្ដងទៀត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក ជា​លើក​ទី​២​។ ប៉ុន្ដែ ការ​ឈប់​សម្រាក​នៅ​តែ​ផ្ដល់​ជូន បុគ្គលិក មន្ត្រីរាជការ និង​កម្មករ រយៈពេល ៣​ថ្ងៃ​ដដែល ដើម្បី​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា ទួ​ទាំង​ប្រទេស ដោយ​ត្រូវ​គោរព​តាម​វិធាន​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​៕
None



អត្ថបទបន្ទាប់


តើជាង២០ឆ្នាំកន្លងមកនេះ កូរ៉េខាងត្បូងបានបោះទុនវិនិយោគនៅកម្ពុជាប៉ុន្មានពាន់លានដុល្លារ?

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និង កូរ៉េខាងត្បូង ត្រូវបានគេកត់សម្គាល់ឃើញថា មានការរីកលូតលាស់ជាបន្ដបន្ទាប់ ខណៈថ្មីៗនេះ ប្រទេស…

ថៃសង្ឃឹមខ្ពស់ថាសេដ្ឋកិច្ចនឹងងើបឡើង ១,២% នៅក្នុងឆ្នាំនេះ ក្រោយពេលមានការបើកប្រទេសឡើងវិញ

សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២១ ត្រូវបានស្ថាប័នជាតិរបស់ថៃ ព្យាករថា នឹងកើនឡើង ១,២% បន្ទាប់ពីបានដាំក្បាលចុះ ជាង៦% កាលពីឆ្នាំ ២០២០។ កំណើនសេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ