សមាជិកគ្រួសាររបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ភាគច្រើនត្រូវបានគេអះអាងថា ជាអ្នកជំនួញក្នុងវិស័យរូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏សកម្មនៅលើពិភពលោក ដោយនៅឆមាសទី១ ឆ្នាំ២០២៥ គ្រួសារសមាជិកគ្រួសាររបស់លោក ត្រាំ អាចរកចំណូលបានរហូតដល់ជាង៨០០លានដុល្លារពីការជួញដូររូបិយប័ណ្ណនេះ។ លោក អេរិច ត្រាំ (Eric Trump) ដែលជាកូនទី៣របស់លោក ត្រាំ ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏សកម្មក្នុងវិស័យគ្រីបតូ។ លោកត្រូវបានគេជឿថា កំពុងកាន់កាប់ភាគហ៊ុន និងទ្រព្យសម្បត្តិគ្រីបតូ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ហើយលោកក៏ត្រូវបានគេជឿថា មានទំនាក់ទំនងជំនួញក្នុងវិស័យនេះជាមួយជនជាតិចិនមួយចំនួនផងដែរ។
មកទល់ពេលនេះ សកម្មភាពជំនួញគ្រីបតូដ៏សកម្មរបស់លោក អេរិច មានមូលដ្ឋាននៅទីក្រុងឌូបៃ ហើយ ប្រតិបត្តិការជំនួញរបស់លោកភាគច្រើនត្រូវបានគេដឹងថា បានចុះបញ្ជីនៅក្រោមក្រុមហ៊ុន World Liberty Financial។ ក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនវិនិយោគផ្នែកហិរញ្ញវត្ថុមួយ ដែលមានអាយុកាលក្មេងខ្ចី ពោលគឺទើបបង្កើតឡើងនៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែវាបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងពិភពជួញដូរគ្រីបតូ។ ក្រុមហ៊ុននេះ ក៏ជាផ្នែកមួយនៃអាណាចក្រជំនួញរបស់លោក ត្រាំ ដែលអ្នកវិនិយោគទូទៅហៅថា Trump Organization។
អ្នកវិភាគបានអះអាងថា បច្ចុប្បន្នវិស័យគ្រីបតូជាប្រភពជំនួញ ដែលមានលក្ខណៈសកម្ម និងជាប្រភពចំណូលដ៏ចម្បងបស់ក្រុមគ្រួសាររបស់លោក ត្រាំ៕
ដោយៈ សរ សុជាតិ