ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនឹងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នៅសេតវិមានសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៤ កុម្ភៈ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបង្ហាញពីផែនការដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា សហរដ្ឋអាម៉េរិកនឹងគ្រប់គ្រងតំបន់ហ្គាហ្សា ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមដ៏អូសបន្លាយជាង១៥ខែកន្លងមកនេះ ហើយនឹងអភិវឌ្ឍន៍តំបន់នោះឱ្យមានសេដ្ឋកិច្ចរីកចម្រើន ប៉ុន្តែលោកមិនបានបញ្ចាក់លម្អិតជុំវិញបញ្ហានេះនោះទេ។
ការប្រកាសនេះធ្វើឡើងក្រោយលោក ត្រាំ បានដាក់សំណើដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីព្រឹកថ្ងៃអង្គារ ពោលគឺមុនពេលលោកបានជួបជាមួយនឹងលោក នេតាន់យ៉ាហ៊ូ ដោយលោកសុំឱ្យជម្លៀសជាអចិន្ត្រៃយ៍នូវជនជាតិប៉ាឡេស្ទីនជាងពីរលាននាក់ចេញពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសជិតខាងដូចជាហ្ស៊កដានី អេហ្ស៊ីប និងអារ៉ាប់ជាដើម ដោយលោកបានហៅតំបន់នេះថា ជាកន្លែងត្រូវរុះរើឡើងវិញ។
លោក ត្រាំ រំពឹងថា ទាំងសម្ពន្ធមិត្ត និងសត្រូវនឹងធ្វើការជំទាស់យ៉ាងខ្លាំងចំពោះផែនការរបស់អាម៉េរិកក្នុងការកាន់កាប់តំបន់ហ្គាហ្សានេះ ហើយសំណើរបស់លោកទៀតសោតក៏បានចោទជាសំណួរថា តើមហាអំណាចមជ្ឈិមបូព៌ា ពោលគឺអារ៉ាប៊ីសាអូឌីតមានឆន្ទៈចូលរួមជាមួយនឹងផែនការជំរុញថ្មីរបស់សហរដ្ឋអាម៉េរិកនេះ ក្នុងការរក្សាទំនាក់ទំនងធម្មតាជាប្រវត្តិសាស្ត្រជាមួយនឹងប្រទេសអ៊ីស្រាអែល ដែរ ឬយ៉ាងណា។
ទោះយ៉ាងណានៅថ្ងៃទី៥ ខែកុម្ភៈ ប្រទេសអារ៉ាប៊ីសាអូឌីតបានចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួនពាក់ព័ន្ធនឹងផែនការនេះថា អារ៉ាប៊ីសាអូឌីតនឹងមិនបង្កើតទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីស្រាអែលឡើយ ប្រសិនបើគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីនទេនោះ បន្ទាប់ពីលោក ត្រាំ បាននិយាយថា អារ៉ាប៊ីសាអូឌីតមិនបានទាមទាររដ្ឋប៉ាឡេស្ទីននោះទេ។
លោក ត្រាំ បាននិយាយពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ហ្គាហ្សានេះថា អាម៉េរិកនឹងអភិវឌ្ឍន៍តំបន់នេះដោយបង្កើតការងាររាប់ពាន់កន្លែង ហើយវានឹងក្លាយជាតំបន់មួយដែលមជ្ឈិមបូព៌ាទាំងមូលអាចមានមោទនភាពយ៉ាងខ្លាំង ហើយថា លោកបានមើលឃើញទីតាំងកម្មសិទ្ធិនេះ រយៈពេលវែង ហើយវានឹងនាំមកនូវស្ថិរភាពដ៏អស្ចារ្យដល់តំបន់មជ្ឈិមបូព៌ា៕
អត្ថបទ៖ សុខ មង្គល