ក្រុមហ៊ុនដែករបស់ជប៉ុន Nippon Steel បានទិញយកក្រុមហ៊ុនដែកអាម៉េរិក US Steel ក្នុងតម្លៃកិច្ចព្រមព្រៀងជាង៤០ពាន់លានដុល្លារ កាលពីខែធ្នូ ឆ្នាំ២០២៣ តែកិច្ចព្រមព្រៀងនេះនៅមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេ ដោយសារតែមានការជំទាស់ពីសហជីពកម្មកររួមទាំងសមាជិកសភាអាម៉េរិកមួយចំនួនផងដែរ។
យ៉ាងណាមិញសូម្បីតែលោក ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ក៏បានបង្ហាញការប្រឆាំងផងដែរ ចំពោះបញ្ហានេះ ដោយលោកអះអាងនៅក្នុងជំនួបជាមួយសមាជិកសហជីពធីមស្ទើថា លោកនឹងរារាំងកិច្ចព្រមព្រៀងទិញលក់នេះ ប្រសិនបើលោកបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអំឡុងខែវិច្ឆិកា ឆ្នាំនេះ។ លោក ត្រាំ ដែលបានជួយសង្គ្រោះឧស្សាហកម្មដែករបស់អាម៉េរិក ក្នុងអំឡុងពេលលោកកាន់អំណាចជាប្រធានាធិបតីបានចាត់ទុកកិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុនដែក US Steel ជាកិច្ចព្រមព្រៀងមួយដ៏គួរឱ្យខ្លាចបំផុត។
ឆ្លើយតបនឹងការលើកឡើងរបស់លោក តាំ បែបនេះ ក្រុមហ៊ុនដែក Nippon បាននិយាយតាម រយៈអ៊ីមែលថា ក្រុមហ៊ុននេះនឹងបន្តពិភាក្សាជាមួយនឹងអ្នកពាក់ព័ន្ធរួមទាំងរដ្ឋាភិបាលផងដែរ ក្នុងបំណងដើម្បីស្វែងយល់ចិត្តគ្នាថែមទៀត។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ការទិញក្រុមហ៊ុនដែករបស់អាម៉េរិកនេះនឹងនាំមកនូវប្រយោជន៍ដ៏អស្ចារ្យជាច្រើនដល់ដែកថែបសហរដ្ឋអាម៉េរិក ឧស្សាហកម្មដែកថែប អតិថិជនរបស់ខ្លួន កម្មករ និងសហគមន៍ក្នុងតំបន់។
សូមរំលឹកថា កាលពីប៉ុន្មានសប្ដាហ៍មុននេះ ក្រុមហ៊ុនដែកជប៉ុននេះបានចាត់បញ្ជូនតំណាងរបស់ខ្លួនទៅកាន់ក្រុងវ៉ាស៊ីនតោន ដើម្បីចរចា និងបញ្ចុះបញ្ចូលសមាជិកសភាអាម៉េរិក និងក្រុមសហជីបកម្មករអាម៉េរិកមួយចំនួនផងដែរ៕
អត្ថបទ៖ សុខ ជា