ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនសារព័ត៌មាន CIR Media ក្នុងការបង្កើនការជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែម ក៏ដូចជា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅ កម្ពុជា។ ឯកឧត្តមបន្តថា យន្តការបរធនបាលកិច្ច លក្ខខណ្ឌតម្រូវក្នុងការធ្វើប្រតិបត្តិការ បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផលប្រយោជន៍ ដែលអាចទាញយកចេញពីប្រតិបត្តិការបរធនបាលកិច្ច ការបង្កើតនិងបង្កើនទំនុកចិត្តតាមរយៈការបង្កើតបរធនបាលកិច្ចក្នុងធុរកិច្ចពាក់ព័ន្ធ និងក្នុងប្រតិបត្តិការររំហូរមូលធនទៅគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្ដម សុខ ដារ៉ា ក៏បានបញ្ជាក់អំពីវឌ្ឍនភាព និងភាពរីកចម្រើននៃវិស័យបរធនបាលកិច្ចថាមានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ កត្តាដែលធ្វើឲ្យវិស័យបរធនបាលកិច្ច រីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី ក៏ព្រោះតែមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីគ្រប់ភាគីពាក់ព័ន្ធ ជាពេសរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ឯកឧត្តម សុខ ដារ៉ា បានគូសបញ្ជាក់ថា បរធនបាលកិច្ច នៅតែបន្តអនុវត្តនូវសកម្មភាព និងផែនការរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ក្នុងនោះ បរធនបាលកិច្ច នៅតែបន្តផ្ដោតលើការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ បន្តផ្ដោតសំខាន់លើផ្នែកទីផ្សារ និងនវានុវត្តន៍បច្ចេកទេស ក៏ដូចជា បន្តពង្រឹងកិច្ចសហប្រតិបត្តិកា ឲ្យកាន់តែប្រសើរថែមទៀត។
ដ្បិតថា វិស័យបរធនបាលកិច្ច ទើបធ្វើប្រតិបត្តិការពេញលេញក្នុងរយៈពេលជាង ១ឆ្នាំ ក៏ពិតមែន តែទាំងករណីនៃការចុះបញ្ជី និងទំហំប្រតិបត្តិការ នៅក្នុងវិស័យបរធនបាលកិច្ច សុទ្ធតែមានកំណើនគួរឲ្យកត់សម្គាល់ ជាពិសេសក្រុមវិនិយោគិនបរទេសកាន់តែសម្លឹងឃើញពីសក្ដានុពលវិនិយោគនៅ កម្ពុជាថែមទៀតផង។ ជាក់ស្ដែង កាលពីមុនករណីនៃការចុះបញ្ជីក្នុងបរធនបាលកិច្ច មានត្រឹមតែ ១៧ករណី ប៉ុណ្ណោះ ខណៈនៅដើមឆ្នាំ២០២៣នេះ មានរហូតជាង ៥០០ករណី។ ដោយឡែក ទំហំប្រតិបត្តិការ នៅក្នុងបរធនបាលកិច្ចវិញ បានកើនឡើងរហូតជាង ៥៤០លានដុល្លារអាមេរិក នៅដើមឆ្នាំ២០២៣ ខណៈកាលពីមុនមានត្រឹម ១៥៦លានដុល្លារ តែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា៕