កោះតៃវ៉ាន់ គ្រោងចំណាយរហូតដល់ជាង៣៥ពាន់លានដុល្លារអាម៉េរិក លើវិស័យការពារជាតិនៅឆ្នាំ២០២៧ ដែលស្មើជាង៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កោះមួយនេះ ដែលជាការចំណាយច្រើនបំផុតមិនធ្លាប់មាន។ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងទើ បានអះអាងថា ការបង្កើនថវិកានេះ គឺដើម្បីពង្រឹងសមត្ថភាពការពារខ្លួន និងរក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ដោយលោកបានសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យការពារជាតិ គឺជាការវិនិយោគដើម្បីសន្តិភាព។
ការបង្កើនកញ្ចប់ថវិកាការពារជាតិនេះកើតឡើងក្រោយចិន បន្តធ្វើសកម្មភាពយោធាស្ទើររាល់ថ្ងៃជុំវិញកោះតៃវ៉ាន់ និងបង្កើនការល្បាតរបស់ឆ្មាំសមុទ្រនៅតំបន់ដែនទឹកភាគខាងកើតកោះនេះ។ កោះតៃវ៉ាន់ ក៏កំពុងពន្លឿនការធ្វើទំនើបកម្មយោធាផងដែរ ដោយផ្តោតលើនាវាមុជទឹក ដ្រូន និងអាវុធទំនើបៗ។ ក្នុងសមយុទ្ធយោធា ហាន ឃ័ង កន្លងទៅ កោះតៃវ៉ាន់ ក៏បានហ្វឹកហ្វឺនសេណារីយ៉ូទប់ទល់នឹងការបិទផ្លូវសមុទ្រពីសំណាក់ចិន ផងដែរ។
ចិន បានថ្កោលទោសសមយុទ្ធនេះថា ការអួតសម្ដែងឥតប្រយោជន៍ ដែលបង្កការភ័យខ្លាចចំពោះសង្គ្រាម។ ទន្ទឹមនេះ ប្រធានាធិបតីកោះតៃវ៉ាន់ ក៏កំពុងប្រឈមការប្រឆាំងពីសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំងតៃវ៉ាន់ ដែលព្រមានជំទាស់ការអនុម័តកញ្ចប់ថវិការការពារជាតិរបស់រដ្ឋាភិបាលតៃវ៉ាន់៕
ដោយ: តែម សុខុម