ផលិតកម្មដែក

ក្រុមហ៊ុនផលិតដែកធំៗពីររបស់ថៃ នឹងច្របាច់បញ្ចូលគ្នា ក្រោយទីផ្សារដែករងការគំរាមកំហែងពីការហូរចូលដែកមានតម្លៃថោកពីចិន


ក្រោមសម្ពាធពន្ធបដិការ និងស្ថានភាពសេដ្ឋកិច្ចដ៏ស្មុគស្មាញ និងប្រែប្រួលឆាប់រហ័ស បានជំរុញឱ្យក្រុមហ៊ុនផលិតដែកថែបធំៗពីររបស់ថៃ សម្រេចច្របាច់បញ្ចូលគ្នា ដើម្បីបន្តដង្ហើមផលិតកម្ម និងក្រាញននៀលជាមួយស្ថានភាពដ៏លំបាកនេះ។ ឧស្សាហកម្មដែករបស់ថៃ នៅពេលនេះ កំពុងប្រឈមមុខនឹងផលវិបាកនៃការនាំចេញ និងការហូរចូលដែកមានតម្លៃថោកៗពីប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ផលិតកម្មដែក
ដោយ

ប្រធានសមាគមដែកថែបថៃ លោក ឆៃឆាឡើម ប៊ុនយ៉ានុវ៉ាត់ ( Chaichalerm Bunyanuwat) បានអះអាងថា សម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិក ដែលទំនងជាត្រូវដាក់លើទំនិញរបស់ប្រទេសជាច្រើន ត្រូវបានគេព្យាករថា នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច កាត់បន្ថយតម្រូវការដែកថែប និងធ្វើឱ្យតម្លៃដែកមានការប្រែប្រួលជាដើម។ បញ្ហានេះកំពុងគំរាមកំហែងដល់ឧស្សាហកម្មដែកថែមរបស់ថៃ ហើយវាកំពុងជំរុញឱ្យក្រុមហ៊ុនមួយចំនួនសម្លឹងរកការច្របាច់បញ្ចូលគ្នា ដើម្បីបន្តដំណើរការអាជីវកម្ម។

ជាក់ស្តែងលោក យុងយុទ្ធ ម៉ាលីផុង (Yongyuth Malithong) ប្រធានក្រុមហ៊ុន Thai Cold Rolled Steel Sheet ដែលជាក្រុមហ៊ុនផលិតដែកដ៏ធំមួយនៅថៃ បានអះអាងថា ក្រុមហ៊ុនរបស់លោកនឹងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Thai Coated Steel Sheet នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដើម្បីបន្តខ្សែច្រវាក់ផលិតកម្ម ដែលកំពុងរងការគំរាមកំហែង។ ក្រុមហ៊ុនទាំងពីរនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ និងជាក្រុមហ៊ុនដែលបានត្រួសត្រាយឧស្សាហកម្មដែករបស់ថៃ ឱ្យមានឈ្មោះបោះសំឡេង។

លោក យុងយុទ្ធ បានអះអាងថា ការរួមបញ្ចូលគ្នានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ លើកកម្ពស់គុណភាពផលិតផលឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ និងអភិវឌ្ឍន៍ខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានភាពរឹងមាំ។ លោករំពឹងថា តាមរយៈការចាប់ដៃគ្នានេះ វានឹងជួយពង្រឹងឧស្សាហកម្មដែករបស់ប្រទេសថៃ ឱ្យមានភាពល្អប្រសើរឡើងវិញ។

បច្ចុប្បន្នផលិតផលដែករបស់ថៃ នាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក រងពន្ធ១០% តែនៅពេលខាងមុខអាចនឹងខ្ពស់ជាងនេះ ជាពិសេសក្រោយឱសានវាទពន្យារការអនុវត្តពន្ធបដិការ៩០ថ្ងៃផុតកំណត់ ខណៈឧស្សាហកម្មដែកថែបរបស់ថៃ កំពុងជួបបញ្ហាការហូរចូលដែកថែបមានតម្លៃទាបពីប្រទេសចិន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាស៊ាន ដែលរងសម្ពាធពន្ធពីអាម៉េរិក កំពុងងាកទៅរកចិន និងប្រទេសនៅឈូងសមុទ្រពែក្ស

តំបន់អាស៊ីអាគ្នេយ៍បានស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន និងបណ្ដារដ្ឋនៅជាប់ឈូងសមុទ្រពែក្សនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគ…

តើអាម៉េរិក ឬចិន ដែលឈានមុខគេក្នុងការបង្កើតភ្នាក់ងារបញ្ញាសិប្បនិម្មិត ដែលលឿន និងឆ្លាតវៃបំផុត?

បច្ចុប្បន្នបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក ជាពិសេសក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិក និងមហាយក្សចិន តែម្ដង កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ