Advertisement
ការដឹកជញ្ជូន​តាមផ្លូវទឹក

នាវា​ដឹកអ្នកដំណើរ ​​ក្នុង​រាជធានីភ្នំពេញ លែងសូវមានអ្នកចាប់អារម្មណ៍ដូចគ្រាមុន


ចាប់តាំងពីបើកដំណើរការនាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក កាលពីដើមខែមេសា ឆ្នាំ២០១៨ កន្លងទៅ រហូតមកទល់ពេលនេះ គឺមាន​រយៈពេល ១ឆ្នាំហើយ។ ប៉ុន្ដែ នារយៈចុងក្រោយនេះ មធ្យោបាយធ្វើដំណើរមួយនេះ ហាក់មិនសូវមានការ​ចាប់អារម្មណ៍ ធ្វើដំណើរច្រើន​នោះឡើយ ពោលគឺចាប់អារម្មណ៍តែគ្រាបើកដំបូងប៉ុណ្ណោះ។ នាពេលថ្មីៗនេះ ក្រុមការងារសារព័ត៌មាន អេឡិចត្រូនិក ខេមបូណូមីស បានចុះអង្កេតផ្ទាល់ ឃើញថា មធ្យោបាយ​មួយនេះ ពិតជា​មានអ្នកដំណើរ​កាន់តែតិចទៅៗ ទោះបីជា មិនគិតថ្លៃក៏ដោយ ហើយមានពេលខ្លះដល់ម៉ោងត្រូវចេញដំណើរទាំងគ្មានមនុស្ស​ជិះសោះក៏មានដែរ។
នាវា​ដឹកជញ្ជូន​អ្នកដំណើរ ​​ក្នុង​រាជធានីភ្នំពេញ លែងសូវមានអ្នកចាប់អារម្មណ៍ដូចគ្រាមុន
ដោយ
Advertisement

ក្រុមអ្នកយក​ព័ត៌មាន​របស់​សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមីស ​បាន​ចុះ​អង្កេត​ផ្ទាល់​ដោយ​បានធ្វើដំណើរ​តាម​នាវាដឹក​ជញ្ជូនតាមផ្លូវ​ទឹក​នេះផងដែរ បាន​កត់សម្គាល់ឃើញ​ថា ពិត​មានមនុស្ស​ជិះតិច​តួច​ណាស់​ ពោលគឺ​មាន​ប្រហែលតែ ៥ ទៅ៦នាក់តែ​ប៉ុណ្ណោះ​ក្នុងមួយជើង ខណៈ​នាវានោះ អាចផ្ទុក​អ្នកដំណើរ​បាន​រាប់សិប​អ្នកឯណោះ​ក្នុងមួយជើងៗ។

ប្រជាពលរដ្ឋដែល​និយម​ធ្វើដំណើរតាម​ផ្លូវគោក​លើកឡើងថា មូលហេតុ​ដែលគេ​មិនធ្វើ​ដំណើរ​តាមផ្លូវទឹក​ដោយសារ​តែ​ចំណត​នាវា​ដឹកជញ្ជូន​នៅឆ្ងាយ​ពីផ្ទះរបស់​ពួកគេ ហើយនាវា​នោះ ដឹកបាន​តែមនុស្ស ដោយ​មិនអាច​ដាក់យាន​ជំនិះ​ផ្សេងៗទៀត​បាន។ ដូច្នេះ បើពួកគេ​ធ្វើដំណើរ​តាម​មធ្យោបាយ​មួយនេះ គឺពិបាក​នឹង​រកមធ្យោបាយ​ធ្វើដំណើរ​ផ្សេងទៀត​ដើម្បី​ធ្វើដំណើរ ពេលទៅដល់​ចំនុច​ដែល​ត្រូវចត។ រីឯ​អ្នកខ្លះ​ទៀត​លើកឡើងថា ការប្រើ​ប្រាស់​មធ្យោបាយ​ខ្លួនឯង មានភាពងាយ​ស្រួលជាង​ប្រើមធ្យោបាយ​សាធារណៈ។

យ៉ាងណាក៏ដោយចុះ តាម​ការ​សាកសួរ​ពលរដ្ឋ​ជាអ្នកដំណើរ កំពុងធ្វើជិះ​នាវា​ដឹកជញ្ជូន​របស់​ក្រសួង​សាធារណការ​ជា មួយគ្នា​ឲ្យ​ដឹងថា ការធ្វើ​ដំណើរ​តាមផ្លូវទឹក​ពិត​ជា​ងាយស្រួល​ ហើយចំណេញ​បានច្រើន។ ពលរដ្ឋ​ម្នាក់ទៀត​​បាន​លើកឡើង​ស្រដៀង​គ្នាថា ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវទឹក ពិតជា​មានអត្ថ​ប្រយោជន៍​ច្រើន ដោយចំណេញ​ថវិកា ពេលវេលា ឆាប់រហ័ស ព្រោះថា មិនមាន​ការកក​ស្ទះចរាចរណ៍​ដូច​ការ​ធ្វើដំណើរ​តាមផ្លូវទឹក​នោះទេ។

ក្នុងនាមជា​អ្នកដែល​គាំទ្រមធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវទឹក​របស់ក្រសួង​សាធារណការ ពលរដ្ឋមួយ​ចំនួន​បាន​សម្តែងនូវ​ការ​​សោក​ស្តាយដែរ ដោយពួកគាត់​សង្កេត​ឃើញថា បច្ចុប្បន្ន​មិនសូវមាន​មនុស្សធ្វើ​ដំណើរ​ច្រើន​ដូចគ្រា​មុនឡើយ ពោលមានតែ ៤ទៅ ៥នាក់​តែប៉ុណ្ណោះ ខណៈដែល​នាវា​នីមួយៗ​អាច​ផ្ទុក​មនុស្ស​បានពី ៣០ ទៅ៥០ នាក់ឯណោះ។

នាវា​ដឹកអ្នកដំណើរ​ កំពុងចត​រង់ចាំ​ភ្ញៀវជិះ
Advertisement

តាមរយៈការឆ្លងឆ្លើយ​ជាមួយ​អ្នកយក​ព័ត៌មាន​ខេមបូណូមីស តាមទូរ ស័ព្ទ លោកម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ បានបញ្ជាក់ សភាព​នៃនាវា​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​នាពេលនេះ មិនខុស​ពីការដំណើរ​រថយន្ត​ក្រុង​សាធារណៈ​លើដំបូង​ទេ គឺមិន​មានសូវ​មានមនុស្ស​ចាប់អារម្មណ៍​ដូចគ្នា តែលុះក្រោយមកទៀត ​ពលរដ្ឋ ក៏ចាប់​ផ្តើមយល់​ដឹង​បណ្តើរៗ ជាហេតុ នាំសាលា​រាជធានី​បង្កើន​ខ្សែរត់​ និងចំនួន​រថយន្ត​បន្ថែម​ទៀតជាហូរហែ។ ចំពោះ​នាវាដឹក​ជញ្ជូន​សាធារណៈ​ក៏ដូចគ្នា គឺត្រូវការ​ពេលវេលា​បន្តិច ដើម្បីឲ្យ​ពលរដ្ឋ​យល់ដឹង​អត្ថ​ប្រយោជន៍ នៃការធ្វើ​ដំណើរតាម​ផ្លូវទឹក​នេះ ។ លោកបន្តថា បើទោះបច្ចុប្បន្ន​ខ្សត់ពលរដ្ឋ​ធ្វើដំណើរ​តាម​មធ្យោបាយនេះ ក្តី ក៏សាលារាជ​ធានី​មិនមាន​គម្រោង​នឹងបិទ​សេវានេះដែរ។

បច្ចុប្បន្នការដឹកជញ្ជូន​តាមផ្លូវទឹក​នេះ មាននាវា​ចំនួន០៤គ្រឿង សម្រាប់ដឹក​អ្នកដំណើរ ពីចំណត​ក្នុងទីក្រុង​ភ្នំពេញ-តាខ្មៅ ដោយចេញ​ពីព្រែកព្នៅ ទៅដល់​ក្រុងតាខ្មៅ ត្រូវឆ្លង​កាត់ស្ថានីយ​ចំនួន០៦ គឺស្ថានីយចំនួន​០៤ កំពុង​ដំណើរការ ហើ០២ទៀតកំពុង​សាងសង់​ជិតរួចរាល់​ហើយ។​ ការធ្វើដំណើរ​ពីចំណត​មួយទៅ​ចំណត​មួយទៀត​ត្រូវប្រើរយៈពេល​ ៣ទៅ១០នាទី និង​ឈប់ដាក់​អ្នកដំណើរ​ឡើងចុះ​ប្រមាណជា ១០នាទី​ទៀត។ 

នាវាដឹកជញ្ជូន​អ្នកដំណើរនេះ មានល្បឿន​ជាមធ្យម ៤០គីឡូម៉ែត្រ​ក្នុងមួយម៉ោង និងប្រើ​រយៈពេល​ប្រហែល ៤៥នាទី ពីស្ថានីយព្រែកព្នៅ ទៅដល់​ក្រុង​តាខ្មៅ និងពីតាខ្មៅ​ទៅព្រែកព្នៅ​វិញ។

សេវាដឹកជញ្ជូនសាធារណៈ​តាមផ្លូវទឹក​មួយនេះ​គឺដំណើរ​ការជា​ប្រចាំ គឺចាប់ពីម៉ោង ៥៖ ៣០នាទីព្រឹក រហូត​ដល់ម៉ោង​៥៖៣០នាទីល្ងាច និងប្រតិបត្តិការ​ក្នុងមួយ​សប្តាហ៍​៧ថ្ងៃ។ ដំបូងឡើយ ការជិះ គឺមិនគិត​ថ្លៃ​នោះទេ ដោយត្រូវ​ផុតសុពល​ត្រឹមថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ ហើយ​ត្រូវគិត​ថ្លៃវិញ ចាប់ពីថ្ងៃទី ០២ ខែ​សីហា ឆ្នាំ២០១៨​តទៅ តែរហូតមកទល់​នឹងពេលនេះ គឹនៅតែបន្តជិះ​មិនគិតថ្លៃ​ដដែល ដោយមន្រ្តី​មិនទាន់​អាចបញ្ជាក់ថា ពេលណាទើប​គិតថ្លៃ​វិញ​នោះទេ។

ពលរដ្ឋដែលតែ​និយមគាំទ្រ​នាវា​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក ពួកគាត់​ព្រួយ​បារម្ភថា បើសិនជា​មនុស្ស​នៅជិះ​តិច​បែប​នេះ នាវាដឹកជញ្ជូន​តាមផ្លូវទឹក​នេះអាច​នឹងបិទ​ទៅវិញនៅថ្ងៃណា​មួយ នោះ​ពួក​គាត់នឹងមានការ​សោក​ស្តាយមិនខាន។

គួរបញ្ជាក់ថា ក្រៅពី​ការដឹកជញ្ជូនតាមផ្លូវទឹកនេះដែរ គេសង្កេតឃើញថា សេវា​ដឹកជញ្ជូន​តាមផ្លូវ​ដែក គឺ​រថភ្លើង​ចេញ ចូលព្រលានយន្ដ​ហោះអន្តរ​ជាតិ​ភ្នំពេញ ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​សារធារណការ និងដឹកជញ្ជូនដែរនោះ ក៏កំពុង​ស្ថិតនៅក្នុង​ស្ថានភាព​មិន​ខុសគ្នា​ពី​នាវា​ដឹកជញ្ជូន​តាមផ្លូវទឹកនេះទេ ពោលគឺ តាម​ការកត់សម្គាល់​ជាក់ស្ដែង​ រាល់ថ្ងៃ មិនសូវ​ជាមាន​អ្នកធ្វើដំណើរ​នោះឡើយ ហើយមានថ្ងៃខ្លះ បើកទៅមក​ទូររថភ្លើងទទេរ​ទាំងគ្មានអ្នកជិះទៀតផង៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត ផ្លែស្វាយវៀតណាម ៨តោន ត្រូវបានដឹកចេញ​ទៅអាមេរិក ជាលើកដំបូងហើយ!

ព័ត៌មាន
នៅទីបំផុត ផ្លែស្វាយវៀតណាម ៨ តោន ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅអាមេរិក ជើងដំបូង ក្រោយពីបានត្រួតពិនិត្យស្ដង់ដារគុណភាពរួចរាល់ដោយ សេវាអធិក...

វិធីសាស្រ្ត​៤​យ៉ាង» ដើម្បី​ទប់ទល់​និង​ចាប់​យក​ឱកាស​ ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​មាន​វិបត្តិ

ព័ត៌មាន
ទីផ្សារ​អចលនទ្រព្យ​ជា​ទីផ្សារ​លិច​-អណ្តែត។ អណ្តែត​បួន​ដប់​ឆ្នាំ លិច​បី​បួន​ឆ្នាំ បើ​អ៊ីចឹងទេ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​រស់បាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ