​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យការបរទេស

វៀតណាម គ្រោងផ្តល់ទិដ្ឋាការពិសេស ដើម្បីទាក់ទាញអ្នកធ្វើការតាមអនឡាញ និងភ្ញៀវទេសចរ


វៀតណាម គ្រោងផ្តល់ទិដ្ឋាការពិសេសដល់ជនបរទេស ដែលធ្វើការតាមប្រព័ន្ធអនឡាញ ភ្ញៀវទេសចរដែលមកព្យាបាលជំងឺ និងអ្នកដែលចង់ស្នាក់នៅរយៈពេលយូរ។ វិធានការនេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរ ដែលមានសមត្ថភាពចំណាយខ្ពស់ឱ្យមកស្នាក់នៅយូរ និងចំណាយប្រាក់កាន់តែច្រើន ព្រមទាំងជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វៀតណាម ក្នុងវិស័យទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
វៀតណាម_បើកទ្វារទទួលភ្ញៀវទេសចរប្រភេទថ្មីតាមរយៈទិដ្ឋាការពិសេស
ដោយ

សំណើនេះជាផ្នែកមួយនៃសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការអភិវឌ្ឍវិស័យទេសចរណ៍ដែលត្រូវបានដាក់បង្ហាញជូនរដ្ឋសភាវៀតណាម កាលពីថ្ងៃទី៧ ខែវិច្ឆិកា។ ក្រោមផែនការនេះ វៀតណាមនឹងបង្កើតគោលនយោបាយទិដ្ឋាការដែលមានភាពបត់បែនជាងមុន ដោយផ្តោតលើទីផ្សារទេសចរណ៍សំខាន់ៗ រួមមានអ្នកធ្វើការតាមប្រព័ន្ធអនឡាញ ភ្ញៀវទេសចរដែលមកពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងសមាជិកគ្រួសារ ដែលអមដំណើរពួកគេ។

រដ្ឋាភិបាលវៀតណាម ក៏មានគម្រោងសម្រួលការផ្តល់លិខិតអនុញ្ញាតការងារ ទិដ្ឋាការ និងសិទ្ធិស្នាក់នៅបណ្តោះអាសន្នដល់អ្នកជំនាញ និងសិល្បករបរទេសដែលចូលរួមក្នុងគម្រោងទេសចរណ៍ផងដែរ។ ក្រៅពីការកែសម្រួលគោលនយោបាយទិដ្ឋាការ សេចក្តីព្រាងនេះ ក៏រួមបញ្ចូលការលើកទឹកចិត្តផ្នែកពន្ធ និងការវិនិយោគសម្រាប់គម្រោងទេសចរណ៍ធំៗ ការគាំទ្រទេសចរណ៍សហគមន៍ និងទេសចរណ៍ធម្មជាតិ ព្រមទាំងការផ្តល់ថវិកាសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន និងការបណ្តុះបណ្តាលកម្លាំងពលកម្ម។

ទោះជាយ៉ាងណា គណៈកម្មាធិការមួយរបស់រដ្ឋសភាបានស្នើឱ្យរដ្ឋាភិបាលវៀតណាម បញ្ជាក់ឱ្យបានច្បាស់លាស់បន្ថែមទៀតអំពីលក្ខខណ្ឌ និងវិសាលភាព នៃគោលនយោបាយទិដ្ឋាការពិសេសនេះ ដោយសង្កត់ធ្ងន់ថា ត្រូវគិតគូរដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមផងដែរ។

ប្រសិនបើទទួលបានការអនុម័ត សេចក្តីសម្រេចនេះនឹងចូលជាធរមាននៅឆ្នាំ២០២៧ និងមានសុពលភាពរយៈពេល១០ឆ្នាំរហូតដល់ដំណាច់ឆ្នាំ២០៣៦។ រដ្ឋាភិបាលវៀតណាមរំពឹងថា វិធានការទាំងនេះនឹងជួយដោះស្រាយឧបសគ្គក្នុងវិស័យទេសចរណ៍ ទាក់ទាញការវិនិយោគ និងជំរុញឱ្យវិស័យនេះក្លាយជាកម្លាំងចលករដ៏សំខាន់មួយ នៃសេដ្ឋកិច្ចជាតិ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាវាទេសចរណ៍ Odyssey ត្រូវបានអាជ្ញាធរឃាត់ទុកនៅកំពង់ផែសិង្ហបុរី ក្រោយចាកចេញពីកម្ពុជា

យោងតាមកំណត់ត្រាតុលាការ ដែលត្រូវបានចុះផ្សាយដោយសារថព័ត៌មាន CBS News នាវាទេសចរណ៍ Odyssey ដែលជានាវាទេសចរណ៍ធ្វើដំណើរជុំវិញពិភពលោកឥតឈប…

ហុងកុង និងចិន ងាកពីថៃ មកទិញអង្ករពីកម្ពុជា និងវៀតណាម ដែលមានតម្លៃទាបជាង

អង្ករសរបស់ថៃ ក្នុង​មួយតោនមានតម្លៃខ្ពស់ដល់ទៅ៤៨៥ដុល្លារអាម៉េរិក ខណៈអង្ករវៀតណាម មានតម្លៃត្រឹម៤២០ដុល្លារ។ ទន្ទឹម​នេះអង្ករក្រអូបរបស់កម្ពុជា មា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ