ផលិតផលកាត់ដេរបង់ក្លាដេស

ផលិតផលកាត់ដេរបង់ក្លាដេសសម្លឹងរកទីផ្សារនៅអាស៊ី ក្រោយតម្រូវការពីលោកខាងលិចធ្លាក់ចុះ


ឧស្សាហកម្មសម្លៀកបំពាក់ដ៏ធំរបស់ប្រទេសបង់ក្លា ដែលជាដៃគូប្រជែងដ៏ធំមួយរបស់កម្ពុជានោះ កំពុងស្វែងរកទីផ្សារថ្មីនៅប្រទេសក្នុងតំបន់អាស៊ីដូចជាជប៉ុន និងកូរ៉េខាងត្បូងជាដើម ដោយសង្ឃឹមថានឹងពង្រីកមូលដ្ឋានអតិថិជនថ្មីៗរបស់ខ្លួនក្នុងតំបន់មួយនេះ។ ការសម្លឹងចង់ផ្លាស់ប្តូរទីផ្សារផលិតផលកាត់ដេរនេះ ធ្វើឡើងក្រោយអតិផរណាបាននិងកំពុងកើនឡើងនៅទីផ្សារចាស់ៗរបស់ខ្លួនដូចជា នៅអាមេរិកខាងជើង និងអឺរ៉ុប ដែលបានរារាំងនិងធ្វើឱ្យធ្លាក់ចុះការបញ្ជាទិញជាលំដាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
ផលិតផលកាត់ដេរបង់ក្លាដេសសម្លឹងឃើញទីផ្សារនៅអាស៊ី!

រោងចក្រអ្នកផលិតសម្លៀកបំពាក់នៅបង់ក្លាដេស បានរួមចំណែកប្រហែលមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុប និងច្រើនជាង ៨០% នៃប្រាក់ចំណូលបានពីការនាំចេញសរុបរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។

យ៉ាងណាមិញ បច្ចុប្បន្នពួកគេកំពុងប្រឈមមុខនឹងតម្រូវការបញ្ជាទិញធ្លាក់ចុះ។ ធ្លាក់ចុះក៏ដោយសារតែប្រទេសអ្នកបញ្ជាទិញសំខាន់ៗពីបង់ក្លាដេសរួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច អតិផរណាកើនឡើង ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ គួរបញ្ជាក់ថា ៣ភាគ៤ នៃផលិតផលកាត់ដេររបស់បង់ក្លាដេសគឺមានទីផ្សារធំ នៅអាមេរិក និងអឺរ៉ុប។

ប្រទេសចំនួន៩ រួមមាន កាណាដា សហរដ្ឋអាមេរិក បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស ជាទីផ្សារសំខាន់ជាងគេ តំណាងឱ្យច្រើនជាង ៧០% នៃការនាំចូលផលិតផលកាត់ដេរសម្រេច ពីបង់ក្លាដែស។ ក្នុងនោះអតិថិជនសំខាន់ៗរួមមានហាងលក់សំលៀកបំពាក់ទាន់សម័យ H&M, Primark និង Zara គួបផ្សំនឹងហាងលក់រាយនៅសហរដ្ឋអាមេរិកមួយចំនួនទៀតដូចជា Walmart និង Target។ នេះបើយោងតាមទិន្នន័យពីធនាគារកណ្តាលរបស់បង់ក្លាដេស។

លោក សាហ៊ីតឌូឡា អាហ្ស៊ីម(Shahidullah Azim) អនុប្រធានសមាគមរោងចក្រកាត់ដេរបង់ក្លាដេសប្រាប់សារព័ត៌មាន Nikkei ថាបច្ចុប្បន្នរោងចក្រភាគច្រើនកំពុងទទួលបានការបញ្ជាទិញតិចជាងមុន ៣០% សម្រាប់រដូវរងា។ ប្រធានសមាគមនរូបនេះបន្តថា ដើម្បីទប់ទល់នឹងភាពអាប់អួរនៃសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយសកល បង់ក្លាដេសបានចាប់ផ្តើមស្វែងរកទីផ្សារនាំចេញដែលនៅក្បែរតំបន់ជំនួសវិញ ក្នុងនោះគេបានសម្លឹងឃើញ ទីផ្សារប្រទេសជប៉ុន និងកូរ៉េ។

គួរជម្រាបថា ស្ថានភាពសេដ្ឋកិច្ចនៅបង់ក្លាដេសឥលូវនេះ ក៏មិនសូវជាល្អប៉ុន្មានដែរ។ ការរក្សាបរិមាណនាំចេញឱ្យបានល្អមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសបង់ក្លាដេស ដើម្បីបញ្ចៀសការធ្លាក់ចុះនៃទុនបំរុងបរទេស។ ជាក់ស្តែង ទុនបម្រុងរូបិយបណ្ណបរទេសរបស់បង់ក្លាដេសបានធ្លាក់ចុះពីជិត៤៦ពាន់លានដុល្លារកាលពីឆ្នាំមុន មកនៅក្រោម ៤០ពាន់លានដុល្លារ គិតត្រឹមចុងខែកក្កដាឆ្នាំនេះ។

រដ្ឋាភិបាលទីក្រុងដាកា កាលពីពេលថ្មីៗនេះទើបបានស្នើសុំ IMF សម្រាប់ប្រាក់កម្ចីចំនួន ៤,៥ពាន់លានដុល្លារ ដើម្បីជួយសម្រាលហានិភ័យនៃអស្ថិរភាពសេដ្ឋកិច្ចក្រោយមើលឃើញការលំបាកនៃប្រទេសជិតខាងដូចជាស្រីលង្កា និងប៉ាគីស្ថានជាដើម។

សូមបញ្ជាក់ថា ប្រទេសបង់ក្លាដែសគឺជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន។ ជាក់ស្តែង ការនាំចេញសម្លៀកបំពាក់ដែលជាផលិតផលសម្រេច បានកើនឡើងដល់ជាង ៤២ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ធៀបនឹង៥ឆ្នាំមុនការនាំចេញមានត្រឹម ៣០ពាន់លានដុល្លារប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ចិនយល់ព្រមជាមួយរុស្ស៊ីឈប់ទូទាត់ថ្លៃឧស្ម័នដោយប្រើប្រាក់ដុល្លារ ដោយងាកមកបើប្រាក់យ័ន និងប្រាក់រូប្លវិញ

ព័ត៌មាន
ក្រុមហ៊ុនថាមពលរដ្ឋ Gazprom របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមប្តូរការទូទាត់សម្រាប់…

ហេតុអ្វីវិស័យធនាគារ និងហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់គ្រប់កាលៈទេសៈក្នុងការជំរុញកំណើនសេដ្ឋកិច្ច?

ព័ត៌មាន
ពេលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធនាគារនិងហិរញ្ញវត្ថុ កាន់តែបង្ហាញនូវសក្ដានុពល និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនូវកំណើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ