រដ្ឋមន្ត្រីពាណិជ្ជកម្មតួកគី លោក អូម័រ បូឡាត (Omer Bolat) បានថ្លែងក្នុងពិធីប្រកាសទិន្នន័យបឋមស្ដីពីពាណិជ្ជកម្មក្រៅប្រទេសថា ការនាំចេញរបស់ប្រទេសតួកគី ដែលមានប្រជាជនសរុបជាង៨៦លាននាក់ បានកើនឡើង៣,៦% ក្នុងខែមករា ដើមឆ្នាំ២០២៤ ឈានដល់កម្រិតកំណត់ត្រាលើស២០ពាន់លានដុល្លារអាម៉េរិក។ ទោះជាយ៉ាងណា ការនាំចូលបានធ្លាក់ចុះ២២%មកនៅត្រឹមជាង២៦ពាន់លានដុល្លារ ក្នុងខែមករា ខណៈឱនភាពពាណិជ្ជកម្មបរទេសបានធ្លាក់ចុះ៥៧% មកនៅត្រឹមជាង៦ពាន់លានដុល្លារ។
ការនាំចេញប្រចាំឆ្នាំរបស់ប្រទេសតួកគី ដែលមានសេដ្ឋកិច្ចធំបំផុតទី១៧ ក្នុងពិភពលោក និងធំបំផុតទី៧ នៅទ្វីបអឺរ៉ុប ជាមួយនឹងផលិតផលក្នុងស្រុកសរុបជាង១ទ្រីលានដុល្លារ បានឈានដល់កម្រិតកំពូល៣ឆ្នាំជាប់គ្នាឈានដល់ជិត២៥៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយកើនឡើងជិត១%បើធៀបនឹង២៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។
លោក អូម័រ បូឡាត (Omer Bolat) បានលើកឡើងថា ការនាំចេញរបស់ប្រទេសតួកគី ដែលពឹងផ្អែកខ្លាំងលើវិស័យសំខាន់ៗរួមមានវិស័យឧស្សាហកម្ម ទេសចរណ៍ កសិកម្ម សំណង់ រ៉ែ សេវាកម្ម និងទូរគមនាគមន៍ នៅតែសម្រេចបានកំណើនក្នុងកម្រិតកំណត់ត្រាគួរឱ្យស្ញើចសរសើរ ថ្វីបើជួបបញ្ហាប្រឈមជាច្រើន ដែលរួមមានទាំងគ្រោះរញ្ជួយដីដ៏កំណាចចំនួន២លើក ដែលបានវាយប្រហារតំបន់ភាគអាគ្នេយ៍នៃប្រទេសតួកគី កាលពីមួយឆ្នាំមុនយ៉ាងណាក្ដី។
រដ្ឋមន្ត្រីរូបនេះគូសបញ្ជាក់ថា គ្រោះមហន្តរាយខាងលើនេះបានបណ្ដាលឱ្យការនាំចេញទទួលរងការខាតបង់ប្រមាណ៦ពាន់លានដុល្លារ ខណៈបញ្ហាប្រឈមផ្សេងៗទៀតរួមមានទាំងការរឹតបន្តឹងជាសកលដែលបានរាំងខ្ទប់តម្រូវការរួមទាំងនៅក្នុងសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតរបស់តួកគី និងជម្លោះភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ផងដែរ៕
ដោយ: តែម សុខុម