បច្ចេកវិទ្យា

ប្រទេសឥណ្ឌានឹងវិនិយោគប្រាក់ ៣០ពាន់លានដុល្លារទៅក្នុងវិស័យបច្ចេកវិទ្យា និងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប


អ្នកការទូតកំពូលរបស់ប្រទេសឥណ្ឌាប្រចាំនៅកោះតៃវ៉ាន់បានអះអាងថា ប្រទេសឥណ្ឌានឹងចំណាយប្រាក់ចំនួន ៣០ ពាន់លានដុល្លារ ដើម្បីកែលម្អឧស្សាហកម្មបច្ចេកវិទ្យារបស់ខ្លួន និង ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប ដើម្បីធានាដល់ការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នៅក្នុងប្រទេសរបស់ខ្លួន និងជៀសវាងការគំរាមកំហែងពីអ្នកផ្ដល់សេវាផ្គត់ផ្គង់ពីក្រៅប្រទេស។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ប្រទេសឥណ្ឌានឹងចំណាយប្រាក់ចំនួន ៣០ ពាន់លានដុល្លារ ដើម្បីកែលម្អឧស្សាហកម្មបច្ចេកវិទ្យារបស់ខ្លួន និង ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប

លោក ហ្គួរាំងហ្គាឡាល់ ដាស (Gourangalal Das) អគ្គនាយកនៃសមាគមឥណ្ឌា-តៃប៉ិ បាននិយាយថា គំនិតផ្តួចផ្តើមវិនិយោគលើវិស័យបច្ចេកវិទ្យានេះ គឺមានគោលបំណងបង្កើនផលិតកម្មបន្ទះឈីបក្នុងស្រុករបស់ឥណ្ឌា រួមទាំងការផលិតឧបករណ៍ទូរគមនាគមន៍ អាគុយរថយន្ដ និងគ្រឿងអេឡិចត្រូនិកជាដើម។

លោក ហ្គួរាំងហ្គាឡាល់ ដាស បានអះអាងថាទឹកប្រាក់វិនិយោគប្រហែល ៣០ ពាន់លានដុល្លាររបស់ប្រទេសឥណ្ឌា គឺដើម្បីកសាងប្រព័ន្ធខ្សែចង្វាក់ផ្គត់ផ្គង់ពេញលេញមួយ ដោយក្នុងនោះ ទឹកប្រាក់ប្រហែល ១០ ពាន់លានដុល្លារនឹងយកទៅវិនិយោគរោងចក្រផលិតបន្ទះឈីប និងរោងចក្រផលិតអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍ ចំនួនពីរទៀត ខណៈ ទឹកប្រាក់ប្រហែល ៧ ពាន់លានដុល្លារត្រូវបានគេគ្រោងនឹងផ្តល់ទៅឱ្យឧស្សាហកម្មអេឡិចត្រូនិក រួមទាំងក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលបានចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុកឥណ្ឌាជាដើម។

ដោយឡែក ប្រាក់ចំនួន ១៣ ពាន់លានដុល្លារដែលនៅសេសសល់នឹងត្រូវបម្រុងទុកសម្រាប់ ប្រើប្រាស់គាំទ្រដល់សេវាកម្មពាក់ព័ន្ធដូចជាឧស្សាហក្មទូរគមនាគមន៍ បណ្តាញសូឡា គីមីវិទ្យាកម្រិតខ្ពស់ និងកោសិកាថ្មអាគុយយានយន្ដអគ្គិសនី។

លោក Gourangalal Das បាននិយាយថា នៅស្របពេលដែលពិភពលោកកំពុងមានការកើនឡើងនៃតម្រូវការបន្ទះឈីប ប្រទសឥណ្ឌាក៏កំពុងកើនឡើងនូវតម្រូវការបន្ទះឈីបនេះជិតពីរដងនៃអត្រាពិភពលោកជារៀងរាល់ឆ្នាំផងដែរ។ ទន្ទឹមនឹងនោះលោកក៏បានបន្ថែមថា នៅឆ្នាំ ២០៣០ តម្រូវការបន្ទះឈីបរបស់ឥណ្ឌានឹងកើនឡើងដល់ទំហំទឹកប្រាក់ជាង ១១០ ពាន់លានដុល្លារ ខណៈវានឹងលើសជាង ១០% នៃតម្រូវការសកល។

អ្នកការទូតរូបនេះក៏បានអះអាងដែរថា ឥណ្ឌាត្រូវការការធានាថាតម្រូវការរបស់ខ្លួនសម្រាប់បន្ទះឈីប ដើម្បីធានាឱ្យបានថាគ្មានការគំរាមកំហែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់ប្រទេសខ្លួនពីបរទេសនោះឡើង។

គួរជម្រាបថា ប្រទេសឥណ្ឌាបានបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាជាច្រើននៅភាគខាងត្បូងនៃប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Foxconn, BMW និង Samsung និង ក្រុមហ៊ុនផ្សេងទៀត បានបង្កើតរោងចក្រនៅទីនោះផងដែរ ខណៈដែលអ្នកបង្កើតបន្ទះឈីបសកលធំៗបានដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងប្រទេសឥណ្ឌាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសឡាវអាចក្លាយដើរតាមលំនៅវិបត្តិសេដ្ឋកិច្ចដូចស្រីលង្កាដែរ ឬយ៉ាងណា?

ព័ត៌មាន
ប្រទេសឡាវដែលកំពុងមានទុនបំរុងអន្តរជាតិធ្លាក់ចុះ និងប្រឈមនឹងអតិផរណាកើនឡើងខ្ពស់នោះ នាពេលនេះ ត្រូវបានគេមើលឃើញថា ហាក់កំពុងដើរទៅរកផ្លូវមួ…

ការកកស្ទះកំពង់ផែសកលនឹងបន្តរហូតដល់ឆ្នាំ ២០២៣ នៅចំពេលការដឹកជញ្ជូនកំពុងកើនឡើងខ្ពស់

ព័ត៌មាន
ក្រុមថ្នាក់ដឹកនាំផ្នែកភស្តុភារនៅសិង្ហបុរីបានអះអាងថា អ្នកប្រើប្រាស់សេវាដឹកជញ្ជូនតាមនាវាគួរតែធ្វើកិច្ចសន្យារយៈពេលវែង ដើម្បីរក្សាស្ថិរភាពតម្លៃដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ