គំរូសំណង់អង្គរវត្តសង់ក្នុងទឹកដីថៃ

គំរូសំណង់អង្គរវត្តសង់ក្នុងទឹកដីថៃ៖ ក្រសួងវប្បធម៌ និងស្ថានទូតខ្មែរនៅថៃ កំពុងប្រមូលព័ត៌មាន ដើម្បីឈានទៅចាត់វិធានការបន្ដ


នៅប៉ុន្មានថ្ងៃនេះ មានការផ្ទុះការចែកចាយតាមរយៈបណ្ដាញសង្គមអំពីរូបភាពសំណង់ប្រាសាទកំពុងសាងសង់មួយកន្លែងនៅប្រទេសថៃដែលទម្រង់រចនាបថស្រដៀងគ្នាខ្លាំងទៅនឹងប្រាសាទអង្គរវត្ត ដែលជាកេរដំណែលតាំងពីបុព្វបុរសដូនតាខ្មែរ ជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបាន និងមានតែមួយគាត់របស់កម្ពុជា។ ជុំវិញនឹងបញ្ហានេះ ក្រសួង​វប្បធម៌ និងស្ថានទូត​កម្ពុជា​ប្រចាំប្រទេសថៃ កំពុង​ញាប់ដៃញាប់ជើង​ក្នុងការប្រមូលព័ត៌មាននានា​ជុំវិញ​ករណីនេះ ដើម្បីឈានទៅចាត់វិធានការបន្ដទៀត។
គំរូសំណង់អង្គរវត្តសង់ក្នុងទឹកដីថៃ៖ ក្រសួងវប្បធម៌ និងស្ថានទូតខ្មែរនៅថៃ កំពុងប្រមូលព័ត៌មាន ដើម្បីឈានទៅចាត់វិធានការបន្ដ (រូបភាព ពីហ្វេសប៊ុក)
ដោយ

ទន្ទឹមនឹងមានការចែករំលែកតៗគ្នាតាមបណ្ដាញហ្វេសប៊ុក ក៏មានអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកមានការប្រតិកម្ម និង រិះគន់ខ្លាំងៗទៅលើការសាងសង់សំណង់ប្រាសាទស្រដៀងគ្នានេះផងដែរ។ ជុំវិញទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ខេមបូណូមីសថា បច្ចុប្បន្ន ក្រសួងវប្បធម៌កំពុងស្រាវជ្រាវស្វែងរកព័ត៌មានបន្ថែមពីសំណង់ប្រាសាទដែលកំពុងសាងសង់នៅប្រទេសថៃនេះ ហើយបើតាមព័ត៌មានបឋមបានឲ្យដឹងថា ប្រាសាទនេះ កំពុងសាងសង់ឡើងនៅក្នុងខេត្តប៊ុរីរ៉ាំ ក្នុងទឹកដីថៃ។ ទោះយ៉ាងណា ចំណាត់ការបែបណាបន្ដទៀតនោះ ត្រូវបានអ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ គូសបញ្ជាក់ថា ត្រូវរង់ចាំការរាយការណ៍ព័ត៌មានលម្អិតមកវិញ ពីសំណាក់អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃជាមុនសិន។

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បាននិងកំពុងតែធ្វើការស្រាវជ្រាវព័ត៌មានយ៉ាងយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវព័ត៌មានអំពីគំរូនៃការសាងសង់ប្រាសាទមួយកន្លែងនៅក្នុងប្រទេសថៃ ដែលមានរូបរាងស្រដៀងគ្នាខ្លាំងទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា។

បើតាមឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានប្រាប់ខេមបូណូមីសឲ្យដឹងថា ក្រសួងបានចាត់កុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃរួចរាល់ហើយ ដើម្បីទៅសិក្សាសា្រវជ្រាវអំពីព័ត៌មានជាក់លាក់ ចំពោះការសាងសង់ប្រាសាទអង្គវត្តរបស់ខ្មែរនៅក្នុងខេត្តបុរីរាមប្រទេសថៃមួយនេះ មុននឹងឈានទៅចាត់វិធានការតាមផ្លូវច្បាប់បន្ដទៀត។

ពាក់ព័ន្ធទៅនឹងប្រទេសថៃយកគំរូសាងសង់ដូចទៅនឹងរចនាបទប្រាសាទអង្គរវត្តរបស់កម្ពុជានេះដែរត្រូវបាន ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃ​ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បញ្ជាក់អះអាងថា ថ្មីៗនេះស្ថានទូតបានទទួលព័ត៌មានតាមបណ្ដាញហ្វេសប៊ុកដែលចែករំលែកតៗគ្នា ថាមានវត្តមួយឈ្មោះ ភូម៉ានហ្វា (សំណាក់សង្ឃ) នៅក្នុងឃុំម៉ានស៊ិង, ស្រុកណាងរ៉ង, ខេត្តប៊ុរីរ៉ាំ នៃប្រទេសថៃ បាននិងកំពុងសាងសង់ប្រាសាទមួយដែលមានរចនាបទចម្លងពីអង្គរវត្ត។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានបញ្ជាក់ទៀតថា ស្ថានទូតបានសហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ចាត់មន្ត្រីចុះពិនិត្យទីតាំងជាក់ស្ដែង ប៉ុន្តែ មិនត្រូវបានអនុញ្ញាតឲ្យចូលដោយសារតែការផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ ខ្លាំង។

ឯកឧត្តម អ៊ូក សោភ័ណ បានឲ្យដឹងទៀតថា នៅពេលនេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថាថៃ បានធ្វើការជាមួយមេប៉ុស្ដិ៍ ស្រុកណាងរ៉ង ខេត្តប៊ុរីរ៉ាំ របស់ថៃដើម្បីសុំចូលជួប និង សុំការបំភ្លឺពីចៅអធិការវត្តខាងលើពាក់ព័ន្ធនឹង ព័ត៌មានខាងលើ ជាពិសេស ពីរចនាបទនេះ ថាតើមានការចម្លងពីអង្គរវត្ត ឬ រចនាបទណាមួយរបស់ខ្មែរ។ បច្ចុប្បន្ន ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក កំពុងរង់ចាំព័ត៌មានលម្អិតជុំវិញបញ្ហានេះ។

ពាក់ព័ន្ធទៅនឹងប្រទេសដទៃយកគំរូសាងសង់ដូចទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជានេះដែរ ត្រូវបាន លោក ហូវណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថា បញ្ហានេះ វាមិនមែនជាលើកទី១នោះទេ ពោលគឺកន្លងមកនៅប្រទេសឥណ្ឌា ក៏ធ្លាប់យកគំរូសាងសង់ប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅសាងសង់នៅប្រទេសឥណ្ឌាដែរ ប៉ុន្ដែបន្ទាប់ពីមានការសម្រុះសម្រួលពីខាងរដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងសាងសង់នោះ ក៏ត្រូវបានផ្អាកទៅវិញ។ 

លោក ហូ វណ្ណឌី បន្ថែមថា បញ្ហាយកគំរូប្រាសាទអង្គរវត្តតែមួយគត់របស់កម្ពុជា ទៅសាងសង់នៅប្រទេសផ្សេងទៀតនេះ ពិតណាស់គឺវាមានការប៉ះពាល់ច្រើនចំពោះប្រទេសកម្ពុជា រួមទាំងវិស័យទេសចរផងដែរ។

សូមបញ្ជាក់ថា ប្រាសាទអង្គរវត្ត គឺជាកេរដំណែលពីបុព្វបុរសខ្មែរ ហើយជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបាន និងមានតែមួយគាត់របស់កម្ពុជា។ ប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលគិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណ ២៩ឆ្នាំហើយ។ ក្រៅតែស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ ប្រាសាទអង្គរវត្តក៏ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើលោកជាច្រើនឆ្នាំជាប់ៗគ្នា ពីស្ថាប័នអន្តរជាតិមួយដែលមានឈ្មោះថា TripAdvisorផងដែរ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ហ្គោលដេន ផាក បើក​លក់​មុន​សម្ពោធ​គម្រោង ជាមួយការ​បញ្ចុះ​តម្លៃរហូត​ដល់ 12%

ព័ត៌មាន
នៅថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2021 បុរី ហ្គោលដេន ផាក នឹង​ធ្វើការ​បើក​លក់​មុន​សម្ពោធ​គម្រោង នូវ​គម្រោង ដឹណេតឆឹរ៉ល ដែល​មាន​សួន​ធម្មជាតិ...

អ្នកជំនាញរំពឹងថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា នឹងទាក់ទាញវិនិយោគិបបរទេសកាន់តែច្រើន

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថាសេចក្ដីព្រាងច្បាប់វិនិយោគថ្មី នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សា នៅក្នុងកិច្ចប្រជុំពេញ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ