
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ពីររូបរបស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា លោក ដូណាល់ ត្រាំ មានផែនការសាងសង់រោងចក្រចម្រាញ់រ៉ែសំខាន់ៗ និងរ៉ែកម្រនៅតាមមូលដ្ឋានយោធាអាម៉េរិក ដើម្បីបង្កើនការផលិតរ៉ែសំខាន់ៗ និងរ៉ែកម្រដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ហើយថា លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាមួយក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញការចម្រាញ់រ៉ែទាំងនោះសម្រាប់សហរដ្ឋអាម៉េរិក។
ប្រភពអនាមិកដដែលបានឱ្យដឹងទៀតថា ជាផ្នែកមួយនៃបទបញ្ជារបស់លោក ដូណាល់ ត្រាំ ក្រសួងការពារជាតិអាម៉េរិក នឹងធ្វើការជាមួយបណ្ដាទីភ្នាក់ងារសហព័ន្ធផ្សេងទៀតរបស់សហរដ្ឋអាម៉េរិក ដើម្បីសាងសង់រោងចក្រចម្រាញ់រ៉ែ នៅតាមមូលដ្ឋានយោធារបស់ខ្លួន។
ការប្រើប្រាស់មូលដ្ឋានយោធាសាងសង់រោងចក្រចម្រាញ់រ៉ែសំខាន់ៗ និងរ៉ែកម្រនេះឆ្លុះបញ្ចាំងពីការផ្ដោតការយកចិត្តទុកដាក់របស់លោក ដូណាល់ ត្រាំ លើបញ្ហាសន្តិសុខជាតិ ដោយសារតែសព្វាវុធជាច្រើនរបស់សហរដ្ឋអាម៉េរិក ដូចជាយន្តហោះចម្បាំង នាវាមុជទឹក គ្រាប់កាំភ្លើង និងគ្រឿងសព្វាវុធផ្សេងៗទៀត ត្រូវបានផលិតឡើងដោយប្រើប្រាស់រ៉ែកែច្នៃដោយក្រុងប៉េកាំង។
ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏គ្រោងតែងតាំងមន្ត្រីរ៉ែសំខាន់មួយរូបឱ្យមើលការខុសត្រូវលើការងារនេះ ស្រដៀងទៅនឹងចំណាត់ការរបស់ប្រធានាធិបតីមុនៗដូច្នោះដែរ។ ផែនការនេះកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ហើយអាចនឹងមានការកែប្រែខ្លះ មុននឹងលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជានោះ។
មន្ត្រីមួយចំនួននៃរដ្ឋបាលលោក ដូណាល់ ត្រាំ មានការព្រួយបារម្ភខ្លាចប្រទេសចិន នឹងរឹតបន្តឹងការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រ ដើម្បីសងសឹងចំពោះការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ ឬក្រោមហេតុផលផ្សេងៗទៀត។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាម៉េរិក មិនបានឆ្លើយតបទៅនឹងសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះនោះទេ៕
ដោយ: តែម សុខុម