បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការសាងសង់ស្ពានអាកាសចំនួន២ ទីតាំងព្រមគ្នានេះ ធ្វើឡើងដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏នឹងចូលរួមជាអធិបតីភាពសម្រាប់ការបើកការដ្ឋានសាសង់ស្ពានអាកាសទាំងពីរនេះ នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២២នេះផងដែរ។
ស្ពានអាកាសថ្មីចំនួន២ដែលនឹងត្រូវសាងសង់នេះ គឺទី១ សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) និងទី២ សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ីមហាវិថី ជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤)។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីឱ្យពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ទីនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីបើកការដ្ឋានសាសង់ស្ពាននោះផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៨ទីតាំង ក្នុងនោះគឺស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា, ស្ពានអាកាស៥មករា, ស្ពានអាកាសស្តុបផ្សារដីហុយ, ស្ពានអាកាសចោមចៅ, និងស្ពានអាកាសផ្លូវជាតិលេខ៥គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់ ហើយបើរាប់ទាំងស្ពានអាកាសថ្មីចំនួន២នេះដែលត្រៀមបើកការដ្ឋានសាងសង់នេះទៀត នោះរាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន១០ហើយ ដើម្បីសម្រួលការកកស្ទះចរាចរជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៕