យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១០ ខែវិច្ឆិកា សភាតំណាងរាស្ត្រអាម៉េរិកបានបោះឆ្នោតទាត់ចោលកិច្ចប្រឹងប្រែងចោទប្រកាន់ និងទម្លាក់តំណែងរដ្ឋមន្ត្រីការពារជាតិ លោក ភីត ហេកសេត ជាស្ថាពរជាមួយសំឡេង២១១ ទល់នឹង២០៤ ដោយសភាតំណាងរាស្ត្របានអនុម័តសេចក្តីសម្រេចបញ្ជូនញត្តិបដិសេធនេះទៅកាន់គណៈកម្មាធិការតុលាការ។ ភ្លាមៗបន្ទាប់ពីទទួលបានជ័យជម្នះនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដោយក្តីមោទនភាពថា ផែនការរបស់លោក ថូម៉ាស់ ម៉ាស់ស៊ី (Thomas Massie) ដែលជាគូជម្លោះនយោបាយ ព្រមទាំងគណបក្សប្រជាធិបតេយ្យក្នុងការទម្លាក់លោក ភីត ហេកសេត ត្រូវបានរងបរាជ័យ។
យ៉ាងណាមិញស្ថានភាពសន្តិសុខក្នុងរដ្ឋបាលលោក ត្រាំ កំពុងជួបប្រទះនឹងការគំរាមកំហែងកម្រិតអាសន្ន ដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីភូមិគ្រឹះរបស់លោកក្នុងទីក្រុងវ៉ាស៊ីនតោន ឱ្យទៅស្នាក់នៅក្នុងមូលដ្ឋានយោធា ដែលមានការការពារយ៉ាងតឹងរ៉ឹង បន្ទាប់ពីអង្គភាពស៊ើបការណ៍សម្ងាត់រកឃើញតម្រុយអំពីផែនការធ្វើឃាតពីសំណាក់ប្រទេសអ៊ីរ៉ង់។
សារព័ត៌មាន The New York Times បានដកស្រង់របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាម៉េរិក ដោយបញ្ជាក់ថា ការកំណត់គោលដៅវាយប្រហាររបស់អ៊ីរ៉ង់ លើមន្ត្រី និងអតីតមន្ត្រីជាន់ខ្ពស់អាម៉េរិក បានឈានដល់កម្រិតដ៏គ្រោះថ្នាក់ និងសាហាវឃោរឃៅជាងពេលណាៗទាំងអស់។ លោក ស្កុត បេសសេន បានក្លាយជាផ្ទាំងស៊ីបលេខ១របស់ទីក្រុងតេអេរ៉ង់ ដោយសារតែ រូបលោក គឺជាអ្នកដឹកនាំផ្ទាល់នូវប្រតិបត្តិការបិទខ្ទប់សេដ្ឋកិច្ច ចាប់តាំងពីខែសីហា ដើម្បដាក់អ៊ីរ៉ង់ ឱ្យនៅឯកោតាមរយៈទណ្ឌកម្មហិរញ្ញវត្ថុ។
ការជម្លៀសខ្លួនកម្រិតអាសន្ននេះបានកើតឡើង ស្របពេលដែលក្រសួងយុត្តិធម៌អាម៉េរិក បានប្រកាសចោទប្រកាន់ជនជាតិ អ៊ីរ៉ង់ចំនួន៣នាក់ ពីបទល្មើសភេរវកម្ម ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការរៀបចំការវាយប្រហារ និងការប៉ុនប៉ងវាយប្រហារជិត២០លើកនៅទូទាំងទ្វីបអឺរ៉ុប និងសហរដ្ឋអាម៉េរិក៕
អត្ថបទៈ សួន ឡង់ទី