ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា នៅពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង តម្លៃថ្លៃដើមផលិត ក៏នឹងកើនឡើងផងដែរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន និងភាពប្រកួតប្រជែងរបស់អាជីវកម្មក្នុងស្រុក។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកំពុងជំរុញយ៉ាងសកម្មឱ្យម្ចាស់រោងចក្រ សហគ្រាសងាកមកប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញ ខណៈកម្ពុជា ក៏ត្រៀមដាក់ឱ្យដំណើរការរោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យថ្មីៗបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានហេតុការណ៍សង្គម បានលើកឡើងថា វិធានការដែលក្រសួងឧស្សាហកម្មកំពុងជំរុញនេះ គឺជារឿងដ៏ល្អមួយ ដែលអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈបានច្រើន។ ប៉ុន្តែអ្នកជំនាញបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាពនៃការផ្លាស់ប្តូរនេះវាអាស្រ័យលើតម្លៃនៃឧបករណ៍ និងសេវាប្រើប្រាស់ថាមពលសូឡា ប្រសិនបើតម្លៃថាមពលពន្លឺព្រះអាទិត្យមិនទាន់ធូរថ្លៃជាងប្រេងឥន្ធនៈទេ នោះវានឹងក្លាយជាបន្ទុកបន្ថែមសម្រាប់សហគ្រាសទៅវិញទេ។
ជុំវិញបញ្ហានេះដែរ លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានលើកឡើងថា បច្ចុប្បន្នការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យត្រូវការចំណាយថវិការច្រើន ដោយសារត្រូវឆ្លងកាត់នីតិវីធីច្រើនដំណាក់ការ ដែលជាបញ្ហាប្រឈមសម្រាប់អ្នកផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ លោកជំទាវ ស្នើឱ្យរដ្ឋាភិបាលពិចារណាលើគោលការណ៍ផ្តល់វិភាគទាន ដើម្បីជួយសម្រាលចំណាយរបស់អ្នកផលិតក្នុងការរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ អ្នកជំនាញរូបនេះយល់ថា រដ្ឋគួរតែដើរតួជាអ្នកប្រមូលទិញ ឬតភ្ជាប់បណ្តាញថាមពលកកើតឡើងវិញពីប្រភពធំៗរួចបញ្ចេញលក់មកឱ្យអ្នកផលិតក្នុងស្រុកវិញក្នុងតម្លៃសម្បទាន។ យន្តការនេះនឹងជួយឱ្យអ្នកផលិតក្នុងស្រុកអាចដំណើរការអាជីវកម្មបានរលូន និងមានលទ្ធភាពពង្រីកខ្លួនបានកាន់តែលឿនក្នុងទីផ្សារ។
គួរបញ្ជាក់ថា តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅលើទីផ្សារកម្ពុជា បានហក់ឡើងយ៉ាងគំហុកក្រោយអាម៉េរិកព្រួតគ្នាជាមួយអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជំរុញឱ្យអ៊ីរ៉ង់ បិទច្រកសមុទ្រហ័រម៉ូស ដែលជាច្រកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងចេញពីតំបន់មជ្ឈិមបូព៌ាជាការសងសឹក។ ការកើនឡើងតម្លៃប្រេងឥន្ធនៈបានគំរាមកំហែងយ៉ាងខ្លាំងដល់ឧស្សាហកម្មផលិតក្នុងស្រុក ដ្បិតវាជំរុញឱ្យថ្លៃដើមផលិតកើនឡើង ដែលអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន ឧស្សាហកម្មក្នុងស្រុក៕
អត្ថបទ៖ ជា ម៉ារ៉ា