
ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅសេតវិមានកាលពីថ្ងៃទី ២៦ ខែសីហា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានលើកឡើងថា ប្រាក់ចំណូលពន្ធគយដែលសហរដ្ឋអាម៉េរិកប្រមូលបានអាចនឹងកើនឡើងលើស ៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយនោះក៏ដោយសារតែការដំឡើងពន្ធគយដោយប្រធានាធិបតី ដូណាល់ ត្រាំ។
រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា នៅមុននេះ លោកបានព្យាករថា ការប្រមូលពន្ធរបស់សហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំអាចបានក្នុងរង្វង់៣០០ពាន់លានដុល្លារប៉ុណ្ណោះ ហើយថា ការប្រមូលពន្ធក្នុងខែសីហា បានកើនឡើងខ្លាំង បើធៀបនឹងខែកក្កដា ហើយទំនងជានឹងកើនឡើងកាន់តែខ្លាំងនៅខែកញ្ញា ដ៏ខ្លីខាងមុខនេះ។
ប្រាក់ចំណូលពន្ធខ្ពស់នឹងជួយទូទាត់ឱនភាពថវិកាដែលកើតចេញពីសេចក្ដីព្រាងច្បាប់ ស្តីពីពន្ធ និងផែនការចំណាយថ្មីៗនេះរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលការិយាល័យថវិកាសភា (CBO) បានប៉ាន់ប្រមាណថា នឹងធ្វើឱ្យឱនភាពថវិកាកើនឡើង ៣,៤ទ្រីលានដុល្លារបន្ថែមទៀតក្នុងរយៈពេល១០ឆ្នាំ។
ទោះជាយ៉ាងណា ពេលនេះ ការិយាល័យថវិកាសភាបានព្យាករថា ពន្ធគយរបស់លោក ដូណាល់ ត្រាំ អាចកាត់បន្ថយឱនភាពថវិកាបានចំនួន ៤ទ្រីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដោយកើនឡើងពី៣ទ្រីលានដុល្លារ ដែលខ្លួនបានព្យាករកាលពីពេលកន្លងទៅ៕
ដោយ: តែម សុខុម