ក្រុមការងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី រួមមានបុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន បានបរិច្ចាគគ្រឿងឧបភោគបរិភោគរាប់រយកញ្ចប់ដល់ពលរដ្ឋដែលកំពុងខ្វះខាតនៅភូមិឬស្សី១ និងភូមិឬស្សី២ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ បន្ទាប់ពីសង្កាត់នេះត្រូវបានចាត់ចូលថាជាតំបន់ដែលមានអ្នកឆ្លងច្រើនបំផុតនៅក្នុងវិធានការបិទខ្ទប់ថ្មីៗនេះរបស់សាលារាជធានីភ្នំពេញ។
កញ្ចប់គ្រឿងឧបភោគបរិភោគទាំងនេះដែលរួមមានមី អង្ករ ត្រីខ ឆៃប៉ូវ និងទឹកត្រី ត្រូវបានប្រគល់ជូនមេភូមិនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅសង្កាត់ស្ទឹងមានជ័យ៣។
ក្នុងពេលប្រគល់ជូនអំណោយដល់មន្ត្រីមូលដ្ឋានក្នុងភូមិឬស្សី លោក សូវ៉ាត ដារីយាវិឆ នាយកប្រតិបត្តិ លក់ និងចែកចាយរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖ “នេះគឺជាពេលវេលាដ៏លំបាកសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ក្នុងតំបន់ក្រហម។ ក្នុងនាមជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើប្រជាពលរដ្ឋកម្ពុជាទាំងអស់ យើងប្តេជ្ញាចិត្តជួយដល់ពលរដ្ឋកម្ពុជាយើងដែលជួបប្រទះបញ្ហាប្រឈមទាំងនេះ ដូច្នេះយើងទាំងអស់គ្នាអាចហែលឆ្លងកាត់ការរាតត្បាតរបស់ជំងឺដ៏កាចសាហាវនេះ”។
សង្កាត់ស្ទឹងមានជ័យ៣ កាលពីខែមុនត្រូវបានចាត់ចូលថាជាតំបន់ក្រហមនៅក្នុងវិធានការរបស់សាលារាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ នៅដើមខែនេះ សាលារាជធានីភ្នំពេញបានកែប្រែការបែងចែងតំបន់ដោយកាត់បន្ថយទំហំតំបន់បិទខ្ទប់។
លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “យើងសាទរដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ហើយយើងចង់ឱ្យប្រាកដថា យើងក៏បានចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងនេះផងដែរនៅក្នុងពេលវេលាដ៏លំបាកនេះ។ ដូច្នេះហើយបានជាយើងសម្រេចចិត្តធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជួយដល់ពលរដ្ឋដែលស្ថិតក្នុងតំបន់រងផលប៉ះពាល់ខ្លាំង”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នីមានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារដែលផ្តល់សេវាដល់អ្នកប្រើប្រាស់ ៤០លាននាក់នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់សេវានិងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា។