វិស័យដឹកជញ្ជូន

អ្នកជំនាញរំពឹងការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជានឹងនៅតែរក្សាបានកំណើន ទោះមានបញ្ហាប្រឈមមួយចំនួន


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ច មានជំនឿថា សកម្មភាពដឹកជញ្ជូនទំនិញចេញចូលកម្ពុជា តាមផ្លូវទឹកនៅឆ្នាំ២០២៦ នឹងបន្តរក្សាបានកំណើន បើទោះសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ។ ការរំពឹងបែបនេះ ក៏ដោយសារតែលំហូរទុនវិនិយោគហាក់មានកំណើនជាងមុន ស្របពេលតម្រូវការរបស់ពិភពលោកលើមុខទំនិញកម្ពុជា នៅតែមាន។ យ៉ាងណាមិញ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងឆ្នាំ២០២៥ មានចំនួនជាង១លាន៣០ម៉ឺនកុងតឺន័រ មានកំណើនជាង៣០% បើធៀបទៅនឹងឆ្នាំ២០២៤។
វិស័យដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស យល់ឃើញថា នៅក្នុងឆ្នាំ២០២៦ នេះ គឺជាពេលវេលាដែលកម្ពុជា ត្រូវមានផែនការច្បាស់លាស់ ខណៈមកដល់ពេលនេះ កម្ពុជាកំពុងមានបញ្ហាប្រឈមជាមួយប្រទេសថៃ ហើយស្ថានការណ៍តំបន់ និងពិភពលោកនៅតែមិនមានភាពច្បាស់លាស់។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងឆ្នាំនេះ កម្ពុជា ត្រូវមានការសម្របខ្លួនទៅនឹងការប្រឈមនានា ដើម្បីគ្របគ្រងនូវហានិភ័យដែលអាចកើតមានជាយថាហេតុ។ តែយ៉ាងណាអ្នកជំនាញរូបនេះវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តមានកំណើនតាមរយៈសកម្មភាពវិនិយោគបរទេស និងតម្រូវការរបស់ពិភពលោក។ ការណ៍នេះ ចង់ ឬមិនចង់នឹងធ្វើឱ្យសកម្មភាពដឹកជញ្ជូន ក៏នឹងមានការកើនឡើងផងដែរ។

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកនៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៥ កន្លងទៅ មានភាពមមាញឹកខ្លាំងដោយសារការបញ្ជាទិញវត្ថុធាតុដើម និងទំនិញផ្សេងៗពីប្រទេសចិន មកបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្ម ដែលមានការកើនឡើង។ បន្ថែមពីនេះ ការបិទច្រកព្រំដែនគោកកម្ពុជា និងថៃ ក៏ជាកត្តារួមចំណែកធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹកនៅខេត្តព្រះសីហនុ មានការកើនឡើងផងដែរ។ តាមការវាយតម្លៃរបស់លោកបណ្ឌិត ជ័យ តិច សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងឆ្នាំនេះអាចមានបញ្ហាប្រឈមមួយចំនួន ប៉ុន្តែពុំអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ តែផ្ទុយទៅវិញលោកបណ្ឌិត យល់ឃើញថា វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានឹងនៅតែមានសក្ដានុពលខ្ពស់ ហើយនឹងបន្តការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ។

​សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានភាពមមាញឹកជាខ្លាំង ដែលមានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនជាង១លាន៣០ម៉ឺនកុងតឺន័រ មានកំណើនជាង៣០% បើធៀបទៅនឹងឆ្នាំ២០២៤ ដែលមានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនជាង១លាន៣ម៉ឺនកុងតឺន័រ​។ ទំនិញភាគច្រើនត្រូវបាននាំចូលពីប្រទេសចិន ខណៈសហរដ្ឋអាម៉េរិក គឺជាទីផ្សារកំពូលនៃការនាំចេញទំនិញរបស់កម្ពុជា។ នេះបើយោងតាមទិន្នន័យពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើការវាយឆេះស្ថានីយប្រេង ១១កន្លែងត្រឹមតែមួយយប់នៅភាគខាងត្បួងថៃ បង្ហាញពីចលនានៃក្រុមឧទ្ទាមផ្តាច់ខ្លួននៅថៃ កំពុងកញ្ជ្រោលឡើងវិញ ឬយ៉ាងណា?

ការប្តេជ្ញាចិត្ត ដើម្បីឯករាជ្យភាពនៅភាគខាងត្បូងថៃ ហាក់កំពុងបង្ហាញពីចលនាសកម្មឡើងវិញ ក្រោយការវាយប្រហារលើស្ថានីយប្រេងឥន្ធនៈរហូតដល់ទៅ១១កន្លែង ន…

អ្នកជំនាញរំពឹងកិច្ចព្រមព្រៀង RCEP ក្លាយជាក្បាលម៉ាស៊ីនជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង

ទោះបីសេដ្ឋកិច្ចសកលបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ នៅតែរក្សាបានកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ