កំណើនសេដ្ឋកិច្ចពិភពលោក

IMF ព្យាករកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែខ្ពស់ក្រោយមើលឃើញការស្ទុះឡើងខ្លាំងនៃសេដ្ឋកិច្ចអាមេរិកនិងចិន


ដោយសារតែមានចលនានៃយុទ្ធនាការចាក់វ៉ាក់សាំងកាន់តែច្រើន ជាពិសេសការផលិតវ៉ាក់សាំងកាន់តែច្រើន បូករួមទាំងគោលនយោបាយរបស់ប្រទេសមហាអំណាចធំៗចាក់បញ្ចូលសាច់ប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ចសេដ្ឋកិច្ចឡើងវិញ ទើបធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ច ស្ថានប័នអន្តរជាតិធំៗជាច្រើនចេញមកធ្វើការវាយតម្លៃព្យាករថា សេដ្ឋកិច្ចពិភពលោកអាចនឹងកើនឡើងខ្ពស់ជាងមុននៅឆ្នាំនេះ។
រូបតំណាង៖ សេដ្ឋកិច្ចពិភពលោក​ត្រូវបាន ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថានឹងមានកំណើន ៦%នៅឆ្នាំ២០២១ រូបភាព៖ Xinhua

ជាក់ស្តែង​បើ​តាម​ការ​ព្យាករ​របស់ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បង្កើន​ការ​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០២១ នឹង​មាន ៦% ដែល​កំណើន​នេះ ត្រូវ​បាន​ជួយ​រុញច្រាន​យ៉ាង​សំខាន់​ពី​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​នានា ពិសេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ៗ​ដូច​ជា​អា​មេ​រិ​ក និង ចិន​ជាដើម ដោយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​អស់នេះ បាន​ចាត់វិធានការ​ស្តារ​សេដ្ឋកិច្ច​ឲ្យ​បាន​ទាន់​ពេលវេលា បួ​ក​រួម​ទាំង​ការ​ព​ន្លឿ​ន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជាដើម​។

របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់ IMF ដែល​បាន​ចេញផ្សាយ​នៅ​ដើម​ខែមេសា​នេះ បាន​បង្កើន​ការ​ព្យាករ​របស់​ខ្លួន​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​កើន​ដល់ ៦% នៅ​ឆ្នាំ​២០២១​នេះ ខណៈ​ដែល​ការ​ព្យាករ​កាលពី​ខែមករា​កន្លង​ទៅ សេដ្ឋកិច្ច​ពិភពលោក​មាន​ត្រឹម ៥,៥%​ប៉ុណ្ណោះ​។

អ្នកជំនាញ​សេដ្ឋកិច្ច IMF បាន​សង្កត់ធ្ងន់​លើ​ការ​ងើប​ឡើងជា​វិជ្ជមាន​របស់​មហា​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​គឺ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​សំខាន់​។

ក្នុង​នោះ​ប្រទេស​ចិន ជា​ប្រទេស​តែ​មួយ​គត់ ដែល​មាន​សេដ្ឋកិច្ច​កើនឡើង​អំឡុង​ការ​រាតត្បាត​កូ​វី​ដ​-១៩ ស្រប​ពេល​ដែល​ប្រទេស​ធំ​ៗ​នានា​សុទ្ធតែ​មាន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ ដូចនេះ​ចង់ ឬ​មិន​ចឹ​ង ចិន​នឹង​ក្លាយទៅជា​ក្បាលម៉ាស៊ីន​ដឹកនាំ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅ​តំបន់​អាស៊ី ក្នុង​ឆ្នាំ ២០២១​ផ្ទាល់​តែ​ម្តង​។

កាលពី​ស​ប្តា​ហ៍​មុន​ធនាគារពិភពលោក ក៏​ធ្លាប់​បាន​ព្យាករណ៍​ស្រ​ដៀង​គ្នា​ដែរ​ថា ចិន​នឹង​ក្លាយជា​អ្នកដឹកនាំ ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ឆ្នាំ​២០២១​នេះ ជាមួយនឹង​កំណើនសេដ្ឋកិច្ច ៨,១% របស់​ខ្លួន​។

ងាក​មក​មើល​សេដ្ឋកិច្ច​អា​មេ​រិ​ក​វិញ​ម្តង​នឹង​ប្រែប្រួល​យ៉ាងណា​ខ្លះ?

សេដ្ឋកិច្ច​អា​មេ​រិ​ក​បច្ចុប្បន្ន ត្រូវ​បាន IMF ព្យាករ​ថា នឹង​កើនឡើង ៦,៤% ក្នុង​ឆ្នាំ ២០២១ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ព្យាករ​កាលពី​ខែមករា ថា​មាន ៥,១%​ប៉ុណ្ណោះ​។

នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​សេដ្ឋកិច្ច​អា​មេ​រិ​ក​មាន​សន្ទុះ​ឡើង​វិញ​លឿន​ដូចនេះ ដោយ​យើង​សង្កេត​ឃើញ​ថា ចាត់​តាំងពី​ពេល​ដែល​លោក ចូ បៃ​ឌិន ឡើង​មក​កាន់​ដំណែង​ជា​ប្រធានាធិបតី​អា​មេ​រិ​ក កញ្ចប់​ថវិកា​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​ជា​បន្តបន្ទាប់ គោលដៅ​ចាក់​បញ្ចូល​សាច់ប្រាក់​កាន់តែ​ច្រើន​ដល់​ចរន្ត​សេដ្ឋកិច្ច​អា​មេ​រិ​ក​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អា​មេ​រិ​កបាន​ជំរុញ​វិធានការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន បាន​យ៉ាង​លឿន​បំផុត ដោយ​ក្នុង​នោះ អា​មេ​រិ​ក​មាន​សមត្ថភាព​អាច​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន ៣​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​។ គិត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​អា​មេ​រិ​ក​ជាង ១០០​លាន​នាក់​ហើយ ដែល​បាន​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ខណៈ​ដែល​ក្នុង​នោះ ៦៥​លាន​នាក់​បាន​ទទួល​គ្រប់​ចំនួន​ពីរ​ដូ​សរួច​ហើយ​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​អា​មេ​រិ​ក​ក្លាយជា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ចុះ ដូចដែល​ខ្ញុំ​បាន​និយាយ​ពី​ខាង​ដើម​អ​ញ្ចឹ​ង ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​វា​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ស្អិតរ​មួ​ត ជាមួយនឹង​ការ​ពឹងពាក់ ពឹងផ្អែក​លើ​ប្រសិទ្ធភាព និង វិសាលភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​ឲ្យ​បាន​គ្រប់​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក​។ IMF ក៏​បន្ត​ព្រមាន​ពី​ហានិភ័យ​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នឹង​នូវ​តែ​បញ្ហា​អ​ញ្ចឹ​ង​ដែរ​ដរាបណា​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ប្រព្រឹត្ត​ទៅ​បាន​ទូលំទូលាយ​ទូ​ទាំង​ពិ​ភ​លោក និង​ប្រកបដោយ​ប្រសិទ្ធភាព វា​នឹង​ក្លាយជា​មូលដ្ឋាន​ក្នុង​ការ​កាត់​បន្ថយ​ការ​ចម្លងជំងឺ​នៅ​គ្រប់​ច្រកល្ហក ដែល​អាច​សម្រួល​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​បាន​ធម្មតា​ឡើង​វិញ​។

បន្ថែម​ពីលើ​នេះ IMF បាន​សង្កត់ធ្ងន់​លើ​ប្រទេស​តូច​ៗ ដែល​មិនមែន​ជាម​ហា​យក្ស​សេដ្ឋកិច្ច ពិសេស​ប្រទេស​ក្រីក្រ ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ទាប គឺ​ប្រទេស​ទាំង​អស់នោះ អាច​មានការ​លំបាក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ដោយហេតុ​ថា ប្រទេស​ក្រីក្រ​ទាំងអស់​នោះ មិន​មាន​លុយ​សម្រាប់​ចាក់​បញ្ចូល​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ដូច​ប្រទេស​ធំ​ៗ ព្រមទាំង​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ឲ្យ​ពលរដ្ឋ​នោះ​ឡើយ​។

សូម​បញ្ជាក់​ដែរ​ចុង​ក្រោយ​នេះ​បន្តិច​ថា មាន​ប្រជាជន​ជិត​១០០​លាន​នាក់​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​បំផុត កាលពី​ឆ្នាំ​២០២០ ដោយសារ​តែ​ការ​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​សាកលលោក​។ នេះ​បើ​តាម​ទិន្នន័យ​របស់ IMF៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតតាមធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន
នៅសប្ដាហ៍ក្រោយនេះប្រទេសថៃ នឹងប្រារព្ធពិធីបុណ្យសង្ក្រាន្ដឆ្នាំថ្មី ហើយក៏ជាថ្ងៃឈប់សម្រាករយៈពេលវែងនៅក្នុងប្រទេសថៃផងដែរ។ ប៉ុន្ដែ ថៃហាក់មានការបន្ធ…

តើលោក រ៉ាហ្សាក់ អាចឆ្លងផុតការជំនុំជំរះបណ្ដឹងឧទ្ទរណ៍ដែរឬយ៉ាងណា?

ព័ត៌មាន
តុលាការសហព័ន្ធម៉ាឡេស៊ីកាលពីដើមសប្តាហ៍នេះ បានបើកសវនាការបណ្តឹងឧទ្ធរណ៍របស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីព រ៉ាហ្សាក់ (Najib Razak) …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ