សារព័ត៌មាន Reuters បានរាយការណ៍ថា លោកស្រី ស្តេហ្វានី វ៉ុន ហ្វ្រាយដេប៊ើក (Stephanie von Friedeburg) ប្រធានផ្នែកវិស័យសាធារណៈសកល នៃធនាគារ Citi បានឱ្យដឹងថា ទីផ្សារមូលបត្របំណុលជារូបិយប័ណ្ណក្នុងស្រុកដូចជា ប្រាក់យន់ចិន, ដុល្លារអូស្ត្រាលី, ដុល្លារហុងកុង និងដុល្លារសិង្ហបុរីជាដើម កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីស្ថាប័នបោះផ្សាយមូលបត្របំណុលទាំងរដ្ឋ និងឯកជន ដែលមានបំណងធ្វើពិពិធកម្មប្រភពដើមទុន និងកាត់បន្ថយហានិភ័យ។
ថ្លែងនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក នៅទីក្រុងបាងកក លោកស្រីបានគូសបញ្ជាក់ថា ប្រភពដើមទុននៅលើទីផ្សារសកលលោកមានដែនកំណត់ ហើយវាជារឿងកម្រមួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលទាំងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនត្រូវប្រជែងគ្នាដណ្តើមដើមទុន ខណៈតម្រូវការខ្ចីប្រាក់របស់រដ្ឋាភិបាលនានាកំពុងកើនឡើងយ៉ាងខ្លាំង។
យោងតាមទិន្នន័យពីភ្នាក់ងារវាយតម្លៃឥណទាន Fitch ផលចំណេញនៃមូលបត្របំណុលរដ្ឋាភិបាលរយៈពេល១០ឆ្នាំនៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿនធំៗទាំង១០លើពិភពលោកបានកើនឡើងជាមធ្យមជិត១% គិតត្រឹមឆ្នាំ២០២៦នេះ។
អ្នកជំនាញហិរញ្ញវត្ថុរូបនេះបានកត់សម្គាល់ថា រដ្ឋាភិបាលនានាកំពុងបង្កើនការបោះផ្សាយមូលបត្របំណុល ដើរទន្ទឹមគ្នានឹងការកើនឡើងនៃតម្រូវការថវិកា សម្រាប់វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខថាមពល វិស័យការពារជាតិ និងការអភិវឌ្ឍអាទិភាពផ្សេងៗ។ ស្ថានភាពនេះកាន់តែប្រឈម ដោយសារតែលំហូរដើមទុនពីវិស័យឯកជនភាគច្រើនកំពុងរត់ទៅរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ទោះជាយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា ទោះបីជាមានការផ្លាស់ប្តូរទម្រង់វិនិយោគ និងសម្ពាធហិរញ្ញវត្ថុរបស់រដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប្រាក់ដុល្លារអាម៉េរិកនៅតែរក្សាបាននូវតំណែងជារូបិយប័ណ្ណបម្រុងសកល ដ៏មានឥទ្ធិពលបំផុតនាពេលអនាគត។ ជាមួយគ្នានេះ ការកើនឡើងថ្លៃនៃតម្លៃមាសនៅលើទីផ្សារពិភពលោក ក៏កំពុងជំរុញឱ្យអ្នកគ្រប់គ្រងទុនបម្រុងរដ្ឋ ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុថ្មីៗរួមមានការការពារហានិភ័យ ការគ្រប់គ្រងសាច់ប្រាក់ និងការខ្ចីប្រាក់ ដោយយកមាសបម្រុងធ្វើជាទ្រព្យធានាផងដែរ៕