
វត្តមានរបស់ធនាគារលំដាប់អន្តរជាតិធំចំនួនពីរ ដែលបានចូលមកទីផ្សារកម្ពុជានេះ បានធ្វើឲ្យចំនួនធនាគារពាណិជ្ជនៅកម្ពុជា បានរំកិលដល់ ៣៩ធនាគារហើយ គិតមកទល់ពេលនេះ ខណៈដែលនៅកម្ពុជាធនាគារភាគច្រើនបំផុតប្រមាណ៨០% ជាធនាគារបរទេស។
លើសពីនេះ ធនាគារទាំងពីរនេះ ត្រូវគេដឹងថា បានបោះទុនរាប់សិបលានដុល្លារ និងជាធនាគារដែលមានបណ្ដាញសាខារបស់ខ្លួននៅប្រទេសជាច្រើននៃពិភពលោក។ ធនាគារទាំងពីរនេះរួមមាន៖
១. ធនាគារជប៉ុន Mizuho

ទីស្នាក់ការធនាគារ Mizuho ជប៉ុន នៅលើអគារ Phnom Penh Tower កណ្ដាលទីក្រុងភ្នំពេញ។
(រូបភាព៖ ហេង ភារម្យ)
ខេមបូណូមីស ធ្លាប់បានលើកយកពីវត្តមានរបស់ធនាគារជប៉ុន មីហ៊្សូហូ (Mizuho) មកបកស្រាយម្ដងរួចទៅហើយ ដែលធនាគារជប៉ុនមួយនេះ ត្រូវបានមនុស្សជាច្រើនស្គាល់ថា ជាបងធំផ្នែកហិរញ្ញវត្ថុនាំមុខគេមួយ មានមូលដ្ឋាននៅប្រទេសជប៉ុន និងមានប្រតិបត្តិការអាជីវកម្មនៅជាង៣០ប្រទេស និងមានសាខាចំនួន ៥៤៩កន្លែង នៅទូទាំងពិភពលោក។
លោក តាកេស៊ិ ហ្វ៊ូគូអ៊ិ (Takeshi Fukui) អគ្គនាយកធនាគារ Mizuho សាខាប្រចាំកម្ពុជា ធ្លាប់បានប្រាប់ឲ្យ ខេបូណូមីស ដឹងថា បងធំទី៣ផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសជប៉ុនមួយនេះ បានវិនិយោគទុនជាង ៥០លានដុល្លារ ដើម្បីបើកសាខានៅកម្ពុជា។
លោកបន្ថែមថា ធនាគារនេះចូលខ្លួនមកធ្វើការផ្ដល់កម្ចីខ្នាតធំសម្រាប់ក្រុមហ៊ុនធំៗនៅកម្ពុជា មិនមានការផ្ដល់កម្ចីសម្រាប់បុគ្គលទូទៅដែលកំពុងមានការប្រកួតប្រជែងខ្លាំងនោះទេ។ យ៉ាងណាក៏ដោយ អគ្គនាយកធនាគារមួយនេះ បានលើកឡើងថា ការបើកសាខានៅកម្ពុជានេះ មិនមានការចូលរួមសហវិនិយោគពីក្រុមហ៊ុនណាមួយនោះទេ ពោលគឺជាភាគហ៊ុន១០០% របស់ក្រុមហ៊ុនមេរបស់ធនាគារនេះផ្ទាល់តែម្ដង។
២. ធនាគារបារាំង Bred
ធនាគារ Bred ត្រូវបានគេស្គាល់ថា ជាធនាគារដ៏ធំជាងគេទី២ ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានបើកសាខារបស់ខ្លួននៅកម្ពុជាកាលពីដើមខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។ មិនត្រឹមតែត្រូវបានគេស្គាល់ថា ជាអ្នកផ្ដល់កម្ចីដ៏ធំជាងគេនៅអឺរ៉ុបប៉ុណ្ណោះទេ ធនាគារ Bred ក៏ត្រូវបានកាន់កាប់ភាគហ៊ុនប្រមាណ ៤,៨% ដោយសម្ព័ន្ធធនាគារបារាំង (BCPE) ផងដែរ ដែលមានបណ្ដាញទំនាក់ទំនងជាមួយធនាគារក្នុងតំបន់ប្រមាណ ៣៥ធនាគារ។
មិនតែប៉ុណ្ណោះ ធនាគារបារាំងមួយនេះក៏មានទំនាក់ទំនងជាមួយធនាគារកណ្ដាលរបស់សហភាពអឺរ៉ុបផងដែរ។ ដោយឡែក ចំពោះការបោះទុនបើកសាខានៅកម្ពុជារបស់ធនាគារ Bred មានប្រមាណជាង ៣០លានដុល្លារ ដោយមានផ្ដល់សេវាស្នូលសំខាន់ៗដូចជា ការទទួលបញ្ញើ ការផ្ដល់ឥណទានសម្រាប់ពាណិជ្ជកម្ម និងធានារ៉ាប់រង និងការផ្ដល់នូវដំណើរការងាយស្រួលលើសេវាទូទាត់ផ្សេងៗជាច្រើនទៀត។
ដោយមើលឃើញពីសក្ដានុពលរបស់កម្ពុជា ធនាគារនេះអះអាងថា ខ្លួនគ្រោងនឹងអភិវឌ្ឍសាខាបន្ថែមឲ្យបាន១៥សាខានៅត្រឹមរយៈពេល៣ឆ្នាំដំបូងនៃការចូលមកកម្ពុជា។
សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅឆមាសទី១ឆ្នាំនេះ ធនាគារពាណិជ្ជនៅកម្ពុជាមាន ៣៩ ធនាគារឯកទេសមានចំនួន ១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៧៣ (៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានសិទ្ធិទទួលប្រាក់បញ្ញើ) ប្រតិបត្តិករឥណទានជនបទមាន ២៦៧ និងការិយាល័យតំណាងធនាគារបរទេសមាន៦។
ជាមួយគ្នានេះ បើគិតត្រឹមឆមាសទី១ឆ្នាំនេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើង ២១,៨% ស្មើនឹងទឹកប្រាក់ ១២៦,៨ ទ្រីលានរៀល (ប្រមាណ ១៥០% នៃ ផសស ឬផលិតផលសរុបក្នុងស្រុក)។
ប្រាក់បញ្ញើកើនឡើង ២៣,៤% ស្មើនឹងទឹកប្រាក់ ៧០,៨ ទ្រីលានរៀល (ប្រមាណ ៧៦,៥% នៃ ផសស) និងឥណទានកើនឡើង ២០,៤% ស្មើនឹងទឹកប្រាក់ ៧៦,៥ ទ្រីលានរៀល (ប្រមាណ ៨៣% នៃ ផសស)។ ទន្ទឹមនឹងនេះ ចំនួនអ្នកដាក់ប្រាក់បញ្ញើបានកើនដល់ ៤,៨លាននាក់ និងអ្នកខ្ចីប្រាក់មានចំនួន ២,៦លាននាក់៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។