បញ្ហាស្បៀងអាហារពិភពលោក

វិបត្តិសង្គ្រាមអ៊ុយក្រែន បង្កឲ្យបញ្ហាអសន្តិសុខស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗហើយ


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានចេញមុខមកស្តីបន្ទោសចំៗ ចំពោះបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានធ្វើឱ្យមានអសន្តិសុខស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរទៅៗ ជាមួយនឹងបញ្ហាតម្លៃកើនខ្ពស់ និងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលឲ្យកើនឡើងសម្ពាធអតិផរណានៅលើពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។
អសន្តិសុខស្បៀងអាហារពិភពលោក
ដោយ

លោកស្រី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក Yellen បាន​និយាយ​ថា នៅ​មុន​ពេល​មាន​សង្គ្រាម​កើតឡើង មនុស្ស​ជាង ៨០០ លាន​នាក់ ដែល​ស្មើនឹង ១០% នៃ​ចំនួន​ប្រជាជន​ពិភពលោក​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​បញ្ហា​អសន្តិសុខ​ស្បៀងអាហារ​ដ៏​រ៉ាំរ៉ៃ ហើយ​ការ​ប៉ាន់​ប្រមាណ​នៅ​ពេល​មាន​សង្គ្រាម​កើតឡើង​នេះ បាន​បង្ហាញ​ថា​តម្លៃ​ម្ហូបអាហារ​កើនឡើង​ខ្ពស់ អាច​ជំរុញ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១០ លាន​នាក់​បន្ថែម​ទៀត​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់​អា​មេ​រិ​ក​រូប​នេះ បាន​ប្រាប់​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​គួរតែ​ជៀសវាង​ការ​ហាមឃាត់​ការ​នាំ​ចេញ ដែល​អាច​បង្កើន​តម្លៃបន្ថែម​ទៀត ហើយ​ត្រូវ​បង្កើន​ការ​គាំទ្រ​សម្រាប់​ប្រជាជន​ដែល​ងាយ​រង​គ្រោះ និង​កសិករ​ខ្នាត​តូច​។

ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​ល្លឺ​ម៉​ង់​លោក Christian Lindner ដែល​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំពីរ ដែល​ហៅ​ថា G7 បាន​និយាយ​ថា សកម្មភាព​គោលដៅ និង ការ​សម្របសម្រួល គឺ​ចាំបាច់​ណាស់ ក៏​ប៉ុន្តែ​លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់ រក្សា​ទីផ្សារ​កសិកម្ម​បើកចំហ មិន​បង្កើន​ការ​ស្តុក​ទុក  និង មិន​ដាក់​កំហិត​ការ​នាំ​ចេញ ដែល​មិន​សម​ហេតុផល​លើ​វិស័យ​កសិកម្ម ផលិតផល ឬ សារធាតុចិញ្ចឹម​ផ្សេង​ៗ​។

បន្ថែម​ពីលើ​បញ្ហា​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​អង្គការសហប្រជាជាតិ​ឯណោះ​វិញ ក៏​បាន​ព្រមាន​ដែរ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ២០ លាន​នាក់​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ភាព​អត់ឃ្លាន​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ប្រទេស​អាហ្វ្រិក​ខាងលិច​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ស្បៀងអាហារ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន ដែល​បណ្តាល​មក​ពី​ជម្លោះ​តានតឹង គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​ប្រទេស​កេ​ន​យ៉ា សូ​ម៉ា​លី និង អេ​ត្យូ​ពី និង ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​លើ​តម្លៃ​ស្បៀងអាហារ និង​លទ្ធភាព​ទទួល​បាន​ស្បៀងអាហារ​មិន​គ្រប់គ្រាន់​ជាដើម​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ កាលពី​ថ្ងៃ​ទី ១៩ ខែមេសា ក៏​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​របស់​ខ្លួន​សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​នេះ ជិត​មួយ​ភាគរយ​ផង​ដែរ ដោយ​បាន​លើក​ហេតុផល​ឡើង មក​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង បាន​ព្រមាន​ថា អតិផរណា​កើនឡើង គឺ​កំពុង​បង្ក​ការ​គ្រោះថ្នាក់​ជា​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​សម្រាប់​ប្រទេស​ជា​ច្រើន​។

គួរ​ជម្រាប​ថា អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​បន្ទាប​ការ​ព្យាករណ៍​ជា​លើក​ទី​ពីរ​ហើយ នៅ​ក្នុងឆ្នាំនេះ ដោយ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​សកលលោក​មក​នៅ​ត្រឹម ៣,៦% ប៉ុណ្ណោះ​ទាំង​នៅ​ក្នុង​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ ដោយសារ​តែ​បញ្ហា​ដែល​បណ្តាល​មក​ពី​ផល​ប៉ះពាល់​លើ​សង្គ្រាម​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន និង​ការ​រីក​រាលដាល​ជំងឺ​កូ​វីត ១៩ ជាស​កល​។

IMF ក៏​បាន​ប៉ាន់​ប្រមាណ​ដែរ​ថា GDP របស់​ប្រទេស​អ៊ុយ​ក្រែ​ន អាច​នឹង​ដាំ​ក្បាល​ចុះ ដល់​ទៅ ៣៥% នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ខណៈ​ដែល​សេដ្ឋកិច្ច​រុ​ស្ស៊ី​វិញ ក៏​អាច​នឹង​ដាំ​ក្បាល​ចុះ ៨,៥%​ផង​ដែរ​៕

អត្ថបទ៖ វ៉ា​ន់ ស្រី​រ័​ត្ន 

None



អត្ថបទបន្ទាប់


IMF ថាអាចផ្ដល់កម្ទីឱ្យប្រទេសស្រីលង្កា ប៉ុន្តែត្រូវតែធានាសងបំណុលឱ្យបានទៀងទាត់

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ការពិភាក្សាជាមួយប្រទេសស្រីលង្កា ពីកម្មវិធីផ្ដល់កម្ចីប្រកបដោយសក្តានុពលរបស់មូលនិធិ IMF កំពុងស្…

សង្គ្រាមអ៊ុយក្រែនធ្វើឲ្យការនាំចេញរបស់ប្រទេសនៅអាស៊ីទៅកាន់រុស្ស៊ីដាំក្បាលធ្លាក់ចុះខ្លាំង

ការនាំចេញផលិតផលពីបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមីនាកន្លងទៅនេះ ដែលបង្ហាញពីផលប៉ះព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ