អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រ៊ីឌ្រីច មើរហ្ស៍ (Friedrich Merz) បានប្រាប់សមាជិកសភាអាល្លឺម៉ង់ ថា លោកយល់ស្របចំពោះហេតុផលដែលមិនចង់ឱ្យអ៊ីរ៉ង់ បង្កការគំរាមកំហែងដល់ប្រទេសជិតខាង ប៉ុន្តែលោកនៅមានការសង្ស័យអំពីហេតុផលនៅពីក្រោយសង្គ្រាមអាម៉េរិកចាប់ដៃជាមួយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ថា រហូតមកទល់ពេលនេះមិនទាន់មានផែនការណាមួយ ដែលគួរឱ្យជឿបានថា ប្រតិបត្តិការយោធានេះនឹងទទួលបានជោគជ័យដោយរបៀបណានៅឡើយទេ។ បងធំនៅអឺរ៉ុបមួយនេះបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនបានពិគ្រោះជាមួយនរណានោះទេ ហើយក៏មិនបានប្រាប់ថា ជំនួយពីអឺរ៉ុប គឺជារឿងចាំបាច់នោះដែរ។
ជាមួយគ្នានេះ លោក បូរីស ភីស្តូរីអឺស (Boris Pistorius) រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់បានទះកំផ្លៀងអាម៉េរិកមួយទំហឹងថា៖«នេះមិនមែនជាសង្គ្រាមរបស់យើងទេ យើងមិនបានចាប់ផ្តើមវាទេ»។ ចំណែកប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក៏បានលើកឡើងដូចអាល្លឺម៉ង់ដែរថា បារាំងមិនមែនជាភាគី នៃជម្លោះនោះទេ។
មេដឹកនាំអឺរ៉ុប បានបដិសេធការចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារវាងអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដោយសារបារម្ភថា ពួកគេត្រូវបានអូសទាញឱ្យចូលក្នុងជម្លោះ ដែលមិនអាចទាយទុកមុន និងមិនបានដឹងពីគោលបំណងពិតប្រាកដ ជាពិសេសសង្គ្រាមជាអ្វីដែលពលរដ្ឋរបស់ពួកគេមិនចូលចិត្ត។
លោកស្រី ខាចា ខាលឡាស (Kaja Kallas) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានលើកឡើងថា អឺរ៉ុបនាពេលនេះមានភាពនឹងធឹងជាងមុនក្នុងការដោះស្រាយបញ្ហា។ លោកស្រី បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពដែលមិនអាចទាយទុកមុនបានបែបនេះ អឺរ៉ុបត្រូវតែរក្សាភាពស្ងប់ស្ងាត់ និងតាំងស្មារតីឱ្យខ្ពស់បំផុត។
សរុបមកជំហររួមរបស់មេដឹកនាំអឺរ៉ុបនៅពេលនេះ គឺការបង្ហាញឯកភាពផ្ទៃក្នុង និងការរៀនរស់នៅជាមួយយុទ្ធសាស្ត្រការបរទេសរបស់លោក ដូណាល់ ត្រាំ ដែលពួកគេយល់ឃើញថា មានភាពប្រែប្រួលលឿន និងខ្វះភាពប្រាកដប្រជាបំផុត៕
អត្ថបទៈ សួន ឡង់ទី