ការចុះហត្ថលេខានេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងស្របពេលដែលអង់គ្លេសកំពុងព្យាយាមបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយកូរ៉េខាងត្បូងដែលជាប្រទេសសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក ក្រោយពេលដែលអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស និងកូរ៉េខាងត្បូងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ គឺជាបុព្វហេតុនៃការចរចាពាណិជ្ជកម្មផ្លូវការ ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ក្នុងគោលបំណងកែលម្អកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីរក្សាឱ្យមានប្រសិទ្ធភាពនូវលក្ខខណ្ឌដែលប្រទេសអង់គ្លេសធ្លាប់មានក្នុងនាមជាសមាជិកសហភាពអឺរ៉ុប។
ទន្ទឹមនេះ គណៈប្រតិភូនៅទីក្រុងឡុងដ៍ក៏រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និងកូរ៉េខាងត្បូង នឹងធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងការប្រឈមមុខនឹងការរំខានជាសកលដែលបណ្តាលមកពីជំងឺកូវីដ១៩ ដែលកំពុងជំរុញថ្លៃដើមផលិតកម្មខ្ពស់ និងជំរុញកំណើនអតិផរណា។
ទោះយ៉ាងណា ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះ មិនត្រូវបានផ្សព្វផ្សាយជាមុនទេ។ គ្រាន់តែគេដឹងថា ចក្រភពអង់គ្លេសចង់ធានាថា ទំនិញសំខាន់ៗនៅតែបន្តមានលំហូរចូលរវាងប្រទេសទាំងពីរ ដោយក្នុងនោះ អង់គ្លេសបានលើកយកបញ្ហាបន្ទះឈីប មកធ្វើជាឧទាហរណ៍ផងដែរ ខណៈឧស្សាហកម្មរថយន្តរបស់អង់គ្លេស និងប្រទេសដទៃទៀតនៅជុំវិញពិភពលោក ក៏ត្រូវបានជាប់គាំងដោយកង្វះខាតបន្ទះឈីបជាសកលនេះផងដែរ។
គិតត្រឹមខែកញ្ញា ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងអង់គ្លេស និងកូរ៉េខាងត្បូងមានតម្លៃ ១៨ ពាន់លានដុល្លារ។ សូមជម្រាបថា ការចាកចេញពីសហភាពអឺរ៉ុបបានផ្តល់ឱ្យអង់គ្លេសនូវអំណាចដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈកូរ៉េខាងត្បូងជាប្រទេសសម្បូរដោយពលរដ្ឋវណ្ណៈកណ្តាល ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលជាទីផ្សារសក្តានុពលដ៏សំខាន់សម្រាប់ទំនិញរបស់អង់គ្លេស៕