ការប្រកាសពន្យារពេលវាយប្រហារលើអ៊ីរ៉ង់របស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រការទូតផង និងគាបសង្កត់ផងរបស់លោក ត្រាំ ដើម្បីបង្ខំឱ្យទីក្រុងតេហេរ៉ង់ បើកច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចប្រេងរបស់ពិភពលោកឡើងវិញ។ បើតាមទីភ្នាក់ងារព័ត៌មាន Aljazeera លោក ត្រាំ បានបង្ហោះសារយ៉ាងក្តៅគគុកលើបណ្ដាញ Truth Social ថា តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ លោកសម្រេចផ្អាកគម្រោងវាយកម្ទេចរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ចំនួន ១០ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៦ ខែមេសា ហើយលោកត្រាំ ថែមទាំងបានឌឺដងផ្លែផ្កា ទៅកាន់អ្នកសារព័ត៌មានថា ការចរចាកំពុងដើរទៅមុខយ៉ាងរលូន បើទោះបីជាពួកសារព័ត៌មានក្លែងក្លាយព្យាយាមនិយាយផ្ទុយពីការពិតក៏ដោយ។
នេះមិនមែនជាលើកទី១នោះទេ ដែលមេដឹកនាំអាម៉េរិករូបនេះបានប្រើប្រាស់យុទ្ធសាស្ត្រពន្យារពេល ដើម្បីដោះដូរនឹងអ្វីមួយ ដោយកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន លោក បានគំរាមវាយកម្ទេចរោងចក្រអគ្គិសនីធំៗរបស់អ៊ីរ៉ង់ឱ្យក្លាយជាផេះ ប្របើសិនច្រក Hormuz មិនបើកក្នុងរយៈពេល៤៨ម៉ោង។ បន្ទាប់មកនៅថ្ងៃចន្ទទី ២៣សប្តាហ៍នេះ លោកត្រាំ ក៏បានពន្យារពេលបន្ថែម ៥ថ្ងៃក្រោមហេតុផលមានកិច្ចសន្ទនាល្អជាមួយអ៊ីរ៉ង់។
ទោះយ៉ាងណាក៏ដោយ ស្ថានការណ៍ហាក់ដូចជានៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ខណៈភាគីអ៊ីរ៉ង់ បានចេញមុខទាត់ចោលទាំងស្រុងនូវការអះអាងរបស់លោក ត្រាំ។ អ៊ីរ៉ង់ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គ្មានការចរចាណាមួយជាមួយអាម៉េរិកឡើយ ហើយថែមទាំងព្រមានតបវិញថា បើសិនអាម៉េរិក ឬអ៊ីស្រាអែល ហ៊ានប៉ះពាល់ដល់បណ្តាញថាមពលរបស់ខ្លួន សង្រ្គាមទ្រង់ទ្រាយធំនឹងផ្ទុះឡើងក្នុងតំបន់ជាក់ជាមិនខាន៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារ