បើតាមការឲ្យដឹងពីក្រុមហ៊ុន រថយន្តទាំងពីរម៉ូឌែលរបស់ Toyota ដែលគ្រោងនឹងផ្អាកការផលិតនោះរួមមាន ម៉ូឌែល «Lexus» និង «Land Cruiser» ដោយក្នុងនោះម៉ូឌែល «Lexus» នឹងចាប់ផ្តើមផ្អាកការផលិតចាប់ពីថ្ងៃទី៣ ខែសីហា ខណៈម៉ូឌែល «Land Cruiser» ផ្អាកចាប់ពីថ្ងៃទី៥ ខែសីហាតទៅ។
ប្រភពដដែលបានឲ្យដឹងទៀតថា ដំណើរការផ្អាកផលិតរថយន្តទាំងពីរម៉ូឌែលខាងលើនេះ នឹងកាត់បន្ថយផលិតកម្មរថយន្តក្នុងចំនួនជាង ៥.០០០ ពាន់គ្រឿង។ ជាក់ស្តែង ក្រោយប្រទេសថៃបានធ្លាក់ក្នុងរលកឆ្លងកូវីដ១៩ គួបផ្សំនឹងវិធានការបិទខ្ទប់ផង រោងចក្ររបស់ Toyota ក្នុងប្រទេសនេះចំនួន៣កន្លែង ត្រូវបានផ្អាកដោយសារមិនមានវត្ថុធាតុដើមគ្រប់គ្រាន់ដើម្បីផលិត។
មិនត្រឹមតែផលិតកម្មនៅក្នុងប្រទេសអាស៊ាននោះទេដែលរងផលប៉ះពាល់ សូម្បីតែផលិតកម្មនៅក្នុងប្រទេសជប៉ុនក៏ត្រូវផ្អាកដំណើរការជារឿយៗផងដែរ ដោយហេតុថា រោងចក្រផលិតគ្រឿងបង្គុំរបស់ Toyota នៅវៀតណាមត្រូវបិទទ្វារមួយរយៈ ក្រោយមានការផ្ទុះឆ្លងរាលដាលកូវីដ១៩ ក្នុងចំណោមកម្មករ និងក្នុងតំបន់រោងចក្រនៃប្រទេសមួយនេះ។
គួរជម្រាបថា ប្រការនេះនឹងបន្ថែមសម្ពាធលើក្រុមហ៊ុន Toyota បន្ថែមទៀត ដោយសារតែកន្លងមក ខ្លួនបានកាត់បន្ថយផលិតកម្មរថយន្តអស់មួយភាគធំទៅហើយ ដោយសារតែបញ្ហាខ្វះខាតបន្ទះឈីប។
សូមបញ្ជាក់ថា ក្រុមហ៊ុន Toyota មិនរំពឹងថា ផលិតកម្មរថយន្តរបស់ខ្លួនក្នុងប្រទេសអាស៊ានទាំងនេះ នឹងវិលមករកសភាពដើមក្នុងពេលឆាប់ៗវិញនោះទេ ដោយសារតែខ្លួនបានមើលឃើញពីសន្ទុះឆ្លងកូវីដ១៩ដ៏ខ្លាំងក្លានៅក្នុងប្រទេសថៃ បូករួមនឹងការកម្រើកឡើងវិញនៃករណីឆ្លងក្នុងប្រទេសវៀតណាម និងបណ្តាប្រទេសផ្សេងៗទៀតនៃតំបន់អាស៊ាន ដែលមានទីតាំងរោងចក្ររបស់ខ្លួន។
ប្រទេសថៃនៅព្រឹកថ្ងៃពុធទី២៨ ខែកក្កដាម្សិលមិញ បានបន្តរកឃើញអ្នកឆ្លងថ្មីប្រមាណជាង ១ម៉ឺន៦ពាន់នាកបន្ថែមទៀត ស្របពេលដែលវៀតណាមរកឃើញជិត ៣ពាន់ករណីបន្ថែមទៀត៕