យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលអ៊ុយក្រែនក្នុងសប្តាហ៍នេះ ទាក់ទងនឹងច្បាប់ថ្មីស្តីពីការនាំចេញកសិផល បានហាមឃាត់ការនាំចេញស្រូវសាលី គោក្រីរស់ សាច់សត្វ ស្កស និង អនុផល ផ្សេងទៀតទៅកាន់ទីផ្សាពិភពលោក។ លោក Roman Leshchenko រដ្ឋមន្ត្រីក្រសួងកសិកម្ម និងគោលនយោបាយស្បៀងអាហាររបស់ប្រទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមឃាត់ការនាំចេញ គឺចាំបាច់ត្រូវតែធ្វើ ដើម្បីការពារវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន និងធ្វើឱ្យទីផ្សារមានស្ថិរភាព ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងជីវភាពរស់នៅរបស់ប្រជាជននៅអឺរ៉ុប អាហ្វ្រិក និងអាស៊ី ដែលពឹងផ្អែកលើការប្រកបរបក្នុងតំបន់សមុទ្រខ្មៅ ដែលត្រូវបានគេស្គាល់ថាជា តំបន់ដែលផ្គត់ផ្គង់ស្បៀងអាហារធំមួយរបស់ពិភពលោក។ ក្នុងនោះ រុស្ស៊ី និងអ៊ុយក្រែន មានការរួមចំណែកផ្គត់ផ្គង់ជិតមួយភាគបី នៃការនាំចេញស្រូវសាលីទៅកាន់ទីផ្សាពិភពលោក។
ការហាមប្រាមការនាំចេញរបស់អ៊ុយក្រែននេះ ទំនងជានឹងកាត់បន្ថយការផ្គត់ផ្គង់ស្បៀងអាហារសកល ហើយតម្លៃស្បៀងអាហារនឹងបន្តកើនឡើងជាលំដាប់ នៅក្នុងតម្លៃកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១១មក។
នាយកក្រុមប្រឹក្សាធញ្ញជាតិអន្តរជាតិលោក Arnaud Petit បានអះអាងថា សង្គ្រាមអូសបន្លាយនឹងមានឥទ្ធិពលធំជាងគេលើប្រទេសអេហ្ស៊ីប។ អេហ្ស៊ីបដែលជាប្រទេសនាំចូលស្រូវសាលីធំជាងគេរបស់ពិភពលោក មានមនុស្សរាប់លាននាក់ពឹងផ្អែកលើវាដើម្បីផលិតនំបុ័ង និងពឹងផ្អែកលើគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនដើម្បីរស់រានមានជីវិត ខណៈប្រហែលមួយភាគបីនៃប្រជាជនអេហ្ស៊ីបរស់នៅក្នុងភាពក្រីក្រ។ ដោយឡែក ប្រទេសនៅតំបន់អាហ្វ្រិក បាននាំចូលកសិផលមានតម្លៃ៤ពាន់លានដុល្លារពីរុស្ស៊ីកាលពីឆ្នាំ២០២០ ក្នុងនោះ៩០%ជាស្រូវសាលី ដូចនេះអាហ្វ្រិកក៏មានគំរាមកំហែងខ្លាំងណាស់ដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន