ការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោនដូចនេះ គឺផ្ទុយទៅនឹងការរិះគន់របស់រុស្ស៊ី និងចិន។ កន្លងមកប៉េកាំង និងម៉ូស្កូ គិតថាកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងមិនបានធ្វើឲ្យពលរដ្ឋកូរ៉េជួបទុក្ខលំបាកឡើយ ផ្ទុយទៅវិញការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅវិញទេ ដែលបានធ្វើឱ្យស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើង កាន់តែមានសភាពអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់-ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បានគូសបញ្ជាក់ថា «យើងអំពាវនាវឱ្យកូរ៉េខាងជើងបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសុខមាលភាពប្រជាជនរបស់ខ្លួន តាមរយៈការគោរពសិទ្ធិមនុស្ស, បញ្ឈប់ការចំណាយលុយទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីក ដែលផ្ទុយនឹងច្បាប់តទៅទៀត»។ លោកស្រីបន្ថែមថា កូរ៉េខាងជើងគួរតែផ្តោតជាអាទិភាពលើតម្រូវការចាំបាច់នៃ ប្រជាជនរបស់ខ្លួន ជាពិសេសគឺប្រជាជនកូរ៉េខាងជើងដែលងាយរងគ្រោះ និងដែលកំពុងជួបការលំបាក។
កូរ៉េខាងជើងដែលបានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ជាគ្រាដំបូងបង្អស់ដែលព្យុងយ៉ាងចាប់ផ្តើមការអភិវឌ្ឍកម្មវិធីមីស៊ីលបាលិស្ទីក និងអាវុធនុយក្លេអ៊ែរ។ ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រុស្ស៊ី និងចិនដែលជាសម្ព័ន្ធមិត្ត បានជំរុញឱ្យអង្គការសហប្រជាជាតិបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីស្ដារស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសដ៏ឯកោមួយនេះឡើងវិញ។ ប៉ុន្តែការអំពាវនាវនេះហាក់ដូចជាមិនសូវទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ។
បើតាមមន្ត្រីទូតដែលស្និទ្ធនឹងកិច្ចប្រជុំឲ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅអង្គការសហប្រជាជាតិមានគម្រោងលើកយកសំណុំរឿងទណ្ឌកម្មកូរ៉េខាងជើងមកពិភាក្សាក្នុងជំនួបក្រុមប្រឹក្សាសន្តិសុខនៅខែកុម្ភៈនេះ ស្របពេលដែលរុស្សីជាប្រធានដឹកនាំកិច្ចប្រជុំស្រាប់។ ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយសារអគ្គរដ្ឋទូតរុស្សី លោក វ៉ាស៊ីលី ណេបេនហ្សៀ (Vassily Nebenzia) រកឃើញវិជ្ជមានកូវីដ១៩។
គួរជម្រាបថា ស្ថានភាពមនុស្សធម៌របស់កូរ៉េខាងជើង កាន់តែអាក្រក់ទៅៗហើយ នេះបើយោងតាមការដកស្រង់ពីរបាយការណ៍សិក្សាមួយរបស់អង្គការសហប្រជាជាតិ។ របាយការណ៍ដដែលនេះអះអាងថា កត្តាចម្បងដែលធ្វើឲ្យស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើងកាន់តែយ៉ាប់យ៉ឺន ទំនងជាមកពីការរិតត្បិតកូវីដ១៩របស់របបក្រុងព្យុងយ៉ាង និងផ្អាកការទំនាក់ទំនងដោះដូរពាណិជ្ជកម្មផ្លូវដែកតែមួយគត់ជាមួយក្រុងប៉េកាំងកាលពីពេលកន្លងទៅនេះ៕