វិស័យអន្តរជាតិ

តួកគីចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ សម្រាប់កិច្ចសហការលើវិស័យពាណិជ្ជកម្ម និងការពារជាតិ


ប្រធានាធិបតីតួកគី លោក អេរដូហ្គាន បានបញ្ជាក់ថា តួកគីចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា និងបញ្ជាក់គោលដៅពាណិជ្ជកម្ម១ពាន់លានដុល្លារ។
តួកគីចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅអាស៊ីអាគ្នេយ៍_សម្រាប់កិច្ចសហ
ដោយ

ប្រធានាធិបតីតួកគី លោក រ៉េសេប តាយីប អេរដូហ្គាន បានបញ្ជាក់ថា តួកគីចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រទេសទាំងពីរកំពុងជំរុញការពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការពារជាតិ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។

យោងតាមទីភ្នាក់ងារព័ត៌មាន Anadolu Agency របស់តួកគី លោក អេរដូហ្គាន បានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី និងកិច្ចពិភាក្សាកម្រិតគណៈប្រតិភូ នៅវិមានដុលម៉ាបាហ្សេ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

លោក អេរដូហ្គាន បានមានប្រសាសន៍ថា៖ «យើងចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងរបស់យើងបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។

ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់១ពាន់លានដុល្លារ មេដឹកនាំតួកគីរូបនេះបានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់១ពាន់លានដុល្លារអាមេរិក។ គោលដៅនេះត្រូវបានដាក់ចេញក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ ទៅកាន់ប្រទេសតួកគីក្នុងឆ្នាំ២០១៨។

លោកបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅនេះនៅតែបន្ត ហើយរំពឹងថា វេទិកាធុរកិច្ចកម្ពុជា-តួកគី នឹងជួយពង្រឹងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សាហកម្មការពារជាតិ ថាមពល អប់រំ និងវប្បធម៌។ លោក អេរដូហ្គាន បានសម្តែងការពេញចិត្តចំពោះចំណាប់អារម្មណ៍របស់កម្ពុជាលើផលិតផលឧស្សាហកម្មការពារជាតិរបស់តួកគី ដោយចាត់ទុកថា វិស័យនេះមានសក្តានុពលសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា ជាជំហានពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា និងតួកគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា ក្រោមអធិបតីភាពរបស់លោក អេរដូហ្គាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការចុះហត្ថលេខានេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «យើងបានចាត់វិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ។ ជាក់ស្តែង នៅថ្ងៃនេះ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា ដែលជាជំហានដ៏សំខាន់មួយក្នុងទិសដៅនេះ»។

កម្ពុជាចាត់ទុកដំណើរទស្សនកិច្ចនេះជាការបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី តាមការចុះផ្សាយរបស់ Anadolu Agency សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះតួនាទីកាន់តែសកម្មរបស់តួកគីក្នុងកិច្ចការតំបន់ និងអន្តរជាតិ ព្រមទាំងការរួមចំណែករបស់ប្រទេសនេះក្នុងការជំរុញសន្តិភាព និងស្ថិរភាព។

សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងតួកគីបានរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាឱកាសដ៏សំខាន់ក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី និងជំរុញភាពជាដៃគូឱ្យកាន់តែរឹងមាំ។

សម្តេចធិបតីបានបន្ថែមថា ប្រទេសទាំងពីរមានសក្តានុពលច្រើនក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី សម្រួលដល់ការវិនិយោគ និងពង្រឹងភាពជាដៃគូរវាងវិស័យឯកជន។ ជាមួយគ្នានេះ កម្ពុជាត្រៀមខ្លួនសហការជាមួយសហគមន៍ធុរកិច្ចតួកគី ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ក្រៅពីវិស័យពាណិជ្ជកម្ម និងការពារជាតិ ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងការអភិវឌ្ឍសង្គមផងដែរ។

ជាមួយគ្នានេះ លោក អេរដូហ្គាន បានបញ្ជាក់ពីការគាំទ្ររបស់តួកគីចំពោះការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃតាមរយៈការសន្ទនា និងមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ លោកក៏បានឱ្យដឹងថា តួកគីបានសហការជាមួយអាជ្ញាធរកម្ពុជាក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋជាង៣.០០០នាក់ ដែលរងផលប៉ះពាល់ពីការប៉ះទង្គិច ហើយនឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញលោក អេរដូហ្គាន ឱ្យមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។




អត្ថបទបន្ទាប់


លោក តូ ឡឹម បញ្ជាឱ្យដកមន្ត្រីអសមត្ថភាពចោល ដោយមិនបាច់រង់ចាំរហូតដល់ពួកគេប្រព្រឹត្តខុស

លោក តូ ឡឹម បានជំរុញឱ្យអាជ្ញាធរវៀតណាមដកមន្ត្រីដែលខ្វះសមត្ថភាពចេញពីតួនាទី ដោយផ្អែកលើលទ្ធផលការងារ សីលធម៌ និងការទទួលខុសត្រូវ។ លោកក៏បានសង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ