ទេសចរការធ្លាក់ចុះ អ្នកឆ្លងកូវីដកើនឡើង

ភ្ញៀវទេសចរទៅកម្សាន្តនៅគោលដៅនានាមានការធ្លាក់ចុះ ក្រោយចំនួនអ្នកឆ្លងកូវីដកើនឡើងខ្លាំងនៅប៉ុន្មានសប្ដាហ៍មកនេះ


ភ្ញៀវទេសចរទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍មួយចំនួនមានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីចំនួនអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុងមានការកើនឡើងខ្ពស់។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស កាលពីសប្តាហ៍មុន បានធ្លាក់ចុះក្នុងរង្វង់៤%។
ទេសចរការធ្លាក់ចុះ ព្រោះអ្នកឆ្លងកូវីដកើនឡើង

ការធ្លាក់ចុះនេះ គឺដោយសារប្រជាពលរដ្ឋបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា ខណៈវិបត្តិនៅអ៊ុយក្រែនមិនបានមិនប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជានោះទេ។ អ្នកជំនាញសង្កេតឃើញថា ចរន្តភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ។ 

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍សង្កេតឃើញថា ចំនួនភ្ញៀវទេសចរដើរលេងកម្សាន្តក្របខណ្ឌក្នុងស្រុកហាក់មានការថមថយនៅមួយរយៈចុងក្រោយ។ ជាក់ស្តែងចំនួនភ្ញៀវទេសចរ ដែលត្រូវបានវាយតម្លៃមានក្នុងរង្វង់ ២០ម៉ឺននាក់បានធ្វើដំណើរកម្សាន្តទៅតាមមគោលដៅទេសចរណ៍នានាទូទាំងប្រទេសក្នុង១សប្តាហ៍ បានធ្លាក់ចុះ៤% បើធៀបនឹងកាលពីសប្តាហ៍កន្លងទៅ។ អ្នកនាំពាក្យរូបនេះវាយតម្លៃថាការធ្លាក់ចុះនេះអាចបណ្តាលមកពីប្រជាពលរដ្ឋខ្លះមិនហ៊ានចេញធ្វើដំណើរកម្សាន្ត ដោយសារបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលមានការកើនឡើងខ្លាំងនៅកម្ពុជា។ 

ទន្ទឹមនឹងនេះ ឯកឧត្តម តុប សុភ័ក បានគូសបញ្ជាក់ថា បញ្ហាវិបត្តិនៅអ៊ុយក្រែនថ្មីៗនេះ មិនជះឥទ្ធិពលធ្ងន់ធ្ងរ ឬធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ក្រៅប្រទេសរបស់កម្ពុជានោះទេ។ មិនប៉ះពាល់ ក៏ដោយសារបច្ចុប្បន្នភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍នានានៅកម្ពុជាភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ខណៈភ្ញៀវទេសចរមកពីក្រៅប្រទេសនៅមានចំនួនតិចតួចនៅឡើយ។ 

ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាសង្កេតឃើញថា ទោះបីបច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុងនៅកម្ពុជាមានការកើនឡើងក៏ដោយ តែការធ្វើដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកនៅតែមានចរន្ត គ្រាន់តែមានការថមថយបន្តិច។ លោកជឿជាក់ថា បើគ្មានការបិទតំបន់ ឬផ្អាកការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយទេនោះ ភ្ញៀវទេសចរក្របខណ្ឌក្នុងស្រុកនឹងនៅតែធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាជាធម្មតា។ ការជឿជាក់បែបនេះ ដោយសារលោកគិតថា ផ្នត់គំនិតរបស់ប្រជាជនកម្ពុជាហាក់ស៊ាំនឹងជំងឺរាតត្បាតមួយនេះ ក្រោយពួកគេបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានអះអាងប្រហាក់ប្រហែលគ្នាថា ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តទាំងពីរហាក់មានការថយចុះនៅពីរសប្តាហ៍ចុងក្រោយ។ ពោលគឺបន្ទាប់ពីតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងខ្ពស់រហូតដល់៣ខ្ទង់នៅរយៈពេលជាង១០ថ្ងៃកន្លងមកនេះ។ លោក សុចិត្រគ្រឹស្នា បានវាយតម្លៃថា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុមានការធ្លាក់ចុះមិនក្រោម៣០% នោះឡើយ ដែលធ្វើតំបន់ទេសចរណ៍ និងរមណីយដ្ឋាននៅជាប់មាត់សមុទ្រមួយចំនួនហាក់មានសភាពស្ងាត់។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅសប្តាហ៍ទីពីរក្នុងខែកុម្ភៈ កន្លងទៅមានភ្ញៀវទេសចរជាង៦ម៉ឺន១ពាន់នាក់បានធ្វើដំណើរកម្សាន្តនៅខេត្តព្រះសីហនុ មានការថុះជាង៦១% បើធៀបនឹងសប្តាហ៍ទី១។ ខណៈកាលពីសប្តាហ៍មុនខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង៤ម៉ឺន៥ពាន់នាក់មានការថយចុះ២៦% បើធៀបនឹងសប្តាហ៍ទីពីរ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់នៃខេត្តក្វាងស៊ីប្រទេសចិនអនុញ្ញាតឲ្យកម្ពុជានាំចេញដំឡូងមីស្ងួត៤០ម៉ឺនតោន

ព័ត៌មាន
ដំឡូងមីក្រៀមរបស់កម្ពុជានៅឆ្នាំនេះ កំពុងមានទីផ្សារកាន់តែល្អប្រសើរ ខណៈដែលទីផ្សារនាំចេញទៅកាន់ប្រទេសចិនក៏បាននិងកំពុងពង្រីកជាបន្ដបន្ទាប់ដែរ។…

តើកម្ពុជានឹងមានការជម្លៀសប្រជាជនចេញពីអ៊ុយក្រែនដែរឬទេ?

ព័ត៌មាន
ស្របពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កាន់តែយ៉ាប់យ៉ឺន មានប្រទេសមួយចំនួនកំពុងត្រៀមជម្លៀសប្រជាជនរបស់ខ្លួនចេញពីអ៊ុយក្រែន និងប្រទេសមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ