
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅសេតវិមានថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តពន្ធទ្វេភាគីលើប្រទេសណាដែលបានយកពន្ធលើទំនិញរបស់អាម៉េរិក នៅយប់ថ្ងៃពុធ ឬព្រឹកថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ ការប្រកាសអនុវត្តពន្ធទ្វេភាគីរបស់លោក ត្រាំ នេះ ធ្វើឡើងចំពេលលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា មកបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ស្របពេលដែលលោក ត្រាំ បានត្អូញត្អែរថា ឥណ្ឌាបានយកពន្ធខ្ពស់លើការនាំចូលរបស់អាម៉េរិក។
ប្រធានសភាតំណាងរាស្រ្តនៃគណបក្សសាធារណរដ្ឋ លោក ម៉ៃ ចនសុន (Mike Johnson) បានលើកឡើងថា លោក ត្រាំ កំពុងពិចារណាលើការលើកលែងពន្ធមួយចំនួនពាក់ព័ន្ធនឹងឧស្សាហកម្មយានយន្ត និងឱសថ និងឧស្សាហកម្មដទៃទៀត ប៉ុន្តែលោកមិនទាន់ជឿជាក់ទាំងស្រុងនោះទេ។
អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកបញ្ហាពន្ធគយថ្មីដែលលោក ត្រាំ នឹងចុះហត្ថលេខាឱ្យអនុវត្តខាងមុខនេះ គឺជាហានិភ័យក្នុងការជំរុញកំណើនអតិផរណានៅសហរដ្ឋអាម៉េរិក ស្របពេលដែលតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកនេះបានហក់ឡើងកាលពីខែមករា ឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ។
លោក ត្រាំ បានធ្វើឱ្យទីផ្សារពិភពលោកស្រឡាំងកាំងរួចទៅហើយ ដោយសារការប្រកាសពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា តទៅដោយប្រទេសម៉ិកស៊ិក កាណាដា និងសហភាពអឺរ៉ុបបានថ្កោលទោសចំពោះវិធានការនេះ ខណៈជប៉ុន និងអូស្ត្រាលីកំពុងស្វែងរកការលើកលែងចំពោះពន្ធនេះ។
ដំណឹងនេះបានធ្វើឱ្យឧស្សាហកម្មដែលពឹងផ្អែកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម កំពុងត្រៀមខ្លួន ដើម្បីបង្កើនការចំណាយរបស់ពួកគេថែមទៀត ហើយបញ្ហានេះនឹងជំរុញឱ្យពួកគេបង្កើនតម្លៃផលិតផល ដើម្បីទូទាត់នឹងការចំណាយថ្លៃដើម៕
អត្ថបទ៖ សុខ មង្គល