Advertisement
រថយន្តបង់រំលស់

ការទិញរថយន្តបង់រំលស់ ចាប់ផ្តើមពេញនិយមខ្លាំងនៅកម្ពុជា! ហេតុអ្វី?


ការទិញ​លក់​ឡាន​​បង់រំលស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងមានសកម្មភាព​ផុសផុល​ខ្លាំង​នៅកម្ពុជា។ ឈ្មួញលក់ឡាន លោក ប៊ុន រតនា បានឲ្យដឹងថា ខុសពីអតីតកាលដែលប្រជាជនខ្មែរមានផ្នត់គំនិតខ្មាសអៀននៅពេលទិញឡានបង់រំលស់ ប៉ុន្ដែ បច្ចុប្បន្ន ពលរដ្ឋខ្មែរ ចាប់ផ្តើមប្តូរគំនិត ដោយងាកមកគាំទ្ររថយន្តបង់រំលស់ទៅវិញ។
លោក ប៊ុន រតនា អគ្គនាយកក្រុមហ៊ុន S-AUTO CAMBODIA
ដោយ
Advertisement

លោក ប៊ុន រតនា បានថ្លែងយ៉ាងដូច្នេះថា៖ «ជាទូទៅហាងខ្ញុំ លក់ដាច់ឡានបង់រំលស់ច្រើន ដោយសារ ប្រជាជនយើង ចង់ទិញរថយន្ត ហើយអត់មានលុយគ្រប់។ ដូច្នេះ គាត់មានជម្រើសតែមួយ គឺទិញរថយន្តបង់រំលស់។ ឥឡូវពួកគេពេញនិយមច្រើន តែកាលមុន ពួកគាត់ខ្មាសនៅពេលទិញឡានបង់រំលស់»។  

តាមពិតទៅ ការទិញរថយន្តបង់រំលស់ គឺជានិន្នាការថ្មីមួយនៅកម្ពុជា ប៉ុន្ដែ រថយន្តបង់រំលស់ បានដំណើរការច្រើនឆ្នាំមកហើយនៅក្នុងទីផ្សារប្រទេសជឿនលឿនជាច្រើននៅជុំវិញពិភពលោក។ បើតាមលោក ប៊ុន រតនា ការទិញរថយន្តបង់រំលស់ មិនមែនជារឿងខ្មាសអៀននោះទេ តែផ្ទុយទៅវិញ វាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន។ 

លោក ប៊ុន រតនា អគ្គនាយកក្រុមហ៊ុន S-AUTO CAMBODIA

លោក ប៊ុន រតនា ពន្យល់យ៉ាងដូច្នេះថា៖ «បើនិយាយពីផលវិជ្ជមាន គឺមានកត្តាពីរ ទី១ គាត់អាចមានថវិកាអត់គ្រប់គ្រាន់មែន តែគាត់អាចទិញរថយន្តបាន។ ទីពីរ ទោះគាត់មានថវិកាគ្រប់ តែគាត់អត់ចង់ទិញបង់ប្រាក់ទាំងអស់ ដោយគាត់បង់រំលស់ ដើម្បីសល់លុយខ្លះទៅរកស៊ី។…បើកត្តាអវិជ្ជមាន នៅពេលទិញរថយន្តបង់រំលស់ គាត់ត្រូវអស់ការប្រាក់»។ 

បច្ចុប្បន្ននេះ មានស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារជាច្រើន បានសហការជាមួយឈ្មួញ ឬក្រុមហ៊ុនលក់រថយន្ត ម៉ូតូ  ឬទូរស័ព្ទជាដើម ដើម្បីផ្តល់សេវាកម្ចីដល់អតិថិជនសម្រាប់ទិញសម្ភារទាំងនេះ។ លោក យុន សុវណ្ណា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិក១០៣ក្រុមហ៊ុន បានឲ្យដឹងថា មុនទិញរបស់របរបង់រំលស់ ពលរដ្ឋគួរទិញរបស់ណាដែលចាំបាច់បំផុត និងពិនិត្យឲ្យបានច្បាស់លាស់លើលំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីចៀសវាងបញ្ហាគ្មានប្រាក់សងត្រឡប់ទៅម្ចាស់បំណុលវិញ។  

លោក យុន សុវណ្ណា ប្រាប់ខេមបូណូមីសថា៖ «ការប្រើប្រាស់សេវាហរិញ្ញវត្ថុ មិនមែនសុទ្ធតែជាឱសថទិព្វសម្រាប់ការព្យាបាលគ្រប់កាលៈទេសៈនោះទេ គឺត្រូវពិនិត្យឲ្យបានស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីសមត្ថភាព និងលំហូរសាច់ប្រាក់នៅពេលអនាគតរបស់គ្រួសារមុននឹងយើងសម្រេចចិត្តប្រើសេវាហិរញ្ញវត្ថុយកទៅទិញសម្ភារ។ ពលរដ្ឋគួរតែប្រើសេវាហិរញ្ញវត្ថុនេះ ទិញសម្ភារណាដែលចាំបាច់ ត្រូវការប្រើប្រាស់ពិតប្រាកដ កុំព្រោះតែសម្ភារនិយម ហើយធ្វើការសម្រេចចិត្តដោយមិនយោងតាមស្ថានភាពជាក់ស្តែង ដែលអាចនឹងធ្វើឲ្យខ្លួន និងគ្រួសារមានបញ្ហា»។ 

បើតាមលោក យុន សុវណ្ណា ពលរដ្ឋមិនគួរចំណាយប្រាក់លើសពី១០ភាគរយនៃចំណូលប្រចាំខែ ដើម្បីទិញសម្ភារប្រើប្រាស់នោះទេ ហើយគួរតែទិញសម្ភារដោយផ្អែកលើតម្រូវការចាំបាច់ ជាជាងទិញរបស់ដោយផ្អែកលើចំណង់ ដើម្បីចៀសវាងហានីភ័យនៃបំណុលវ័ណ្ដកនៅថ្ងៃខាងមុខ៕


© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំក្រោយ វៀតណាមគ្រោងដំឡើងប្រាក់ឈ្នួលអប្បរមាដល់ ១៨០ដុល្លារ សម្រាប់កម្មករនិយោជិត

ព័ត៌មាន
នៅឆ្នាំ២០១៩ខាងមុខនេះ វៀតណាមគ្រោងនឹងដំឡើងប្រាក់ឈ្នួលបន្ថែមដល់កម្មករនិយោជិត ប្រមាណ៧ ទៅ ៩ដុល្លារបន្ថែម ក្នុងមួយខែ ដោយការដំឡើងនេះ ធ្វើឡើង...

ក្រុមហ៊ុន​ឧកញ៉ា​ សៀ ឫទ្ធី ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ UNDP និង UNIDO លើគម្រោងធំៗ៣

ព័ត៌មាន
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ៍កម្ម ហៅកាត់ថា UNIDO បានចុះហត្ថលេខាលើ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ