បើតាមខុទ្ទការល័យប្រធានាធិបតីអ៊ុយក្រែន ការអញ្ជើញនេះត្រូវបានលោកហ្សេលេនស្គី ស្នើទៅលោកបៃឌិន អំឡុងពេលដែលសមភាគីទាំងពីរជជែកគ្នាតាមទូរសព្ទកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ខុទ្ទការល័យប្រធានាធិបតីអ៊ុយក្រែនបានគូសបញ្ជាក់ថា លោកហ្សេលេនស្គីបានសង្កត់ធ្ងន់ប្រាប់លោកបៃឌិន ពីសារៈសំខាន់នៃវត្តមានរបស់លោកមកក្នុងប្រទេសអ៊ុយក្រែន ដើម្បីឲ្យស្ថានការណ៍មានស្ថិរភាព ហើយវត្តមានរបស់ប្រមុខមេដឹកនាំអាមេរិកទៀតសោត នឹងជាការបញ្ជូនសារមួយ ក៏ដូចជាអាចរួមចំណែកឲ្យភាពតានតឹងបានធូរស្បើយខ្លះដែរ។
យ៉ាងណាក៏ដោយ សេតវិមានអាមេរិកបានបដិសេធឆ្លើយតបជុំវិញការអញ្ជើញឲ្យធ្វើទស្សនកិច្ចនៅអ៊ុយក្រែននេះ។ ប៉ុន្តែបើតាមសារព័ត៌មាន CNN មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានអះអាងប្រាប់ពួកគេថា ពុំមានចម្លើយជាវិជ្ជមានណាមួយឡើយពីលោកចូ បៃឌិនសម្រាប់ការអញ្ជើញនេះ។
លើសពីនេះ អ៊ុយក្រែនបាននិងកំពុងស្វែងរកការជួបនិយាយគ្នាជារុស្សីផងដែរ ដើម្បីឲ្យទីក្រុងម៉ូស្កូពន្យល់ប្រាប់ខ្លួនដោយផ្ទាល់ និងឲ្យបានច្បាស់លាស់ពីចេតនារបស់រុស្ស៊ី ដែលបានមកប្រមូលផ្តុំកងទ័ពយ៉ាងសម្បើមនៅក្បែរព្រំដែន។ ប៉ុន្តែសំណើនេះត្រូវបានរុស្សីបដិសេធ។ បើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់ទីក្រុងកៀវ ជំហានបន្ទាប់គឺគេនឹងដាក់សំណើសុំជួបប្រជុំជាមួយរុស្សីឲ្យបានក្នុងពេល ២ថ្ងៃខាងមុខ។
គួរជម្រាបថា ភាពតានតឹងនៅបន្ទាត់ព្រំដែនរុស្សី-អ៊ុយក្រែន អស់ពេលជាច្រើនសប្តាហ៍មកហើយ មិនទាន់បង្ហាញសញ្ញាធូរស្បើយនោះទេ ទោះបីមានកិច្ចខិតខំប្រឹងប្រែងពីលោកខាងលិច ក្នុងជំនួបចរចាផ្នែកការទូតជាមួយរុស្សីជាច្រើនលើកច្រើនសារទាំងតាមរយៈទូរសព្ទ និងជំនួបផ្ទាល់ក្តី។ ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងការទូត តាមរយៈការជជែកតាមទូរសព្ទរវាងប្រមុខដឹកនាំរុស្ស៊ីជាមួយមេដឹកនាំក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យមិនបានផ្តល់ផលជាវិជ្ជមាននោះទេ ក្រៅតែពីការព្រមានដាក់គ្នាទៅវិញទៅមក។
សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បាននិយាយថាប្រទេសរុស្ស៊ីអាចឈ្លានពានអ៊ុយក្រែននៅពេលណាក៏បាន ហើយម៉ូស្កូអាចរកលេសដ៏គួរឱ្យភ្ញាក់ផ្អើលណាមួយ សម្រាប់ការវាយប្រហារតែម្តង។ នេះបើតាមការចុះផ្សាយមួយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ូឡីវ៉ាន (Jake Sullivan) បានអះអាងដដែលជាដដែលថា បើតាមទំហំទ័ព និងសកម្មភាពរបស់រុស្សីនៅពេលនេះ គឺគេអាចវាយអ៊ុយក្រែនថ្ងៃណាក៏បានដែរ តែគេមិនអាចបញ្ជាក់ឲ្យបានច្បាស់ថាថ្ងៃនោះទេ។ ទីប្រឹក្សាការទូតរបស់លោកពូទីន បានរិះគន់អាមេរិកយ៉ាងខ្លាំងថា វាមិនសមហេតុផលដែលអាមេរិក ប្រកាសថ្ងៃដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ទាំងនេះសុទ្ធសឹងជាការបំប៉ោងព័ត៌មាន ខណៈដែលក្រុមម៉ូស្កូកន្លងមកបានចោទអាមេរិកថា កំពុងទាញឲ្យខ្លួនឲ្យធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ហើយក្រុមូស្កូក៏បានអះអាងទៀតថា ខ្លួនក៏មិនមានផែនការណាមួយចង់ឈ្លានពានអ៊ុយក្រែននោះទេ ប៉ុន្ដែ អ្វីដែលរុស្ស៊ីទាមទារជាសំខាន់នោះ គឺហាមដាច់ខាតក្នុងការដាក់បញ្ចូល អ៊ុយក្រែនជាសមាជិកអង្គការណាតូ៕