ក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូង

ក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងប្រមូលផ្ដុំគ្នាតាមដងផ្លូវ ដើម្បីទាមទារការការពារសិទ្ធិពីការបំពានរបស់ឪពុកម្ដាយសិស្ស


គ្រូបង្រៀន និងបុគ្គលិករបស់សាលារៀននៅកូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ ដើម្បីទាមទារសិទ្ធិការការពារផ្នែកច្បាប់បន្ថែមទៀតពីការគំរាមកំហែងពីឪពុកម្តាយរបស់សិស្ស ដែលជាបញ្ហាកំពុងកើតមានឡើងមួយនៅក្នុងប្រទេស។ ការចេញមកទាមទារសិទ្ធិការពារផ្នែកច្បាប់បន្ថែមពីសំណាក់លោកគ្រូ អ្នកគ្រូនិងបុគ្គលិករបស់សាលារៀននេះ គឺបន្ទាប់ពីមានករណីអ្នកគ្រូបង្រៀនម្នាក់បានស្លាប់នៅក្នុងថ្នាក់រៀន ក្រោយរងសម្ពាធផ្លូវចិត្តពីការត្អូញត្អែររបស់អាណាព្យាបាលសិស្ស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
គ្រូបង្រៀនប្រមូលផ្ដុំគ្នាតាមផ្លូវទាមទារការការពារសិទ្ធិពីការបំពានរបស់ឪពុកម្ដាយសិស្សនៅកូរ៉េខាងត្បូង

បាតុកម្មកាលពីចុងសប្តាហ៍មុននេះនៅក្នុងរដ្ឋធានីសេអ៊ូលបានផ្ទុះឡើងបន្ទាប់ពីអ្នកគ្រូបង្រៀនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងសាលាបឋមសិក្សាមួយកាលពីខែកក្កដា បន្ទាប់ពីមានសម្ពាធផ្លូវចិត្តបណ្តាលមកពីការត្អូញត្អែររបស់ឪពុកម្តាយសិស្សានុសិស្ស។

គ្រូបង្រៀនដែលបានប្រមូលផ្តុំគ្នាតវ៉ាជាច្រើនសប្តាហ៍មកនេះបាននិយាយថា ច្បាប់បច្ចុប្បន្នធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងថ្នាក់រៀនរបស់ពួកគេ និងធ្វើឱ្យពួកគេរងសម្ពាធផ្លូវចិត្តពីការស្ដីបន្ទោសរបស់ឪពុកម្តាយសិស្ស ដែលអាចចោទយ៉ាងងាយថាគ្រូបានរំលោភបំពានលើកុមារ។

សមាជិកសភាកូរ៉េខាងត្បូងបច្ចុប្បន្នកំពុងជជែកដេញដោលសេចក្ដីព្រៀងច្បាប់មួយចំនួនដែលនឹងបំពេញតាមការទាមទាររបស់គ្រូបង្រៀន ដើម្បីឱ្យមានអភ័យឯកសិទ្ធិពីការចោទប្រកាន់ពីការបំពានលើកុមារ។ ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងពីក្តីបារម្ភចំពោះការផ្លាស់ប្តូរដ៏មានសក្ដានុពលនេះដោយនិយាយថា សំណើនេះអាចធ្វើឱ្យការការពារកុមារកាន់តែចុះខ្សោយខណៈដែលគេបានប្រឹងប្រែងលើកកម្ពស់ជាច្រើនឆ្នាំក្នុងបរិយាកាសប្រកួតប្រជែងយ៉ាងខ្លាំងក្លា។

បើតាមក្រសួងអប់រំ និងទិន្នន័យសេវាធានារ៉ាប់រងសុខភាពជាតិដែលបានផ្តល់ឱ្យតំណាងរាស្រ្តគណបក្សប្រឆាំងសេរីម្នាក់ គឺលោកស្រី គីម វ៉ូនី (Kim Woni) កាលពីសប្តាហ៍មុនបានបង្ហាញថា សិស្សបឋមសិក្សា មធ្យម និងវិទ្យាល័យជាង៨២០នាក់បានស្លាប់ដោយសារការធ្វើអត្តឃាតនៅចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២២។

ក្រុមគ្រូបង្រៀន និងបុគ្គលិកសាលាដែលស្លៀកពាក់ពណ៌ខ្មៅរាប់ពាន់នាក់បានតវ៉ានៅជិតរដ្ឋសភាដោយស្រែកពាក្យស្លោក និងលើកបដាសរសេរថា«សូមផ្តល់អភ័យឯកសិទ្ធិគ្រូបង្រៀនឱ្យរួចផុតពីការចោទប្រកាន់ពីការរំលោភបំពានផ្លូវចិត្តរបស់កុមារ» ហើយថា គ្រូបង្រៀនជាង៩ពាន់នាក់ត្រូវបានឪពុកម្តាយរាយការណ៍ថា បានរំលោភបំពានលើកុមារក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។

លោក អាន ជី ហេ (Ahn Ji Hye) គ្រូបង្រៀន និងជាអ្នករៀបចំការតវ៉ាម្នាក់បាននិយាយថា គាត់សង្ឃឹមថា សេចក្ដីព្រៀងច្បាប់ដែលសមាជិកសភាកំពុងពិភាក្សាពេលនេះនឹងត្រូវបានអនុម័ត ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ដើម្បីការពារសិទ្ធិមានជីវិតរបស់គ្រូបង្រៀន និងផ្តល់អំណាចដល់គ្រូបង្រៀនក្នុងការផ្តល់ការអប់រំឱ្យបានល្អ។

ចំពេលមានការខឹងសម្បារកាន់តែខ្លាំងឡើងពីសំណាក់គ្រូបង្រៀន រដ្ឋាភិបាលអភិរក្សនិយមរបស់កូរ៉េខាងត្បូងបានចាប់ផ្តើមបង្កើតក្រុមការងារពិសេសមួយនៅដើមខែនេះ ដើម្បីស្វែងរកច្បាប់ថ្មីទាក់ទងនឹងការអប់រំដែលនឹងឆ្លុះបញ្ចាំងពីមតិរបស់គ្រូបង្រៀនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារពួកគេពីការចោទប្រកាន់ពីការរំលោភបំពានលើកុមារ។

ក្រសួងអប់រំ និងយុត្តិធម៌នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយបានចោទអតីតរដ្ឋាភិបាលសេរីរបស់ទីក្រុងសេអ៊ូលថា បានប្រើគោលនយោបាយដែល«សង្កត់ធ្ងន់លើសិទ្ធិរបស់កុមារ» ដែលពួកគេនិយាយថា បាននាំឱ្យមានការកើនឡើងនៃ«របាយការណ៍ពីការរំលោភបំពានលើកុមារដែលគ្មានការធានានោះឡើយ»៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ CVEA រំពឹងទទួលបានចំណេះដឹងថ្មីៗពីប្រទេសសមាជិកអាស៊ាន ដើម្បីអភិវឌ្ឍន៍ការវាយតម្លៃអចលវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរ

ព័ត៌មាន
ថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)នៅថ្ងៃទី១៧ កញ្ញាបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអ្នកវា…

រដ្ឋមន្ត្រីការពារជាតិចិនអាចកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយក្នុងជួរទ័ព ក្រោយបាត់មុខមួយរយៈ

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិចិន ដែលទើបឡើងកាន់តំណែងកំពូលរបស់ប្រទេសកាលពីខែឧសភា ត្រូវបានរាយការណ៍មកថា កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ