ប៉ូឡូញ-អាលឺម៉ង់

ប៉ូឡូញទាមទារសំណងពីអាល្លឺម៉ង់ ១,៣ ទ្រីលានដុល្លារ ដែលបង្កបានការខូតខាតក្នុងសម័យសង្គ្រាមលោកលើកទី ២


មេដឹកនាំជាតិនិយមដែលកំពុងកាន់អំណាចរបស់ប្រទេសប៉ូឡូញបានជីកកកាយ សើរើរឿងរាវនៃការបំផ្លិតបំផ្លាញប្រទេសខ្លួនកាលពីសម័យសង្គ្រាមលើកលោកទី២ ដោយសារតែប្រទេសអាល្លឺម៉ង់។ មេដឹកនាំប៉ូឡូញរូបនេះក៏បានប៉ាន់ប្រមាណការខូតខាតសរុបនៅក្នុងសង្គ្រាមលោកលើកទីពីរនេះដែរ ដោយបានអះអាងថា ប្រទេសអាល្លឺម៉ង់បានបង្កឲ្យមានការខូចខាត់ដល់ទៅជាង ១,៣ ទ្រីលានដុល្លារ ហើយប្រទេសប៉ូឡូញ នឹងធ្វើការទាមទារសំណងជាផ្លូវការទៅកាន់ប្រទេសអាល្លឺម៉ង់ពាក់ព័ន្ធនឹងការខូចខាតនេះ។ នេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
ប៉ូឡូញទាមទារសំណងដ៏មហាសាលពីអាល្លឺម៉ង់

មែនទែនទៅ អាល្លឺម៉ង់គឺជាប្រទេសដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុតរបស់ប៉ូឡូញ និងជាសមាជិករួមនៃសហភាពអឺរ៉ុប ព្រមទាំង​អង្គការណាតូ​ផងដែរនោះ បានអះអាងកាល​ពីពេលមុន​មក​ហើយថា ការទាមទារសំណងហិរញ្ញវត្ថុ​ទាំងឡាយរបស់ប៉ូឡូញទា​ក់ទិននឹងសង្គ្រាមលោកទីពីរ ដែលខ្លួនបង្កឡើងនោះ ត្រូវបានដោះស្រាយ​រួម​ជាស្ថាពរហើយ។

ក៏ប៉ុន្តែ ចាប់តាំងពីគណបក្សច្បាប់​ និងយុត្តិធម៌ (PiS) របស់ប្រទេសប៉ូឡូញ បានឡើងកាន់អំណាចក្នុងឆ្នាំ​​ ២០១៥ មក គណបក្សនេះបានអំពាវនាវម្តងហើយ​ម្តងទៀត ឲ្យអាល្លឺម៉ង់សងថ្លៃខូតខាតកាន់តែច្រើនឡើងៗ ប៉ុន្ដែ​ខ្លួនមិនដែលទាមទារសំណងជាផ្លូវការនោះទេ ដោយក្នុងឆ្នាំ ២០១៩ កន្លងទៅ​ សមាជិកសភាប៉ូឡូញ​ដែលមកពីបក្សដដែលនេះ បានប៉ានប្រមាណថ្លៃខូតខាតដល់ទៅ ៨៥០ ពាន់លានដុល្លារឯណោះ។

លោកចារូស្លរ កាហ្សីនស្គី (Jaroslaw Kaczynski) ដែលជាប្រធានគណបក្សច្បាប់ និង​យុត្តិធម៌ (PiS) នៃប្រទេសប៉ូឡូញបាន​ប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ការថ្លឹងថ្លែងពីទំហំខាតបង់នេះ ត្រូវបានអនុម័តដោយវិធីសាស្រ្ត​ដ៏សុក្រិតបំផុត ដែលទំហំនោះអាច​នឹងលើសនេះក៏ថាបាន»។

ជារឿយៗ គណបក្សកាន់អំណាចប៉ូឡូញនេះតែងប្រើ​ជំហរសើរើ និងបង្កអរិភាពជាមួយ​ប្រទេស​អាល្លឺម៉ង់ ដើម្បីកៀរគរការគាំទ្របក្ស​របស់ខ្លួន ហើយក៏ធ្វើឲ្យទំនាក់ទំនង​ជាមួយទីក្រុងប៉ែរឡាំងកាន់តែល្អក់កករផងដែរ។ លើសពីនេះ ទីក្រុងវ៉សរបានរិះគន់​អាល្លឺម៉ង់កាន់តែខ្លាំងឡើង​នៅពេល​ដែលប្រទេស​នេះបន្តពឹងផ្អែកឧស្ម័នរុស្សី នឹងភាពយឺតយ៉ាវ​ក្នុងការជួយ​ប្រទេសអ៊ុយក្រែន ក្រោយរុស្ស៊ីចូលឈ្លានពាន។

ទោះជាយ៉ាងណា គេនៅចាំមិនទាន់ភ្លេចទេថា ប្រទេសប៉ូឡូញត្រូវបានញាំញីដោយសង្គ្រាមលោកលើកទីពីរ ដោយមានប្រជាជន​ប៉ូឡូញប្រាំមួយលាននាក់ រួមទាំងមានជនជាតិប៉ូឡូញកាត់ជ្វីប​ជាងបីលាននាក់ផ្សេងទៀត ត្រូវបានសម្លាប់រង្គាល​​ដោយរបបណាស៊ី​អាល្លឺម៉ង់ ហើយនិងការបះបោរ​ក្នុងឆ្នាំ ១៩៤៤ បានធ្វើឲ្យមនុស្ស​ ២០ ម៉ឺននាក់ត្រូវបានសម្លាប់ផងដែរ។

គួររលឹកថា នៅក្នុងឆ្នាំ ១៩៥៣ មេដឹកនាំកុម្មុយនិស្តប៉ូឡូញ​នៅពេលនោះ បានបោះបង់ចោល​ការទាមទារទាំងអស់​ចំពោះសំណងនៃសង្គ្រាម​របស់​អាល្លឺម៉ង់​ក្រោមសម្ពាធ​ពីសហភាពសូវៀត ដែលចង់ឲ្យអាល្លឺម៉ង់ខាងកើត ជាប់ជាប្រទេស​រណប​សូវៀតផងដែរ។

តែយ៉ាងណា គណបក្សកាន់អំណាច​បច្ចុប្បន្នរបស់ប្រទេសប៉ូឡូញ​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​នោះ​មិន​ត្រឹមត្រូវ​ទេ ​ព្រោះ​ប៉ូឡូញ​​មិន​បានចរចាឲ្យមាន​នូវសំណង​សមរម្យណាមួយនោះឡើយ។

ទន្ទឹមនឹងនេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​​អាល្លឺម៉ង់​បាន​និយាយ​ថា​៖ «​ជំហរ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​គឺ​មិន​មាន​ការ​ផ្លាស់​ប្តូរឡើយ ដែលសំណុំរឿង​សំណងនោះ​ត្រូវ​បាន​បិទបញ្ចប់ហើយ»។

ស្របគ្នានេះដែរ​ លោកដូណាល ថុសក៍ (Donald Tusk) មេដឹកនាំគណបក្សប្រឆាំង​ដ៏ធំបំផុតរបស់ប្រទេសប៉ូឡូញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថា ការប្រកាសរបស់លោក ចារូស្លរ កាហ្សីនស្គី (Jaroslaw Kaczynski) ដែលជាប្រធានគណបក្សកាន់អំណាច​នៃ​ប្រទេសប៉ូឡូញនេះគឺ៖ «មិនមែនផ្ដោទៅលើសំណងឡើយ តែជាយុទ្ធនាការឃោសនានយោបាយផ្ទៃក្នុង ដើម្បីទទួលបានការគាំទ្រឡើងវិញរបស់បក្សកាន់អំណាចប៉ុណ្ណោះ»៕




អត្ថបទបន្ទាប់


កោះតៃវ៉ាន់បាញ់ទម្លាក់យន្តហោះដ្រូនរបស់ប្រទេសចិនជាលើកដំបូងនៅឆ្នេរសមុទ្រចិន

ព័ត៌មាន
យោធាតៃវ៉ាន់បានសម្រេចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ីវិលមិនស្គាល់អត្តសញ្ញាណមួយទៀត ដែលគេសង្ស័យថាជារបស់ប្រទេសចិន បានហោះចូលដែនអាកាសរបស់…

មីយ៉ាន់ម៉ាបញ្ចេញសាច់ប្រាក់២០០លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងអតិផរណា

ព័ត៌មាន
ធនាគារកណ្តាលមីយ៉ាន់ម៉ាកាលពីថ្ងៃពុធទី៣១សីហា បានសម្រេចបញ្ចេញសាច់ប្រាក់ជារូបិយប័ណ្ណបរទេសតម្លៃជាង ២០០លានដុល្លារបញ្ចូលទៅក្នុងទីផ្សារ ដើម្បីគ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ