កងទ័ពកម្ពុជា

តើរាជរដ្ឋាភិបាល និងពលរដ្ឋគួរធ្វើបែបណា ដើម្បីតបស្នងដល់វីរៈកងទ័ពកម្ពុជា ដែលបានខិតខំប្រយុទ្ធជាមួយយោធាថៃ ដើម្បីការពារទឹកដី?


ក្រុមអ្នកជំនាញបានបង្ហាញការដឹងគុណចំពោះយុទ្ធជនដែលបានពលីជីវិត និងយុទ្ធជនដែលបានប្រយុទ្ធតតាំងជាមួយយោធាថៃ យ៉ាងអង់អាចក្លាហានក្នុងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីចំនួន២១ថ្ងៃមុនឈានដល់ការអនុវត្តបទឈប់បាញ់៧២ម៉ោង កាលពីថ្ងៃទី២៧ ខែធ្នូ។ ដើម្បីជាការដឹងគុណដល់ការលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដី ក្រុមអ្នកជំនាញ សំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគួរមានគោលការណ៍ជួយដល់យុទ្ធជន ធ្វើយ៉ាងណាឱ្យការរស់នៅរបស់ពួកគេមានភាពសមរម្យ ក្រោយជម្លោះព្រំដែនខ្មែរ-ថៃត្រូវបានដោះស្រាយទាំងស្រុង។
កងទ័ពកម្ពុជា
ដោយ

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានបង្ហាញការដឹងគុណចំពោះការលះបង់ និងការពលីជីវិតរបស់កងកម្លាំងកម្ពុជា ក្នុងការការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហានបំផុត ហើយដើម្បីជាតបស្នងចំពោះការលះបង់នេះលោកសំណូមពរដល់ពលរដ្ឋគ្រប់ៗរូបផ្ដល់នូវការគោរពចំពោះក្រុមគ្រួសារវីរៈកងទ័ពទាំងអស់ ពិសេសត្រូវបន្តស្មារតីសាមគ្គីភាពជាដរាបទាំងក្នុងពេលនេះ និងទៅអនាគត។ បើតាមលោក អំ សំអាត រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងពលរដ្ឋត្រូវតែបន្តជួយគាំទ្រដល់វីរៈជនការពារទឹកដី ពោលគឺបន្តពង្រឹងស្មារតីសាមគ្គីគ្នាឱ្យបានយូរអង្វែង។

​ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានលើកឡើងថា រាជរដ្ឋាភិបាលរួមទាំងប្រជាពលរដ្ឋគួរមានគោលការណ៍ច្បាស់លាស់មួយក្នុងការតបស្នងដល់វីរៈកងទ័ព ដែលនៅមានជីវិត ឬពិការ និងក្រុមគ្រួសាររបស់វីរៈកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ។ ​ដើម្បីជាការដឹងគុណដល់វីរៈកងទ័ព ដែលបានពលី អ្នកជំនាញរូបនេះយល់ថា កម្ពុជា គួរមានពិធីបុណ្យគោរពវិញាណខណ្ឌដល់ពួកគេ ហើយពលរដ្ឋគួរផ្លាស់ប្តូរការគិតអវិជ្ជមាន និងផ្ដល់តម្លៃប្រកបដោយការគោរពដល់យោធិនទាំងអស់គ្នា។

​ស្រដៀងគ្នានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ទាំងអតីតយុទ្ធជន និងយុទ្ធជនទាំងអស់ ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាធានាដល់ការរស់នៅសមរម្យ ហើយរដ្ឋគួរលើកលែងមិនយកប្រាក់ពីយុទ្ធជន និងគ្រួសារយុទ្ធជនសម្រាប់សេវាសារធារណៈមួយចំនួន ដើម្បីជាការដឹងគុណដល់ការលះបង់ជីវិត និងប្រយុទ្ធតតាំងជាមួយយោធាថៃ ដើម្បីការពារទឹកដី។

​លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានហេតុការណ៍សង្គមសង្កេតឃើញថា ប្រជាជនខ្មែរកំពុងសាមគ្គីតែមួយយ៉ាងខ្លាំងក្លា ទោះបីជាមានឧបសគ្គមួយចំនួនយ៉ាងណាក៏ដោយ ហើយលោកបានក្រើនរំលឹកថា ពលរដ្ឋមិនគួរជឿជាក់ និងផ្ដល់តម្លៃដល់បរទេសខ្លាំងជាងជាតិខ្មែរនោះទេ ដោយត្រូវជឿជាក់លើជាតិខ្លួនឯងជាមុនសិន ទោះបីជាប្រទេសនោះជាមិត្តដ៏ល្អយ៉ាងណាក៏ដោយ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីបង្ហាញការដឹងគុណតបស្នងចំពោះយុទ្ធជនការពារទឹកដី និងបានពលីជីវិត ពលរដ្ឋគ្រប់រូបត្រូវតែពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំង ចូលរួមគាំទ្រអ្វីដែលជារបស់ជាតិ និងចូលរួមរាល់សកម្មភាពណា ដែលជាការការពារជាតិ។

​បើតាមក្រុមអ្នកជំនាញ ក្រៅពីដឹងគុណចំពោះយុទ្ធជន កម្ពុជាត្រូវតែបង្រឹងប្រទេសឱ្យបានខ្លាំងបន្ថែមទៀត ជាពិសេសវិស័យការពារជាតិ ដើម្បីត្រៀមទប់ទល់នឹងការឈ្លានពានណាមួយនាពេលអនាគត។ គួរបញ្ជាក់ថា កម្ពុជា និងថៃ បានឯកភាពឈប់បាញ់គ្នារយៈពេល៧២ម៉ោង គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយប្រយុទ្ធគ្នាអស់រយៈពេល២១ថ្ងៃ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ អបអរសាទរចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងឆ្លៀតរិះគន់ UN ចំៗថា អសកម្មក្នុងការដោះស្រាយជម្លោះ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ចេញសារនៅលើបណ្ដាញសង្គម Truth Social របស់លោក ដោយបានប្រកាសថា ក…

ម៉ាឡេស៊ី និងវៀតណាម កំពុងប្រជែងគ្នាដណ្តើមទីផ្សារទេសចរណ៍ពីថៃ

ភាពក្រអឺតក្រទម ចលាចលនយោបាយ និងការបង្កជម្លោះព្រំដែនជាមួយកម្ពុជា របស់ថៃ កំពុងហុចឱកាសដល់ម៉ាឡេស៊ី ក្នុងការដណ្តើមតំណែងជាទីផ្សារទេសចរណ៍ធំបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ