វិស័យដឹកជញ្ជូន

ប្រទេសនៅអាស៊ីមួយចំនួនគ្រោងយកពន្ធស្ទះចរាចរណ៍លើរថយន្ត ដែលបើកកាត់ទីក្រុងធំៗ


ការបង់ពន្ធលើការស្ទះចរាចរណ៍កំពុងកើនឡើងនៅតាមទីក្រុងធំៗមួយចំនួននៅតំបន់អាស៊ី ដោយរដ្ឋធានីរបស់ឥណ្ឌា ថៃ និងវៀតណាម គ្រោងអនុវត្តផែនការគិតថ្លៃលើរថយន្ត ដែលបើកបរនៅលើផ្លូវនៅកណ្តាលរដ្ឋធានី និងទីក្រុងធំៗ។ ការគ្រោងអនុវត្តវិធានការនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត និងរក្សាតុល្យភាពនៃការបំពុលបរិយាកាស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យដឹកជញ្ជូន
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ប្រទេសឥណ្ឌានឹងយកពន្ធលើការកកស្ទះចរាចរណ៍ក្នុងពេលឆាប់ៗខាងមុខនេះនៅតាមទីប្រជុំជនចំនួន១៣ នៅកណ្ដាលរដ្ឋធានីញូវដេលី។ ថ្លៃសេវានេះនឹងត្រូវប្រមូលចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១០ព្រឹក និងពេលល្ងាចបចាប់ពីម៉ោង៥:៣០នាទីដល់ម៉ោង៧:៣០យប់ ជាពេលវេលាមួយដែលមានការស្ទះចរាចរណ៍ខ្លាំងបំផុត ហើយវិធានការនេះ ក៏កំពុងស្ថិតក្រោមការពិចារណាសម្រាប់ទីក្រុងបេនហ្កាលូរូ ភាគខាងត្បូងប្រទេសឥណ្ឌា ផងដែរ។

ហើយថ្មីៗនេះ រដ្ឋាភិបាលថៃ បានគូសបញ្ជាក់អំពីផែនការគិតថ្លៃចាប់ពី៤០បាត ទៅ៥០បាត ឬប្រហែលពី១,១៦ដុល្លារ ទៅ១,៤៥ដុល្លារ ក្នុងមួយថ្ងៃ សម្រាប់យានយន្ត ដែលធ្វើដំណើរឆ្លងកាត់កណ្តាលទីក្រុងបាងកក ខណៈដែលព័ត៌មានលម្អិតរួមទាំងតំបន់គោលដៅ និងការប្រមូលកម្រៃនឹងត្រូវបង្ហាញឱ្យដឹងនៅឆ្នាំ២០២៥ ខាងមុខនេះ។

យានយន្តដែលធ្វើចរាចរណ៍នៅកណ្តាលទីក្រុងបាងកក បានឈានដល់៧០ម៉ឺនគ្រឿង ក្នុងមួយថ្ងៃ ដូច្នេះហើយរដ្ឋាភិបាលថៃ គ្រោងនឹងយកពន្ធលើការស្ទះចរាចរណ៍នៅឆ្នាំក្រោយនេះ។ បើតាមការវិភាគមួយចំនួនបានប៉ាន់ប្រមាណថា ពន្ធលើការស្ទះចរាចរណ៍នេះត្រូវបានគេព្យាករថា នឹងបង្កើតបានប្រាក់ចំណូលប្រចាំឆ្នាំប្រហែលជិត៣០០លានដុល្លារ។

ជាមួយគ្នានេះ ប្រទេសវៀតណាម ក៏កំពុងពិចារណាអំពីការយកថ្លៃលើការកកស្ទះចរាចរណ៍សម្រាប់រដ្ឋធានីហាណូយផងដែរ ដោយគ្រោងនឹងប្រមូលថ្លៃសេវានៅតាមគោលដៅប្រហែល១០០ទីតាំងស្ថិតនៅជុំវិញរដ្ឋធានីនេះ ខណៈដែលផែនការហាមប្រាមយានយន្តប្រើឧស្ម័នមិនបើកនៅតាមតំបន់មួយចំនួននៅទីក្រុងហាណូយ ក៏នឹងចូលជាធរមាននៅឆ្នាំ២០៣០ ហើយទោចក្រយានយន្ត ឬម៉ូតូនឹងត្រូវបានសាកល្បងហាមឃាត់មុនគេនៅឆ្នាំ២០២៥ ដើម្បីស្ទង់មើលប្រសិទ្ធភាពនៃផែនការនេះ។

ការកកស្ទះចរាចរណ៍បានក្លាយជាបញ្ហាសង្គមមួយនៅតំបន់អាស៊ី ដោយសារប្រជាជនបានបម្លាស់ទីទៅរស់នៅក្នុងទីក្រុង ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែច្រើនឡើង ដូច្នេះហើយវាក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ពន្ធផ្លូវដែក និងមធ្យោបាយធ្វើដំណើរផ្សេងទៀត ហើយវាក៏បានបង្កការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


កូនស្រីលោក ឌូធឺតេ រងការស៊ើបអង្កេតពាក់ព័ន្ធនឹងការគំរាមសម្លាប់ប្រធានាធិបតី ម៉ាកូស

ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍មុន បាននិយាយថា ការិយាល័យរបស់លោកនឹងផ្ទៀងផ្ទាត់លើការគំរាមកំហែងធ្វើឃាត ដែលត្…

ឥឡូវនេះ អតិថិជនអាចទិញទំនិញលើផ្សារខេមបូឌាត្រេដ តាមរយៈ អេប អេស៊ីលីដា បានយ៉ាងងាយស្រួល

ឥឡូវនេះ លោកអ្នកអាចប្រើប្រាស់ អេប ធនាគារ អេស៊ីលីដា ដើម្បីធ្វើការទូទាត់ប្រតិបត្តិការទិញ-លក់ទំនិញលើផ្សារខេមបូឌាត្រេ បានយ៉ាងស្រួល រហ័ស និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ