ក្រុមហ៊ុនខ្នាតយក្សរបស់អាម៉េរិក Uber គ្រោងនឹងទិញយកក្រុមហ៊ុន Foodpanda របស់តៃវ៉ាន់នៅឆមាសទីមួយ ឆ្នាំ២០២៥ ក្នុងតម្លៃ៩៥០លានដុល្លារអាម៉េរិក ដើម្បីច្របាច់បញ្ចូលគ្នារវាងរវាងក្រុមហ៊ុនកំពូលទាំងពីរនៅក្នុងទីផ្សារចែកចាយអាហាររបស់តៃវ៉ាន់។
អនុប្រធានគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ (FTC) របស់តៃវ៉ាន់លោក ឆិន ឈីមីង (Chen Chi-ming) បានប្រាប់សន្និសីទសារព័ត៌មានថា ប្រសិនបើក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុន Foodpanda ពិតមែន ក្រុមហ៊ុននេះនឹងមិនសូវមានការប្រកួតប្រជែងខ្លាំងនោះទេ។ វាមានន័យថា ក្រោយពីបានច្របាច់បញ្ចូលគ្នាហើយ ក្រុមហ៊ុន Uber Eats នឹងមានឧបសគ្គតិចជាងមុនក្នុងការប្រកួតប្រជែង ហើយវានឹងជំរុញឱ្យក្រុមហ៊ុននេះបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់ និងថែមទាំងបង្កើនកម្រៃជើងសារសម្រាប់ប្រតិបត្តិករភោជនីយដ្ឋានទៀតផង។
លោក ឆិន បានបន្ថែមថា គុណវិបត្តិនៃការប្រកួតប្រជែងទីផ្សារបណ្ដាលមកពីការរួមបញ្ចូលគ្នានេះ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ហើយចំណែកទីផ្សាររបស់ក្រុមហ៊ុនរួមបញ្ចូលគ្នានេះ នឹងកើនលើស៩០% ហើយក៏គ្មានវិធានការកែតម្រូវណាមួយដែលអាចធានាទាំងស្រុងថាការប្រកួតប្រជែងនឹងនៅតែមានបានឡើយ។
ដូច្នេះហើយរដ្ឋាភិបាលតៃវ៉ាន់ បានសម្រេចច្រានចោលកិច្ចព្រមព្រៀងនេះ បើទោះជាក្រុមហ៊ុន Uber បានចាត់ទុកកិច្ចព្រមព្រៀងដែលបានប្រកាសកាលពីខែឧសភា កន្លងទៅថា ជាកិច្ចព្រមព្រៀងអន្តរជាតិដ៏ធំបំផុតមួយរបស់តៃវ៉ាន់ក្រៅពីឧស្សាហកម្មបន្ទះឈីបយ៉ាងណាក៏ដោយ។
សហជីពដឹកជញ្ជូនរបស់តៃវ៉ាន់ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់គណៈកម្មាធិការ FTC ដោយពួកគេបានលើកឡើងថា ការរារាំងនេះនឹងជួយធានាអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អនាគតនៃឧស្សាហកម្មដឹកជញ្ជូនអាហារ ហើយការរួមបញ្ចូលគ្នានេះនឹងបង្កើតភាពផ្តាច់មុខ និងនាំឱ្យមានការខាតបង់យ៉ាងទូលំទូលាយសម្រាប់អ្នកដឹកជញ្ជូន អ្នកលក់ និងអ្នកប្រើប្រាស់ផងដែរ៕
អត្ថបទ៖ សុខ មង្គល