Trump Organization គឺជាក្រុមហ៊ុនរបស់គ្រួសារលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ខណៈក្រុមហ៊ុននេះ ត្រូវបានរាយការណ៍ថា មានគម្រោងវិនិយោគចំនួន៣ ដែលប្រើប្រាស់យីហោ Trump កំពុងស្ថិតក្នុងដំណើរការរៀបចំដើម្បីសាងសង់នៅប្រទេសវៀតណាម។
ក្នុងចំណោមគម្រោងទាំងនោះ រួមមានគម្រោងអភិវឌ្ឍន៍ទីលានវាយកូនហ្គោលដ៏ធំមួយ ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារ នៅតំបន់ក្បែរទីក្រុងហាណូយផងដែរ ដោយមានដៃគូក្នុងស្រុករបស់ Trump Organization ជាអ្នកអភិវឌ្ឍ។
ប្រភពចំនួន៣ ដែលដឹងពីគម្រោងនេះ បានឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលវៀតណាម បានជួបពិភាក្សាជាមួយដៃគូរបស់ Trump Organization កាលពី ទី២៦ ខែវិច្ឆិកា ដែលក្នុងនោះមានក្រុមហ៊ុន Kinh Bac City Development Holding ផងដែរ ដើម្បីពិភាក្សាអំពីគម្រោងសាងសង់អគារខ្ពស់កប់ពពកនៅទីក្រុងហាណូយនេះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគម្រោងទាំងនេះមិនតម្រូវឱ្យ Trump Organization ដាក់ទុនវិនិយោគផ្ទាល់ខ្លួនសម្រាប់ការអភិវឌ្ឍគម្រោងទាំងមូលនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនដៃគូក្នុងស្រុកវៀតណាម គឺជាអ្នកទទួលបន្ទុកលើការរកដើមទុនមកអភិវឌ្ឍ និងការវិនិយោគ ខណៈ Trump Organization គ្រាន់តែផ្ដល់សិទ្ធិប្រើប្រាស់យីហោ Trump ព្រមទាំងជំនាញ និងសេវាកម្មពាក់ព័ន្ធនឹងការគ្រប់គ្រង ឬប្រតិបត្តិការអាជីវកម្មតែប៉ុណ្ណោះ។ ជាថ្នូរនឹងការផ្ដល់សិទ្ធិ និងសេវាកម្មទាំងនេះ ក្រុមហ៊ុន Trump Organization អាចទទួលបានចំណូលពីកម្រៃលើសិទ្ធិប្រើប្រាស់យីហោ កម្រៃសេវាគ្រប់គ្រង និងប្រាក់ចំណូលមួយចំណែកពីការលក់អចលនទ្រព្យ ស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងជាមួយដៃគូក្នុងស្រុក។
បើតាមប្រភពមួយដែលដឹងពីផែនការនេះបានបញ្ជាក់ថា គម្រោងសាងសង់អគារ Trump Tower នៅទីក្រុងហាណូយ ត្រូវបានដាក់ជូនរដ្ឋាភិបាលវៀតណាមពិនិត្យតាំងពីខែឧសភាមកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានការអនុម័តជាផ្លូវការនៅឡើយទេ។
គួរកត់សម្គាល់ថា ជំនួបពិភាក្សារវាងមន្ត្រីរដ្ឋាភិបាលវៀតណាម និងដៃគូរបស់ Trump Organization នេះ កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីលទ្ធភាពដាក់ពន្ធគយថ្មីរហូតដល់ ៣៥% លើទំនិញវៀតណាម។ ទោះជាយ៉ាងណា អត្រាពន្ធនេះអាចត្រូវបានកាត់បន្ថយមកត្រឹម ២០% ប្រសិនបើប្រទេសទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕