វិស័យសេដ្ឋកិច្ច

តើមានកត្តាអ្វីធ្វើឱ្យមានការព្យាករថា ផែនការពន្ធគយរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យ GDP របស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះជាង១%?


ផែនការពន្ធគយដ៏ចម្រូងចម្រាស ដែលស្នើឡើងដោយប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រូវបានព្យាករថា នឹងទាញទម្លាក់ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិក ឱ្យធ្លាក់ចុះរហូតដល់ទៅ១,១% នៅឆ្នាំ២០២៧ ដោយសារពន្ធគយទាំងនោះនឹងធ្វើឱ្យទំនិញហក់ឡើងថ្លៃ អតិថិជនជាអ្នកប្រើប្រាស់កាត់បន្ថយការចាយវាយ ហើយវាក៏ជះផលប៉ះពាល់ដល់ទីផ្សារការងារផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យសេដ្ឋកិច្ច
ដោយ

ដោយយោងលើរបាយការណ៍សិក្សាស្រាវជ្រាវមួយរបស់វិទ្យាស្ថានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ស្ដីពីផលប៉ះពាល់នៃពន្ធបង្កឡើងដោយផែនការពន្ធគយដែលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៥ ខែវិច្ឆិកា សារព័ត៌មានជប៉ុន នីកេ អេស៊ា បានបន្ថែមការវិភាគផ្ទាល់របស់ខ្លួនថា ផែនការពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ នឹងទាញផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិក ឱ្យធ្លាក់ចុះរហូតដល់ទៅ១,១% នៅឆ្នាំ២០២៧។

សូមបញ្ជាក់ថា ពន្ធគយទាំងនេះរួមមានទាំងពន្ធ២៥% លើផលិតផលនាំចូលពីប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា ដែលជាដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៣ប្រទេស និងការដំឡើងពន្ធ១០% លើទំនិញចិន ផងដែរ។

វិទ្យាស្ថានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្លាក់ចុះក្នុងរង្វង់១,១% នៅឆ្នាំ២០២៧ ដោយសារតែការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ដោយវិស័យរុករករ៉ែ និងវិស័យកសិកម្មត្រូវបានព្យាករថា នឹងធ្លាក់ចុះក្នុងរង្វង់១,៥% ដូចគ្នា។ ជាការពិតណាស់ តម្លៃខ្ពស់លើទំនិញនាំចូលដូចជាប៉េងប៉ោះ និងផ្លែបឺរជាដើម ដោយសារការដំឡើងពន្ធ អាចនឹងធ្វើឱ្យការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់ធ្លាក់ចុះ ហើយវានឹងជះផលប៉ះពាល់ដល់ទីផ្សារការងារ។

លោក ចន រ៉ៃនី (John Rainey) ប្រធានផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Walmart បានលើកឡើងក្នុងបទសម្ភាស​មួយនៅស្ថានីយទូរទស្សន៍ CNBC ថា ប្រសិនបើពន្ធដែលស្នើឡើងដោយលោក ដូណាល់ ត្រាំ ត្រូវបានអនុម័តមែននោះ តម្លៃទំនិញប្រើប្រាស់នឹងហក់ឡើងថ្លៃ។

លោក អ៊ីគូម៉ូ អ៊ីសូណូ (Ikumo Isono) អ្នកជំនាញនៅវិទ្យាស្ថានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (IDE) បានលើកឡើងថា គោលនយោបាយដំឡើងពន្ធខ្ពស់ និងផ្ដោតលើសហរដ្ឋអាម៉េរិក ជាគោលសំខាន់របស់លោក ដូណាល់ ត្រាំ ទំនងជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ហើយក៏អាចរារាំងកំណើនសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលផងដែរ។

តម្លៃទំនិញសំខាន់ៗដែលសហរដ្ឋអាម៉រិក នាំចូលពីប្រទេសចិន ដូចជាថ្មធម្មជាតិ Graphite និងមេដែកឆក់ដែលត្រូវបានប្រើប្រាស់ក្នុងអាគុយរថយន្តអគ្គិសនីជាដើម ទំនងជាហក់ឡើងដោយសារតែពន្ធគយរបស់លោក ដូណាល់ ត្រាំ។ ទិន្នន័យបានបង្ហាញថា ប្រទេសចិនមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៧៧,៨%នៃទំនិញនាំចូលទាំងនេះ និង៦៥,១%នៃអាគុយលីចូមសម្រាប់រថយន្តអគ្គសនី។

ទន្ទឹមនេះ វិទ្យាស្ថានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (IDE) ក៏បានព្យាករដែរថា ពន្ធទាំងនេះនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់ចិន ធ្លាក់ចុះ០,៣%។ ហើយដើម្បីបន្ថយការបង់ពន្ធ ក្រុមហ៊ុនសហគ្រាសនានាអាចនឹងរើមូលដ្ឋានផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន ទៅកាន់ប្រទេសផ្សេងៗនៅអាស៊ី ឬទៅកាន់សហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ស្ថាប័នជំនាញព្យាករថា សេដ្ឋកិច្ចមានដំណើរការល្អប្រសើរនៅឆ្នាំនេះ ចុះហេតុអ្វីពលរដ្ឋមួយចំនួននៅតែរអ៊ូថា ពិបាករកស៊ី តើមកពីមូលហេតុអ្វី?

ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៥,៣% នៅឆ្នាំ២០២៤ មុនកើនដល់៥,៥% នៅឆ្នាំ២០២៥។ ទោះបីស្ថានភាពសេដ្ឋកិច្…

លុយដុល្លារហក់ឡើងថ្លៃខ្ពស់ជិត៣សប្តាហ៍ ខណៈ Bitcoin ឡើងដល់ជាង១០ម៉ឺនដុល្លារក្នុង១កាក់ជាប្រវត្តិសាស្ត្រ

លុយដុល្លារអាម៉េរិក បានហក់ឡើងថ្លៃជិតដល់កម្រិតកំពូលក្នុងរយៈពេលជិត៣សប្តាហ៍កន្លងមកនេះ បើធៀបនឹងរូបិយប័ណ្ណគូប្រជែងសំខាន់ៗផ្សេងទៀតនៅថ្ងៃចន្ទ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ