ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចនឹងបញ្ចប់នៅពេលណា? ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានឆ្លើយយ៉ាងខ្លីថា សង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះលោកបានអះអាងថា ឥទ្ធិពលយោធារបស់អ៊ីរ៉ង់ត្រូវបានបន្សាបស្ទើរទាំងស្រុងហើយ ដោយពេលនេះអ៊ីរ៉ង់គ្មានកងទ័ពជើងទឹក គ្មានប្រព័ន្ធទំនាក់ទំនង និងគ្មានកងទ័ពអាកាសទៀតឡើយ។
បន្ថែមលើនេះលោក ត្រាំ បានបន្តរៀបរាប់ពីភាពជោគជ័យ នៃប្រតិបត្តិការយោធារបស់ខ្លួនថា មូលដ្ឋានមីស៊ីល និងរោងចក្រផលិតដ្រូនរបស់អ៊ីរ៉ង់ ត្រូវបានកម្ទេចខ្ទេចខ្ទី។ តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែជំរុញឱ្យកងកម្លាំងចម្រុះបន្តឆ្ពោះទៅរកជ័យជម្នះចុងក្រោយប្រឆាំងនឹងរបបដឹកនាំរបស់ក្រុងតេអេរ៉ង់ ដែលទើបតែងតាំងកូនប្រុសមេដឹកនាំកំពូល អាលី ខាមេនី ឱ្យឡើងកាន់អំណាចបន្ត។
ដើម្បីដោះស្រាយវិបត្តិតម្លៃប្រេង ដែលកំពុងហក់ឡើងខ្ពស់កប់ពពក លោក ត្រាំ បានប្រកាសយុទ្ធសាស្ត្របន្ធូរបន្ថយទណ្ឌកម្មលើការនាំចេញប្រេងមួយចំនួន។ ក្រោយជំនួបដ៏សំខាន់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងអនុញ្ញាតឱ្យមានការចរាចរប្រេងពីប្រទេសរុស្ស៊ី និងប្រភពមួយចំនួនទៀត ដើម្បីធានាថា ការផ្គត់ផ្គង់ប្រេងនៅលើសកលមានស្ថិរភាព និងទាញតម្លៃប្រេងឱ្យចុះមកវិញ។
ទោះជាយ៉ាងណាលោក ត្រាំ បានព្រមានថា ប្រសិនបើអ៊ីរ៉ង់ហ៊ាបន្តបិទច្រកសមុទ្រហ័រមូសមិនឱ្យកប៉ាល់ដឹកទំនិញ និងប្រេងមិនឱ្យឆ្លងកាត់ នោះអាម៉េរិកនឹងវាយបកវិញក្នុងកម្រិតមហន្តរាយ ដែលមិនអាចគណនាបាន។ នេះគឺជាល្បែងនយោបាយ និងយោធាដ៏ស្មុគស្មាញ ដែលលោក ត្រាំ កំពុងប្រើប្រាស់ ដើម្បីឈានទៅរកសន្តិភាពផង និងស្ថិរភាពសេដ្ឋកិច្ចផង៕
ដោយៈ សរ សុជាតិ