គិតមកទល់ពេលនេះ ថាយផ្ល័ស មានវត្តមាន និងបម្រើសេវាកម្មត្រួតពិនិត្យសុវត្ថិភាពយានយន្ដ និងសំបកកង់ រយៈពេល៣ឆ្នាំមកហើយនៅកម្ពុជា។
លោក ហ៊ុ ណារិន នាយកគ្រងគ្រប់ក្រុមហ៊ុន Worldbridge Car Solutions បានឱ្យដឹងអំពីគោលការណ៍ នៃការពង្រីងខ្លួនរបស់ ថាយផ្ល័ស ព្រមទាំងលើកទឹកចិត្តដល់អ្នកអ្នកវិនិយោគ សម្រាប់ឱកាសក្លាយខ្លួនជាដៃគូហ្វ្រេនឆាយជាមួយ ថាយផ្ល័ស។
លោក ហ៊ុ ណារិន ៖ «ជារួមយុទ្ធសាស្ត្ររបស់យើង ថាយផ្ល័ស យើងបើកហាងខ្លួនឯងតែពីរទេ។ អ៊ីចឹងបានន័យថា ហាងទី៣ ទី៤ ទៅដល់ទី២០ហ្នឹង គឺយើងលក្ខណៈជាប្រេនឆាយ។ ប្រេនឆាយហ្នឹងមានន័យថា ការចូលរួមជាមួយ ថាយផ្ល័ស គឺមានភាពងាយស្រួល។ ទី១ ទាក់ទងនឹងអ្នកវិនិយោគហ្នឹង មិនចាំបាច់មានបទពិសោធនូវផ្នែកកង់ឡាន ឬជួសជុលឡានទេ។ ទី២ តម្លៃចូលរួម គឺឥតស៊ាំញាំ មានន័យថា ប្រេនឆាយមួយចំនួន គឺមានតម្លៃប្រេនឆាយលើកដំបូងហើយ ប្រចាំខែ ត្រូវបង់ប្រចាំខែទៀត ប៉ុន្ដែ ថាយផ្ល័ស អត់ទេ គឺយើងបង់សាមញ្ញ មានន័យថា មួយឆ្នាំ យើងបង់តែម្ដង»។
ថាយផ្ល័ស មិនត្រឹមតែជាយានដ្ឋាន ដែលផ្ដល់សេវាត្រួតពិនិត្យសុវត្ថិភាពដល់យានយន្ដប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាកន្លែងផ្ដល់តម្រូវការ និងផាសុកភាពដល់អតិថិជនម្ចាស់រថយន្ដផងដែរ។
លោក ហ៊ុ ណារិន៖ «គឺយើងឈរទៅលើគោលការណ៍ ៥អម្បាញ់មិញ គឺ Quality, Convinient Shop, Speed, Service Oriented និង trsut ដែលខ្ញុំថាអតិថិជនរបស់យើង ៧០% ជាអតិថិជនចាស់។ អ៊ីចឹងបានន័យថា គាត់ទុកចិត្តលើយើង។ អ៊ីចឹងគាត់មកពេលខ្លះ គាត់ថាអូនដូរស្បែរហ្រ្វាំងឱ្យបងបន្តិច ប៉ុន្ដែពេលយើង check ជាក់ស្ដែង ស្បែកហ្វ្រាំងគាត់នៅល្អ។ អ្វីដែលគាត់ខូច គឺប្រេងហ្វ្រាំងរបស់គាត់ ខ្វះ ពេលគាត់ទៅអត់ស៊ី អ៊ីចឹងយើងប្រាប់គាត់ថា គ្រាន់តែថែម ឬដូរប្រេងហ្វ្រាំងទៅបានហើយ»។
លើសពីនេះ លោក ហ៊ុ ណារិន ក៏បានលើកឡើងអំពីសារសំខាន់ក្នុងការថែទាំ និងត្រួតនិពិត្យសុវត្ថិភាពយានយន្ដ ដែលជារឿងចាំបាច់បំផុត សម្រាប់គ្រប់អ្នកប្រើប្រាស់រថយន្ដ។
លោក ហ៊ុ ណារិន៖ «ទី១ ទាក់ទងនឹងសុវត្ថិភាពផ្ទាល់ខ្លួន បានន័យថាពេលដែលយើងបើបបរទៅ អ្វីដែលយើង Check អ្វីដែលយើងការពារទុកមុនហ្នឹង គឺការពារអាយុជីវិតយើង។ ទី២ គឺទាក់ទងនឹងការជួសជុល គឺជួយច្រើនមែនទែន។ ពេលដែលយើង Check ញឹកញាប់ មានន័យថា ការខួចហ្នឹងតិចៗ អ៊ីចឹងយើងអាចរកឃើញ ហើយយើងជួសជុលបានលឿន»។
ជម្រាបជូនថា ថាយផ្ល័ស គឺជាបណ្ដាញមជ្ឈមណ្ឌលថែទាំកង់រថយន្ដអន្តរជាតិ នៃក្រុមហ៊ុនផលិតសំបកកង់ Michelin ហើយត្រូវបាននាំចូលមកកម្ពុជាដោយក្រុមហ៊ុន Worldbridge Car Solutions ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី។ បច្ចុប្បន្ន ថាយផ្ល័ស មានមជ្ឈមណ្ឌលផ្ទាល់ខ្លួន ២ទីតាំងក្នុងរាជធានីភ្នំពេញ និង ២ទីតាំងផ្សេងទៀតជាដៃគូហ្រេនឆាយ៕