ការព្រួយបារម្ភរបស់អ្នកស្រុក​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល

ប្រជាជន​រស់នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល ព្រួយ​បារម្ភ​ពី​ការបាត់បង់​ការងារ​និង​ប្រាក់​ចំណូល​បន្ទាប់​ពី​កូវីដ-១៩​ផ្ទុះ​ឡើង​ដល់​សហគមន៍


ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល បាន​និយាយ​ថា ពួកគាត់​មាន​ការព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ការងារ​និង​ប្រាក់​ចំណូល បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​ផ្ទុះ​ឡើង​រាលដាល​មក​​ដល់​សហគមន៍​របស់​ពួកគាត់ ។
ប្រជាពលរដ្ឋ​កំពុង​ដើររក​ទិញ​បន្លែ​និង​សាច់​​នៅ​ផ្សារ​មួយកន្លែងជិតឃុំសិត្បូ ខេត្តកណ្តាល នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២១។ រូបភាព៖ លាស់ លីបលីប

អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​សម្រេច​បិទ​ភូមិ​ចំនួន​៣ រួមមាន ភូមិ​ជ្រៃធំ ភូមិ​ព្រែក​ស្បូវ ភូមិ​ព្រែក​ស៊ឹង និង​បាន​ផ្អាក​អាជីវកម្ម​បណ្តោះ​អាសន្ន បន្ទាប់ពី​មាន​ករណី​វិជ្ជមាន​កូវីដ-១៩ រហូត​ដល់ទៅ ៦៤នាក់ បើគិត​ត្រឹម​ថ្ងៃទី១៥ ខែ​មីនា ឆ្នាំ​២០២១ ហើយ​ការបិទ​ភូមិទាំងនេះ គឺ​ដើម្បី​កុំ​ឱ្យ​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩​បន្ត​ទៀត ។

លោក ផៃ ភី ដែល​​កំពុងតែ​ជាប់​ធ្វើ​ចត្តាឡីស័ក​ក្នុង​ឃុំ​សំពៅពូន បាន​ចំនួន​ប្រមាណ​ជា​១០​ថ្ងៃ​ហើយ នៅ​ក្នុង​អគារ​កាស៊ីណូ​មួយ​កន្លែង បាន​ប្រាប់ Newsroom Cambodia ថា លោក​ព្រួយ​បារម្ភ​និង​ខ្លាច​ខាង​ក្រុមហ៊ុន​កាត់​ប្រាក់​ខែ​របស់​លោក​មួយ​ចំនួន នៅពេល​ដែល​លោក​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក ដោយសារ​មិន​អាច​បំពេញ​ការងារ​បាន ហើយ​បើ​កាត់​មែននោះ អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​មិន​អាច​បង់​សង​ធនាគារ​បាន​ផងដែរ ។

លោក ផៃ ភី រៀបរាប់​យ៉ាង​ដូច្នេះថា ៖ «ជាទូទៅ ក្រុមហ៊ុន​និយាយ​ថា ទោះបី​យើង​មិន​ធ្វើការ​ យើង​មាន​ប្រាក់ខែ ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ដឹង​ថា​ដល់​ថ្ងៃ​ត្រូវ​បើក​ប្រាក់​ខែ ក្រុមហ៊ុន​និយាយ​បែប​ណា​វិញ​ទេ ពីព្រោះ​កុងត្រា​ការងារ ឬច្បាប់​ការងារ វា​អាច​មាន​ការ​ប្រែប្រួល អ៊ីចឹង វា​អាច​ធ្វើ​ឱ្យ​មាន​ការបាត់បង់​ចំណូល អាច​នឹង​ប៉ះពាល់ ​ហើយ​ម្យ៉ាង យើង​ត្រូវការ​ចំណាយ​ច្រើន​ទៅ​លើ​គ្រួសារ ជំពាក់​គេ​ខ្លះ និង​ធនាគារ​[ខ្លះ] ។»

លោក ផៃ ភី បន្ថែមទៀតថា ៖ «បើសិន​ជា​យើង​មិន​បង្វិល​លុយ​ឱ្យ​ធនាគារ​ទាន់​ពេល យើង​អាច​មាន​បញ្ហា ពីព្រោះ​ធនាគារ​ដឹង​តែ​បាន​ពី​យើង ទោះបីយើង​ជាប់​នៅ​ធ្វើ​តាឡីស័ក តែ​គេ​អត់​ដឹង​ទេ គេដឹង​ថា​យើង​មាន​កាតព្វកិច្ច​បង្វិល​លុយ​ឱ្យ​គេ​វិញ ។»

លោ ផៃ ភី បាន​និយាយ​ថា រដ្ឋាភិបាល​មិនទាន់​មាន​វិធានការ​ណា​ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​នៅ​ឡើយ​ទេ សម្រាប់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការសង​បំណុល ហើយ​លោក​សំណូមពរ​​ឲ្យ​រដ្ឋ​ជួយ​ផង  ៖ «ខ្ញុំមិន​ទាន់​ឃើញ​ខាង​រាជ​រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ​ណា​មាន​វិធានការ​ដើម្បី​សម្រួល​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​នៅ​ក្នុង​ឃុំ​នេះ គឺ​មិន​ទាន់​មាន​ទេ ។ ប្រសិនរាជរដ្ឋាភិបាល ឬ​មន្រ្តី​ពាក់ព័ន្ធ​ជួយ​សម្រួល​ដល់​ការងារ​ហ្នឹង ខ្ញុំ​គិត​ថា​ល្អ ពីព្រោះ​រដ្ឋាភិបាល​ជា​អាជ្ញាធរ ជា​ឪពុក​ម្តាយ​គួរតែ​ជួយ​ក្នុង​គ្រា​លំបាក​ពី​ព្រោះ​ប្រជាជន​ពេល​នេះ កំពុងតែ​បាត់​បង់​ចំណូល​ច្រើន ។ រឿង​បាត់​បង់​ចំណូល​មួយ​ផ្នែក ហើយវា​មាន​រឿង​បំណុល​ទៀត ។»

លោក រឿន សុភ័ក្ត្រ ជា​អាជីវករ​​នៅក្នុង​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល បាន​ប្រាប់ Newsroom Cambodia ថា អាជីវកម្ម​របស់​លោក​ត្រូវ​ផ្អាក​ដូច​អ្នក​ស្រុក​ផ្សេងទៀត​ដែរ ហើយ​លោក​ក៏​មាន​បញ្ហា​ជំពាក់​លុយ​ខាង​ធនាគារ​ខ្លះ ប៉ុន្តែ លោក​អាច​នៅ​មាន​លទ្ធភាព​បង់​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​បាន​មួយ​រយៈពេល​ទៀត ។

លោក រឿន សុភ័ក្ត្រ បាន​និយាយ​យ៉ាង​ដូច្នេះថា ៖ «ខ្ញុំ​ជាប់​ធនាគារ​ដែរ មួយ​ខែ​បង់​ជាង ១០០​ដុល្លារ ប៉ុន្តែ មិនអីទេ ខ្ញុំ​អាច​រក​តាម​អនឡាញ​ខ្លះ យូធ្យូប​ខ្លះ អ៊ីចឹង​ខ្ញុំ​អាច​មាន​ចំណូល​ក្រៅ​បាន ប្រសិន​បើ​ជា​យើងរត់​រួច​ យើង​អត់​ចង់​ផ្អាក​បង់នោះ​ទេ បើ​យើង​នៅ​ជំពាក់​ធនាគារ គឺ​នៅតែ​ជំពាក់​ដដែល អ៊ីចឹង​បើ​យើងមាន​លទ្ធភាព​បង់​បាន គឺ​បង់ ពីព្រោះ​ធនាគារ ក៏​រកស៊ី​ដែរ ។»

បុរស​អាយុ ៣៤​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា លោក​ក៏​មានការលំបាក​ខ្លះ​ដែរ ពីព្រោះ​លោក​មិន​អាច​រកស៊ី​បាន ហើយ​មិនដឹង​ថា​អាច​បើក​រកស៊ី​វិញ​បាន​នៅ​ពេល​ណា​នោះទេ ប្រសិនបើ​រដ្ឋាភិបាល ឬ​ធនាគារ ជួយ​សម្រួល​មិន​ឱ្យ​បង់សង​រយៈពេល​ខ្លះណា​មួយ ក៏​ល្អ​ដែរ ពីព្រោះ​លោក​អាច​មាន​លុយ​សម្រាប់បម្រុង​ទិញ​ស្បៀង​ទុក​បរិភោគ​សម្រាប់​គ្រួសារ ។

លោក រឿន សុភ័ក្ត្រ បាន​បន្ថែម​ថា ៖ «ប្រសិន​បើ [រាជ​រដ្ឋាភិបាល ឬធនាគារ] ជួយ​សម្រួល អាច​លើក​ការបង់​បាន ១​ខែ ឬ ២ខែ រឹតតែ​ល្អ​មែនទែន ព្រោះយើង​អាច​មាន​ថវិកា​បម្រុង​ទិញ​ស្បៀង​ហូប​ចុក​ ណាមួយ​យើង​មិន​អាចចេញ​ទៅ​រក​លុយ​ឯណា​បាន វា​ពិបាក​ដែរ ។»

លោក ហ៊ូ ស៊ានហោ ជា​អ្នក​លក់ដូរ​ចាប់ហួយ​ នៅក្នុង​​ឃុំ​សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បាន​ប្រាប់ Newsroom Cambodia ថា ចំពោះ​គ្រួសារ​របស់​គាត់ គឺ​មិន​មាន​បញ្ហា​អ្វី​ច្រើន​ទេ​នៅ​ពេល​នេះ ហើយ​ចំពោះ​បញ្ហា​ធនាគារក៏​​ដូចគ្នា ដោយសារ​លោក​នៅ​អាច​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​បាន ។

លោក ហ៊ូ ស៊ានហោ បាន​និយាយ​យ៉ាង​ដូច្នេះថា ៖ «ខ្ញុំ​បង់​សង​ធនាគារ​តិចៗ​ដែរ ហើយ​បង់​រំដោះ​ធនាគារ​ក៏ជិត​រួច​ដែរ​ហើយ អ្នក​ដែល​ធូរធារ គឺ​មិន​មាន​ជា​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​អ្នកក្រ គឺ​ពិបាក​ដែរ​ហ្នឹង ។»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​នូវ​ការបិទ​ចរាចរណ៍​ក្នុង​ឃុំ​សំពៅពូន​មួយ​រយៈ ប៉ុន្តែ គណបក្ស​ប្រជាធិតេយ្យ​មូលដ្ឋាន ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ធនាគារ​គួរតែ​គិតគូរ ឬ​ពន្យារ​ពេល​នៃ​ការបង់​រំលោះ​ដល់​អតិថិជន​ដែល​រស់នៅ​ក្នុង​ឃុំ​សំពៅពូន​នោះ​ផងដែរ ។

លោក យ៉ង សាំងកុមារ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ Newsroom Cambodia ថា មូលហេតុ​ដែល​គណបក្ស​លើក​បញ្ហា និង​ការ​សំណូមពរ​នេះ​ឡើង​ គឺ​គណបក្ស​បាន​សិក្សា​ជាក់ស្តែង​ជាមួយ​ប្រជាពលរដ្ឋ និង​តាម​ការសំណូមពរ​របស់​ប្រជាជន​នៅក្នុង​តំបន់​នោះ ។

លោក យ៉ង សាំងកុមារ និយាយយ៉ាងដូច្នេះថា ៖ «នេះបើតាម​ស្ថានភាព​ជាក់ស្តែង​ដែល​យើង​បាន​សង្កេត​ឃើញ​ តាមរយៈ ទី១ ការសិក្សា​ស្រាវជ្រាវ​នៅ​មូលដ្ឋាន​ផ្ទាល់ ទី២ តាមរយៈ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ។»

លោក អ៊ុក ស្រ៊ន មេឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល បាន​ប្រាប់ Newsroom Cambodia ថា ចំពោះបញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដែល​មិនមាន​កាងារ​ធ្វើ គឺ​លោក​បាន​ត្រៀម​ខ្លួន និង​កំពុង​សម្រប​សម្រួល​តាម​លទ្ធភាព​ដែល​ឃុំ​អាច​ធ្វើបាន តាមរយៈ​សប្បុរសធម៌ អំណោយ​ពី​វត្ត​អារ៉ាម ដើម្បី​ជួយដោះ​ស្រាយ​បងប្អូន ដែល​មាន​ទុក្ខ​លំបាក ៖ «ខ្ញុំ​ត្រៀម​ខ្លួន​ប្រឈម​នឹង​កិច្ចការងារ​ហ្នឹង ខ្ញុំ​ឱ្យ​បងប្អូន​ក្រុមប្រឹក្សា​ឃុំ​របស់​ខ្ញុំ​ដើរ​ទៅ​ទាក់ទង​ទៅ​មើល​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ជួប​ហានិភ័យ​ទាំងអស់ វា​មិន​មាន​រីករាលដាល​មែន តែ​ប្រជាជន​ត្រូវ​អត់​ការងារ​ធ្វើ អ៊ីចឹង​តើ​យើង​ត្រូវ​ដោះស្រាយ​យ៉ាង​ដូច​ម៉េច លក្ខខណ្ឌ​បែប​ណា​ឃុំអាច​ដោះស្រាយ​បាន សម្រប​សម្រួល​បាន​តាមរយៈ​សប្បុរសជន ឬ​តាម​វត្ត​តាម​អារ៉ាម គឺ​ឃុំព្យាយាម​ធ្វើ បើ​លក្ខខណ្ឌ​ណា​ថ្នាក់​ស្រុក លក្ខខណ្ឌ​បែប​ណា​ថ្នាក់ជាតិ យើង​យក​ចិត្តទុកដាក់​ដែរ ដោយ​ខ្ញុំ​ធ្វើ​ការងារ​នេះ​ជាមួយ​បង​ប្អូន ។»

លោក អ៊ុក ស្រ៊ន បាន​បន្ថែមថា ៖ «សមត្ថកិច្ច ដើរ​មើល​រាល់​ថ្ងៃ ព្រឹក​ព្រលឹម​យប់ សំខាន់​យើង​កុំ​ផ្តាច់​ការទំនាក់​ទំនង​ពីកន្លែង ពីព្រោះ​យើង​ដឹង​ថា​បង​ប្អូន​ភាគ​ច្រើន​ទៅ​ធ្វើកម្មករ ខ្លះ​ចុងភៅ​ជាដើម អ៊ីចឹង​យើង​ធ្វើការ​ហ្នឹង​ ប្រយ័ត្ន​មែនទែន ប្រសិន​បើ​ពន្យារពេល ឬ​យឺតយ៉ាវ​ការងារ​ហ្នឹង​​យូរ វា​អាច​នឹង​មាន​បញ្ហា ។»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ប្រាប់ Newsroom Cambodia ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​គិតគូរ​ទៅលើ​អ្វី​ដែល​ជា​អាទិភាព​ចម្បង ដូចជា ករណី​កូវីដ​១៩ កុំឱ្យ​មាន​ការរីករាលដាល​បន្ត​ក្នុង​សហគមន៍ ហើយ​លោក​បន្ត​ទៀតថា ចំពោះ​ថវិកា​ជួយ​ទំនុក​បម្រុង​ខាង​ឃុំ​សំពៅពូន លោក​មិនសូវ​ជា​ច្បាស់​ប៉ុន្មាន​ទេ ។

លោក ផៃ ស៊ីផាន បាន​និយាយ​ដូច្នេះ​ថា ៖ «ការចំណាយ​ថវិកា​ទៅ​ខាង​ឃុំ​សំពៅលូន ទាល់តែ​សួរ​ទៅ​ខាង​ក្រសួង​មហាផ្ទៃ ខ្ញុំ​ក្តាប់​មិន​បាន​ទេ ក៏ប៉ុន្តែ​ ទីមួយ ចង់​ជម្រាប​ជូន​មូលនិធិ​ភូមិឃុំ ដែល​ជា​មូលនិធិ​ទិសដៅ​ការអភិវឌ្ឍន៍ យើង​ផ្អាក​មួយ​រយៈសិន ដើម្បី​ទុក​លុយ​ហ្នឹង​ប្រើប្រាស់​ទិសដៅ អ្វី​ទៅ​ជា​អាទិភាព ដូចជា សកម្មភាព​ប្រឆាំង​ជាមួយ​កូវីដ ១៩ នៅក្នុង​សហគមន៍​របស់​យើង ដូចជា ការកាត់​បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​របស់​យើង គឺ​ខ្ទង់​បែរ​ទៅហ្នឹង» ៕

អត្ថបទ​ដោយ លាស់ លីបលីប សិក្ខាកាម​នៃ​កម្មវិធីបណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​ Newsroom Cambodia




អត្ថបទបន្ទាប់


គម្រោងអភិវឌ្ឍន៍«បឹងអច្ឆរិយៈអង្គរ» តម្លៃ ៣៥០លានដុល្លាររបស់ NagaCorp នៅសៀមរាប ពុំអាចអនុវត្តបានទេ!

ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ២៣ ខែមីនានេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានបញ្ជាក់ថា សំណើគម្រោងអភិវឌ្ឍន៍ «បឹងអច្ឆរិយៈអង្គរ» នៅ…

អ្នកជំនាញថា ការបន្ធូរបន្ថយចំពោះអ្នកទិញអចលនវត្ថុបង់រំលស់ មានទាំងផលវិជ្ជមាន និងអវិជ្ជមាន

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មើលឃើញថា ការអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុបន្ធូរបន្ថយចំពោះអ្នកទិញអចលនវត្ថុនៅអំឡុងពេលដ៏លំបាកនៃក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ