ក្រោយជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន តាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដោយលោកបានប្រាប់លោក ពូទីន កុំឱ្យបង្កើនភ្លើងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ការជួបជជែកជាមួយលោក ពូទីន នេះធ្វើឡើង១ថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី តាមទូរសព្ទ។
កន្លងមកលោក ដូណាល់ ត្រាំ តែងតែរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់អាម៉េរិកចំពោះទីក្រុងកៀវ ដោយលោកបានប្តេជ្ញាចិត្តថា នឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឱ្យបានឆាប់រហ័ស ប៉ុន្តែលោកមិនបានបញ្ជាក់ពីរបៀបនៃការបញ្ចប់សង្គ្រាមនេះទេ។
លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីបានយកឈ្នះអនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៥ ខែវិច្ឆិកា។ សេតវិមានបាននិយាយថា លោក ចូ បៃដិន បានអញ្ជើញលោក ត្រាំ ឱ្យទៅកាន់ការិយាល័យរាងពងក្រពើនៅសេតវិមាននៅថ្ងៃពុធ សប្ដាហ៍នេះ។
ទីប្រឹក្សាសន្តិសុខជាតិរបស់អាម៉េរិកលោក ចេក ស៊ូលីវ៉ាន បាននិយាយកាលពីថ្ងៃអាទិត្យ ថា សារដ៏មានសារសំខាន់របស់លោក បៃដិន នឹងក្លាយជាការប្តេជ្ញាចិត្តរបស់លោកក្នុងការធានាការផ្ទេរអំណាចដោយសន្តិវិធី ហើយលោកក៏នឹងនិយាយជាមួយលោក ត្រាំ អំពីអ្វីដែលកំពុងកើតឡើងនៅអឺរ៉ុប នៅអាស៊ី និងនៅមជ្ឈិមបូព៌ាផងដែរ។
លោក ស៊ូលីវ៉ាន បានប្រាប់ទូរទស្សន៍ CBS ថា លោក បៃដិន នឹងឆ្លៀតឱកាសរយៈពេល៧០ថ្ងៃចុងក្រោយនេះ ដើម្បីជជែកជាមួយសភានិងរដ្ឋបាលរបស់លោក ត្រាំ ថា អាម៉េរិកមិនគួរដើរចោលអ៊ុយក្រែននោះទេ ព្រោះថា ការដើរចោលអ៊ុយក្រែនគឺជាការបង្ហាញពីអស្ថិរភាពកាន់តែច្រើនឡើងនៅក្នុងទ្វីបអឺរ៉ុប៕
អត្ថបទ៖ សុខ មង្គល