ទោះយ៉ាងណា ទីក្រុងហាណូយ ក៏បានបន្ថយកម្រិតព្យុះមួយនេះ ពីកម្រិតព្យុះទីហ្វុង ដែលមានសមត្ថភាពបោកបក់ខ្លាំង មកត្រឹមព្យុះត្រូពិកវិញផងដែរ។
ទោះបានទម្លាក់កម្រិតព្យុះក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលវៀតណាមបន្តព្រមាន ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នព្រោះហានិភ័យពីទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់។
ដោយឡែក ចាប់ពីព្រឹកថ្ងៃពុធសប្តាហ៍នេះ ស្ទើរតែពាក់កណ្តាលនៃអាកាសយានដ្ឋានរបស់ប្រទេសវៀតណាមនៅទូទាំងប្រទេសត្រូវបានបិទ សាលារៀន និងការិយាល័យធ្វើការនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន រួមទាំងនៅទីក្រុងដាណាងក៏ត្រូវបានបិទ និងផ្អាកដំណើរការផងដែរ។ តំបន់មួយចំនួនដែលរងខ្យល់បោកបក់ខ្លាំងត្រូវបានអាជ្ញាធរកំណត់បម្រាមគោចរ មិនឱ្យមានការធ្វើដំណើរផ្តេសផ្តាសឡើយ។
ទីភ្នាក់ងារអាកាសធាតុបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមថា ព្យុះនេះបានផ្តើមបោកបក់ដំបូងជាមួយនឹងកម្លាំងខ្យល់ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងខេត្តខ្វាងណាំ(Quang Nam) ដែលជាទីក្រុងប្រវត្តិសាស្ត្រ ហុយអាន ហើយត្រូវបានគេប៉ាន់ស្មានថា ល្បឿនខ្យល់អាចកើនដល់ជាង១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមឱ្យដឹងទៀតថា ក្រសួងការពារជាតិបានចល័តទាហានប្រហែល ៤ម៉ឺននាក់ និងកម្លាំងអាជ្ញាធរដទៃប្រមាណ ២០ម៉ឺននាក់ទៀត បំពាក់ដោយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយ។
បើយោងតាមសារព័ត៌មានវៀតណាម VNA បានឱ្យដឹងថា ពលរដ្ឋជាង១០ម៉ឺនគ្រួសារ ស្មើនឹង មនុស្សជាង៤០ម៉ឺននាក់ត្រូវបានជម្លៀសចេញទៅកាន់កន្លែងមានសុវត្ថិភាព។
គួរជម្រាបថា ព្យុះណូរុ គឺជាព្យុះដ៏ខ្លាំងបំផុតដែលបានបោកបក់ប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ បានធ្វើដំណើរចេញពីហ្វីលីពីន ក្រោយបោកបក់នៅទីនោះចាប់ពីចុងសប្តាហ៍មុន និងបានឆក់យកជីវិតមនុស្ស៨នាក់។ ទោះយ៉ាងណា គិតត្រឹមថ្ងៃទី២៨កញ្ញា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសវៀតណាមនោះទេ។
ព្យុះនេះនឹងបន្តនាំមកនូវខ្យល់បក់ខ្លាំងនៅតាមខេត្តឆ្នេរសមុទ្រក្បែរទីក្រុងដាណាង ហើយត្រូវបានគេរំពឹងថា នឹងចុះខ្សោយ នៅពេលដែលវាផ្តើមបោកបក់ដល់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ប្រទេសវៀតណាមភាគកណ្តាល ភាគខាងត្បូងប្រទេសឡាវ និងភាគខាងជើងប្រទេសថៃសុទ្ធតែជាតំបន់ ប្រឈមមុខនឹងហានិភ័យនៃទឹកជំនន់ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់។
សូមជម្រាបថា វៀតណាមក៏ជាប្រទេសងាយរងគ្រោះដោយសារគ្រោះធម្មជាតិមួយដែរ ពិសេសខ្យល់ព្យុះនិងទឹកជំនន់ ដោយសារតែព្រំប្រទល់ជាប់ឆ្នេរសមុទ្រដ៏វែងរបស់ខ្លួន។ ទិន្នន័យផ្លូវការបានបង្ហាញថា គ្រោះមហន្តរាយធម្មជាតិ ដែលភាគច្រើនជាទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះ បានសម្លាប់មនុស្ស ១៣៩នាក់ និង១៥០នាក់ផ្សេងទៀតរងរបួសនៅក្នុងកាលពីឆ្នាំ២០២១៕